ភ្នែក ជាកន្លែងងាយរងគ្រោះ ងាយឈឺបំផុត។ ញីភ្នែក ធូលីហុយចូល សាប៊ូកក់សក់ចូល សុទ្ធតែធ្វើឲ្យភ្នែករកាំ ឡើងឈឺក្រហម។ ជាពិសេស ក្មេងៗឲ្យតែមានអីចូលភ្នែកតិច គ្នាឧស្សាហ៍ញីភ្នែកណាស់។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីរបួសភ្នែក (ឈឺភ្នែក ក្រហមភ្នែក រមាស់ភ្នែក) ដែលក្មេងៗឧស្សាហ៍ជួប៖
១- ភ្នែករលាត់ (រលាត់កញ្ចក់ភ្នែក)
ការរលាត់ស្រទាប់ផ្ទៃភ្នែក ជាបញ្ហាកើតមានញឹកញាប់សម្រាប់របួស និងការប៉ះទង្គិចភ្នែក។ ស្ថានភាពនេះបង្កឡើង ពេលផ្ទៃភ្នែកត្រូវចាក់រុក ឬកោសដោយរបស់អ្វីមួយពីខាងក្រៅ ដូចជា មែកឈើ ឬក្រចកដៃ។ ការដាច់រហែកស្រទាប់កញ្ចក់ភ្នែក ក៏អាចមានប្រភពចេញមកពីសកម្មភាពញីភ្នែក ពេលមានធូលី ខ្សាច់ ឬភាគល្អិតមុតស្រួច ហើរចូលក្នុងភ្នែកផងដែរ។
២- វត្ថុពីខាងក្រៅចូល ឬកប់ក្នុងភ្នែក
ការមុតដោយអំបែងកញ្ចក់តូចៗ ឬវត្ថុផ្លោងខ្ទាតចេញពីឧបករណ៍ដើរដោយថាមពលណាមួយ អាចចូលក្នុងភ្នែក ហើយចាក់ទម្លុះជ្រៀតចូលផ្ទៃភ្នែក។ ករណីនេះ វត្ថុនោះ អាចជាប់ស្ទះនៅក្នុងកញ្ចក់ភ្នែក ទៀតផង។
៣- ហើមភ្នែក
ការបុក ឬវាយប៉ះទៅលើភ្នែកដោយសារគ្រោះថ្នាក់ ដូចជា បាល់ប៉ះ ឬការវាយតប់គ្នា ប៉ះដោយកណ្តាប់ដៃ ឬកែងដៃ អាចធ្វើឲ្យជាលិកាឈាមក្រោមផ្ទៃស្បែកបែកបាន ហើយបណ្តាលឲ្យភ្នែកប្រែក្លាយជាឡើងជាំ និងហើម។ ថ្វីបើស្ថានភាពនេះ អាចព្យាបាលជាសះស្បើយ ដោយគ្រាន់តែស្អំសង្កត់ជាមួយរបស់ត្រជាក់ៗក្តី យកល្អ ត្រូវនាំក្មេងទៅពិនិត្យតាមបែបវេជ្ជសាស្ត្រ ដើម្បីធានាថា គ្មានការខូចខាតខាងក្នុង ដូចជា ដក់ខ្ទាំឈាមក្នុងភ្នែក ហូរឈាមខាងក្នុងផ្នែកខាងមុខភ្នែក សម្ពាធភ្នែកកើនខ្ពស់ និងបាត់បង់គំហើញដោយសារជំងឺទឹកដក់បាតភ្នែក ជាដើម បើទុកចោលដោយមិនបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលត្រឹមត្រូវ។
៤- ហូរឈាមនៅក្រោមថ្នក់ត្របកភ្នែក (ភ្នែកហូរឈាម)
នេះជាស្ថានភាពមួយផ្សេងទៀត អមមកជាមួយអាការៈភ្នែកជាំ សំដៅលើការជាំមានពណ៌ក្រហមច្រាល រាងអណ្តាតភ្លើងនៅលើផ្នែកពណ៌សរបស់គ្រាប់ភ្នែក ដែលភាសាបច្ចេកទេសហៅថា Sclera។ ហូរឈាមក្រោមថ្នក់ត្របកភ្នែក បង្កឡើងដោយសរសៃឈាមបែក ស្ថិតនៅចន្លោះរវាងថ្នក់ត្របកភ្នែក និងផ្នែកសរបស់គ្រាប់ភ្នែក។ ផ្ទុយទៅភិនភាគខាងក្រៅមើលទៅធ្ងន់ធ្ងរ ស្ថានភាពនេះ មិនទាមទារការព្យាបាលបែបវេជ្ជសាស្ត្រទេ ហើយតាមធម្មតា នឹងបាត់ទៅវិញដោយឯកឯងប្រមាណ ២-៣ សប្តាហ៍បន្ទាប់។
៥- រលាកដោយជាតិគីមី (សារធាតុកាត់នៅក្នុងភ្នែក)
សារធាតុអាស៊ីដ អាចបង្កការឈឺចាប់ និងក្រហមដ៏ខ្លាំងក្នុងភ្នែក។ សារធាតុអាល់កាឡាំង ថ្វីបើមិនបណ្តាលឲ្យមានការរោលរាលក្រហាយភ្នែកក្តី ប៉ុន្តែអាចបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងជាងនេះ។ សារធាតុអាល់កាឡាំង ឧស្សាហ៍ប្រទះជាញឹកញាប់ រួមមានផលិតផលសម្អាតផ្ទះ និងកម្ទេចដីស។
អត្ថបទពាក់ព័ន្ធ៖
គួរធ្វើម៉េចពេលកូនមានរបួសភ្នែក?
ការព្យាបាល អាស្រ័យលើប្រភេទរបួសភ្នែក អ្វីសំខាន់បំផុត ត្រូវស្វះស្វែងរកការព្យាបាលបន្ទាន់សម្រាប់កូន ក្រោយពីអនុវត្តវិធីសង្គ្រោះបឋមដូចខាងក្រោម៖
– បើភ្នែកកោសរលាត់ ឬមានវត្ថុចម្លែកពីក្រៅ កប់នៅខាងក្នុង ប្រាប់ក្មេងឲ្យរក្សាភ្នែកដោយបិទឲ្យជិត ហើយចងភ្ជាប់ស្បៃពីលើ។ កុំបាំងគ្របតំបន់ដែលរងរបួសតឹងពេក ដោយសារតំបន់ងងឹត ក្តៅឧណ្ហៗ និងមានសំណើម អាចធ្វើឲ្យបាក់តេរី និងផ្សិត ងាយលូតលាស់ បណ្តាលឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ត្រឹមរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។
– កុំព្យាយាមយកអ្វីមួយចេញពីភ្នែកក្មេង ឬញីភ្នែក ដែលសុទ្ធជាការដាក់សម្ពាធបន្ថែមលើរបួស កាន់តែវត្ថុនោះរុញចូលទៅជ្រៅក្នុងភ្នែកប៉ុណ្ណោះ ជាហេតុអាចបណ្តាលឲ្យមានស្លាកស្នាមធ្ងន់ធ្ងរ និងរបួសមិនងាយជា។
– កុំឲ្យកូនតក់ស្លុត ហើយបើអាច គ្របភ្នែកទាំងពីរ ដើម្បីបង្ការចលនាភ្នែក។
– បើកូនត្រូវធាតុគីមីជះសាចចូលក្នុងភ្នែក សូមដាក់ក្បាលកូននៅក្រោមចរន្តលំហូរទឹក (ទឹកគួរតែត្រជាក់ ឬសីតុណ្ហភាពធម្មតាតែប៉ុណ្ណោះ) ឲ្យបានប្រហែល ១០ នាទី។ ប្រាប់កូន ឬសុំនរណាម្នាក់ជួយបើកចំហភ្នែកក្មេង បែបនេះសារធាតុគីមី អាចត្រូវបានលាងជម្រះចេញបានច្រើន។ រាល់គ្រប់របួសភ្នែកទាំងអស់ បង្កឡើងដោយការប៉ះពាល់ជាតិគីមី ត្រូវតែពិនិត្យដោយពេទ្យភ្នែក លឿនបំផុតតាមដែលអាចធ្វើទៅបាន បន្ទាប់ពីបាញ់ទឹកលាងជម្រះរួច។ បើអាច សូមយកសម្បកផ្ទុកនៃសារធាតុនោះទៅជាមួយ ឬថតយករូបភាពធាតុផ្សំវា ដើម្បីជួយពេទ្យងាយធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវ។
[embed-health-tool-vaccination-tool]