នៅពេលដែលក្មេងអាយុចាប់ពី៤ឆ្នាំឡើង នោមញឹកញាប់នៅពេលថ្ងៃ ពួកគេអាចនឹងមានបញ្ហាពិបាកនោម ។ បញ្ហានេះកើតមានឡើងជាទូទៅ និងអាចបណ្ដាលមកពីការទប់នោម លេចនោម ឬហៀរនោមមិនឈប់ជាដើម។ ពិតណាស់ អាការៈពិបាកនោមនេះអាចជះឥទ្ធិពលដល់កុមារទាំងរាងកាយ និងផ្លូវចិត្តផងដែរ ហើយប្រសិនបើពុំមានការព្យាបាលទេនោះ វាអាចបណ្ដាលឲ្យក្មេងខូចតម្រងនោមជារៀងរហូតទៅថ្ងៃក្រោយបាន។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីសង្កេតមើលសញ្ញាមួយចំនួនដែលបញ្ជាក់ថា ក្មេងកំពុងតែជួបបញ្ហាពិបាកនោម ដើម្បីឲ្យពួកគេទទួលបានព្យាបាលបានទាន់ពេលវេលា។
១. មានអារម្មណ៍ចង់នោមជាប់ជានិច្ច ទោះបីជាប្លោកនោមមិនទាន់ពេញ
កុមារដែលមានប្លោកនោមសកម្មជ្រុល អាចមានអារម្មណ៍លេចនោមមិនឈប់ ដែលតម្រូវឲ្យពួកគេត្រូវចូលបន្ទប់ទឹកជារៀងរាល់ម៉ោង ឬច្រើនជាងនេះ។ ភាគច្រើន ក្មេងដែលមានបញ្ហានេះ នឹងរាន់នោមជាប់ជាប្រចាំ ហើយខ្លះទៀតអាចវិវត្តទៅជាជំងឺរលាកផ្លូវទឹកនោម។ អាការៈ ប្លោកនោមសកម្មជ្រុលនេះ ត្រូវធ្វើការព្យាបាលវិបត្តិអាកប្បកិរិយា ហើយពេលខ្លះក៏តម្រូវឲ្យប្រើប្រាស់ថ្នាំ ដើម្បីកាត់បន្ថយអារម្មណ៍ចង់នោមនេះដែរ។
២. ប្លោកនោមនៅតែពេញ ទោះបីនោមរួច
ជាមួយគ្នានេះដែរ សាច់ដុំដែលគ្រប់គ្រងលំហូរទឹកនោមចេញពីរាងកាយ មិនសម្រាកទាំងស្រុងឡើយ ហើយប្លោកនោមក៏មិនអាចបញ្ចេញទឹកនោមអស់ទាំងស្រុងដែរ។ កត្តានេះអាចបណ្ដាលឲ្យកើតមានរោគសញ្ញាជាច្រើនដូចជាលេចនោមដាក់ខោ នៅពេលថ្ងៃ និងពេលយប់ ប្លោកនោមពេញរហូត និងរាន់នោម។ ចំពោះកុមារដែលប្រឈមនឹងស្ថានភាពនេះ អាចមានហានិភ័យខ្ពស់ក្នុងការបង្ករោគនៅតម្រងនោម។
៣. នោមតិចជាង៣ដងក្នុងមួយថ្ងៃ
ចំពោះកុមារដែលមានប្លោកនោមអសកម្មជ្រុល អាចទ្រាំបាន៦ ទៅ៨ម៉ោងដោយមិននោមសោះ។ នៅពេលខ្លះ ក្មេងទាំងនេះត្រូវប្រឹងនោម ពីព្រោះសាច់ដុំប្លោកនោមក្លាយទៅជាខ្សោយដោយសារតែលាតសន្ធឹងជ្រុលពេក ហើយមិនអាចឆ្លើយតបទៅនឹងសញ្ញារបស់ខួរក្បាលអំពីពេលវេលាដែលត្រូវនោមបាន។ ការលេចនោមដាក់ខោ នៅពេលដែលប្លោកនោមអសកម្មជ្រុល បណ្ដាលមកពីប្លោកនោមពេញពេក និងហៀរចេញ។ ប៉ាម៉ាក់គប្បីឲ្យកូនទៅនោមរៀងរាល់ពីរបីម៉ោងម្ដង ទោះបីជាពួកគេមិនឈឺនោមក៏ដោយ ពីព្រោះវាអាចជួយឲ្យប្លោកនោមរបស់ក្មេងមិនលាតសន្ធឹងជ្រុល ព្រមទាំងអាចជួយជួសជុលសាច់ដុំរបស់ក្មេងឡើងវិញផងដែរ។
៤. ទល់លាមកញឹកញាប់ និងលេចនោមនៅពេលថ្ងៃ
ភាគច្រើន កុមារដែលមានបញ្ហាពិបាកនោម ច្រើនតែកើតមានអាការៈទល់លាមក ឬពោះវៀនមិនដំណើរការ។ នៅក្នុងករណីជាច្រើន នៅពេលដែលការទល់លាមកត្រូវបានព្យាបាលជាសះស្បើយ រោគសញ្ញានៃប្លោកនោមរបស់ក្មេងក៏នឹងប្រសើរឡើងវិញដូចគ្នាដែរ។
៥. នោមដាក់ពូកនៅពេលយប់ និងមានលេចលាមក
បន្ថែមពីនេះ ការនោមដាក់ពូកនៅពេលយប់ អាចបញ្ជាក់បានថាកុមារមានសរីរាង្គរបស់ប្រព័ន្ធទឹកនោមខុសប្រក្រតី ហើយពួកគេអាចមានលេចលាមកថែមទៀតផង។ នៅពេលដែលសញ្ញាទៅកាន់ប្លោកនោមត្រូវបានរាំងស្ទះ សរសៃប្រសាទដូចគ្នាដែលគ្រប់គ្រងការបន្ទោរបង់ ក៏អាចរងការប៉ះពាល់ ដែលធ្វើឲ្យក្មេងពិបាកក្នុងការទប់លាមក។
[embed-health-tool-vaccination-tool]