កង្វះជាតិដែក ឬជំងឺស្លេកស្លាំងដោយខ្វះជាតិដែក អាចកើតឡើងដោយសារតែការស្រូបយកជាតិដែកមិនគ្រប់គ្រាន់ និងការកើនឡើងនៃតម្រូវការជាតិដែកប្រចាំថ្ងៃ។ ចំពោះក្មេងដែលខ្វះជាតិដែក អាចមានរោគសញ្ញាជាច្រើន។ យ៉ាងណាមិញ បញ្ហាគេងមិនលក់ដែលទាក់ទងនឹងកង្វះជាតិដែកមិនកើតមានជាទូទៅឡើយ។
ហេតុអ្វីជាតិដែកមានសារសំខាន់ចំពោះមនុស្សយើង?
រាងកាយមនុស្សយើងត្រូវការជាតិដែកសម្រាប់ហេតុផលជាច្រើន រួមទាំងការបញ្ជូនអុកស៊ីសែនទៅក្នុងចរន្តឈាម ការផ្ទុកអុកស៊ីសែន និងការប្រើប្រាស់ជាលិកាសាច់ដុំ ព្រមទាំងការបង្កើតសារធាតុម្យ៉ាងដែលមានឈ្មោះថាអង់ស៊ីម ដែលជួយដល់ការរំលាយអាហារ ក៏ដូចជាដើរតួនាទីសំខាន់ៗដទៃទៀត។ ជាទូទៅ កុមារមានតម្រូវការជាតិដែកខ្ពស់ ដែលជាលទ្ធផលនៃការលូតលាស់របស់រាងកាយ ហើយទារក និងក្មេងអាយុចាប់ពី២ទៅ៣ឆ្នាំ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកកង្វះជាតិដែក។ រីឯក្មេងស្រីជំទង់ ក៏មានហានិភ័យនៃការកើតមានកង្វះជាតិដែកនេះដែរ។
រោគសញ្ញានៃកង្វះជាតិដែក
ប្រសិនបើកុមារប្រឈមនឹងបញ្ហាកង្វះជាតិដែកនេះ ពួកគេច្រើនតែមានអាការៈខ្សោយ ហត់ ស្បែកស្លេកស្លាំងខុសប្រក្រតី ឈឺក្បាល អស់កម្លាំង ឈឺអណ្ដាត និងចំណង់អាហារធ្លាក់ចុះជាដើម។ បន្ថែមពីនេះ ពួកគេអាចមានក្រចកផុយស្រួយ ឬលាមកមានឈាម។ ជាមួយគ្នានេះដែរ ក្មេងដែលមានបញ្ហាកង្វះជាតិដែក អាចមានបញ្ហាក្នុងការអភិវឌ្ឍជំនាញដែលពាក់ព័ន្ធនឹងការរៀនសូត្រ ព្រមទាំងការប្រាស្រ័យទាក់ទងក្នុងសង្គម។ នៅក្នុងករណីដែលក្មេងមានបញ្ហាកង្វះជាតិដែកតិចតួច ពួកគេអាចពុំមានរោគសញ្ញាអ្វីទាំងអស់។
មូលហេតុដែលគេងមិនលក់
ចំពោះមូលហេតុចម្បងដែលនាំឲ្យក្មេងគេងមិនលក់ អាចបណ្ដាលមកពីការកើតមិនគ្រប់ខែ ឬផលវិបាកនៃការសម្រាល រោគចុកពោះ ការច្រាលអាស៊ីតក្រពះ បរិយាកាសគេងមិនល្អ សំលៀកបំពាក់គេងមិនស្រួល ការឈឺចាប់ផ្សេងៗដូចជាហ្គាសក្នុងពោះ និងឈឺត្រចៀក។ បញ្ហាដទៃផ្សេងទៀតដូចជាគេងបាត់ដង្ហើម ភាពតានតឹងនៅក្នុងគ្រួសារ ការបែកបាក់គ្នា ការយល់សប្តិអាក្រក់ លេចនោមដាក់ពូក មមើដើរ សង្កៀរធ្មេញ ឬភ្ញាក់ពីគេងនៅពេលយប់ជាដើម។
[embed-health-tool-vaccination-tool]