backup og meta

​មូលហេតុ​អ្វី​ទើប​ក្មេង​និយាយកុហក? ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 27, 2021

    ​មូលហេតុ​អ្វី​ទើប​ក្មេង​និយាយកុហក? ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ពិត​ណាស់​ នៅ​ពេល​កូន​ចាប់ផ្ដើម​ចេះ​និយាយ​កុហក​ ប៉ា​ម៉ាក់​ច្បាស់​ជា​ពិបាក​ចិត្ត​មិន​ខាន ហើយ​ប្រសិនបើ​ប៉ា​ម៉ាក់​មិន​ប្រញាប់​អប់រំ​កូន​តាំង​ពី​ក្មេង​ទេ​នោះ​ ពួក​គេ​អាច​នឹង​បន្ត​ទម្លាប់​មិន​ល្អ​មួយ​​នេះ​ រហូត​ដល់​​ពេល​ដែល​ខ្លួន​ពេញ​វ័យ​​ទៀត​ផង​​។​

    ហេតុ​អ្វី​ទើប​ក្មេង​ចេះ​និយាយកុហក​?

    ក្មេង​ៗ​អាច​កុហក​ ​ក្រោម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​៖

    • បិទបាំង​រឿង​រ៉ាវ​មួយ​ចំនួន​ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​
    • ​ចង់​ដឹង​ថា​ប៉ា​ម៉ាក់​នឹង​ឆ្លើយតប​បែប​ណា​
    • បង្កើត​រឿង​ឲ្យ​កាន់​តែ​រំភើប​
    • ទទួល​បទ​ពិសោធន៍​ ដោយ​​​ធ្វើ​ពើ​ថា​រឿង​ដែល​កើត​ឡើង​គឺ​ជា​ការ​ពិត​
    • ទទួល​បាន​ចំណាប់​អារម្មណ៍​
    • ដើម្បី​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន​
    • ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ឈឺ​ចាប់​ ជា​ការ​កុហក​ក្នុង​គោលបំណង​ល្អ​

    ​នៅ​ពេល​ណា​​ក្មេង​ចាប់ផ្ដើម​ចេះ​កុហក​?

    ជា​ទូទៅ​ ​កុមារ​ចាប់ផ្ដើម​​ចេះ​និយាយ​កុហក​តាំង​ពី​នៅ​វ័យ​ក្មេង​ គឺ​ប្រហែល​នៅ​អាយុ​៣​ឆ្នាំ​។​ នៅ​វ័យ​នេះ​ ក្មេង​ចាប់ផ្ដើម​ដឹង​ថា​ប៉ា​ម៉ាក់​មិន​អាច​ទាយ​ចិត្ត​កូន​ត្រូវ​ឡើយ​ ដូច្នេះ​ហើយ​ ពួក​គេ​អាច​និយាយ​រឿងរ៉ាវ​ដែល​មិន​ពិត​ ដោយ​យើង​មិន​អាច​ដឹង​បាន​។

    ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ចាប់ផ្ដើម​កុហក​កាន់​តែ​ច្រើន​នៅ​អាយុ​៤​ទៅ​៦​ឆ្នាំ​។​ ពួក​គេ​អាច​និយាយ​កុហក​កាន់​តែ​ឈ្លាសវៃ​ជាង​មុន​ ដោយ​ការ​បង្ហាញ​ទឹក​មុខ​ និង​​បញ្ចេញ​សំឡេង​បាន​ល្អ​។ ប្រសិនបើ​ប៉ា​ម៉ាក់​ឲ្យ​កូន​ពន្យល់​ពី​អ្វី​ដែល​ពួក​គេ​និយាយ ​ពួក​គេ​​នឹង​សារភាព​កំហុស​។

    នៅ​ពេល​ដែល​កុមារ​កាន់​តែ​ធំ​ទៅ​ ពួក​គេ​អាច​និយាយ​កុហក​ដោយ​ជោគជ័យ​ ដែល​ប៉ា​ម៉ាក់​មិន​អាច​ដឹង​បាន​ ហើយ​ការ​កុហក​នេះ​នឹង​កាន់​តែ​ស្មុគស្មាញ​ជាង​មុន​ ពីព្រោះ​កូន​មាន​ពាក្យ​កាន់​តែ​ច្រើន​ ក៏​ដូចជា​យល់​ដឹង​បាន​ប្រសើរ​ជាង​មុន​ អំពី​អ្វី​ដែល​​អ្នក​ដទៃ​គិត​។

    លើក​ទឹក​ចិត្ត​ឲ្យ​កូន​និយាយ​ការ​ពិត​

    នៅ​ពេល​ដែល​ក្មេង​​មាន​វ័យ​សម​ល្មម​ដែល​អាច​យល់​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ការ​ពិត​ និង​មិន​ពិត​ វា​គឺ​ជា​ពេល​វេលា​ដ៏​ស័ក្ដិសម​ក្នុង​ការ​លើក​ទឹក​ចិត្ត​ និង​គាំ​ទ្រ​ឲ្យ​ពួក​គេ​និយាយ​ការ​ពិត​។

    ប៉ា​ម៉ាក់​អាច​លើក​ទឹក​ចិត្ត​កូន​​ ដោយ​ការ​សង្កត់​ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​ភាព​ស្មោះត្រង់​នៅ​ក្នុង​គ្រួសារ​ និង​ជួយ​កូន​ឲ្យ​យល់​ដឹង​​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ ប្រសិនបើ​ពួក​គេ​និយាយ​កុហក​។

    តិចនិក​មួយ​ចំនួន​ដែល​ប៉ា​ម៉ាក់​អាច​អនុវត្ត​បាន​៖

  • ជជែក​ជាមួយ​កូន​អំពី​ការ​និយាយ​កុហក​ និង​ការ​ពិត ក៏​ដូចជា​លើក​យក​ឧទាហរណ៍​ ដើម្បី​ឲ្យ​កូន​បាន​យល់​ច្បាស់​ ដូចជា​ ប្រសិនបើ​កូន​កុហក​អ្នក​គ្រូ​ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​។
  • ​ជួយ​កូន​ឲ្យ​ជៀសវាង​ពី​ស្ថានភាព​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​ចាំបាច់​ត្រូវ​និយាយ​កុហក​។​

    ឧទាហរណ៍៖ ប្រសិនបើ​​យើង​សួរ​កូន​ ថា​តើ​ពួក​គេ​មាន​​ធ្វើ​ឲ្យ​កំពប់​ទឹក​ទឹក​គោ​ឬ​អត់​? ពួក​គេ​អាច​នឹង​មាន​អារម្មណ៍​ថា​​ត្រូវ​និយាយ​កុហក។​

  • ​សរសើរ​កូន​ នៅ​ពេល​ដែល​ពួក​គេ​ចេះ​សារភាព​កំហុស​។
  • ធ្វើ​ជា​គំរូ​ដល់​កូន​ក្នុង​ការ​និយាយ​ការ​ពិត​។
  • ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា​​ នៅ​ពេល​​កូន​មាន​ចេតនា​និយាយ​កុហក?​​​​​

    ​ប្រសិនបើ​កុមារ​និយាយ​កុហក​​ដោយ​ចេតនា​ ជំហាន​ដំបូង​គឺ​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ថា​ ការ​និយាយ​កុហក​គឺ​ជា​ទង្វើ​មិន​ល្អ​ឡើយ​។​ យ៉ាង​ណា​មិញ​ កូន​ក៏​ចាំបាច់​ដឹង​ថា​ ហេតុ​អ្វី​បាន​ជា​ការ​និយាយ​កុហក​គឺ​ជា​រឿង​មិន​ល្អ​។ ដូច​នេះ​ ជំហាន​បន្ទាប់​ ប៉ា​ម៉ាក់​ចាំបាច់​​ត្រូវ​លើក​ឡើង​ពី​ផលវិបាក​ដែល​អាច​កើត​ឡើង​ពី​ការ​កុហក​នេះ​។​

    ក្មេងកុហក

    គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​​ការ​កុហក​របស់​កូន​៖

    • ចូរ​និយាយ​ជាមួយ​កូន​ដោយ​ស្ងប់​អារម្មណ៍​ និង​ពន្យល់​ពួក​គេ​ឲ្យ​យល់​ដឹង​ពី​អារម្មណ៍​យើង​។​ បន្ថែម​ពី​នេះ​ យើង​គប្បី​ណែនាំ​​កូន​ថា​ ការ​កុហក​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប៉ា​ម៉ាក់​ និង​កូន​ ហើយ​គ្រួសារ​ ក៏​ដូចជា​មិត្តភ័ក្ដិ​អាច​នឹង​ឈប់​ទុក​ចិត្ត​ពួក​គេ​ត​ទៅ​ទៀត​។
    • ចូរ​ប្រាប់​កូន​ជានិច្ច​ នៅ​ពេល​ដែល​​យើង​ដឹង​ថា​ពួក​គេ​និយាយ​កុហក​។​ ប៉ុន្តែ​ប៉ា​ម៉ាក់​គប្បី​ជៀសវាង​សួរ​កូន​គ្រប់​ពេល​ ថា​តើ​ពួក​គេ​និយាយ​​ជា​ការ​ពិត​ដែរ​ឬ​យ៉ាង​ណា​។​ លើស​ពី​នេះ​ ជៀសវាង​ថា​ឲ្យ​កូន​ជា​មនុស្ស​កុហក​ ពីព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​ជឿ​ថា​ពួក​គេ​​ពិត​ជា​មនុស្ស​កុហក​ ដែល​នាំ​​ឲ្យ​កើត​មាន​ការ​កុហក​កាន់​តែ​ច្រើន​ឡើង​។
    • ប្រសិនបើ​កូន​កុហក​ ដើម្បី​ការពារ​អ្នក​ណា​ម្នាក់​ ឬ​ខ្លួន​ឯង​ ប៉ា​ម៉ាក់​ត្រូវ​ធានា​ថា​ ពួក​គេ​នឹង​មាន​សុវត្ថិភាព​ នៅ​ពេល​ដែល​ពួក​គេ​និយាយ​ការ​ពិត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម