ការដែលយើងត្រូវបង្រៀនឲ្យកូនៗ ធ្វើសកម្មភាពឲ្យបានច្រើន គឺជារឿងលំបាកមួយក្នុងសម័យស្មាតហ្វូនបច្ចុប្បន្ន។ ក្មេងសម័យឥឡូវចំណាយពេលច្រើនអង្គុយមួយកន្លែង ដូចជាមើលទូរទស្សន៍ លេងហ្គេម លេងអាយផែត ឬហ្វេសប៊ុក តិចតុកជាដើម។ មានការសិក្សាជាច្រើនបានបង្ហាញថា រាល់សកម្មភាពទាំងអស់នោះ គឺអាចបណ្ដាលឲ្យក្មេងៗមិនបានបញ្ចេញសកម្មភាពលើរាងកាយរបស់គេ។ ក្នុងនាមយើងជាប៉ាម៉ាក់ គួរតែព្យាយាមលើកទឹកចិត្ដកូនឲ្យធ្វើសកម្មភាពច្រើនជាងនេះ។
ពេលក្មេងធ្វើសកម្មភាព រាងកាយនឹងមានសុខភាពល្អ និងអាចឲ្យពួកគេមិនងាយឈឺដែរ។ ខាងក្រោមនេះ គុណសម្បត្ដិមួយចំនួនយើងទាំងអស់គ្នាគួរដឹង។
ពេលក្មេងធ្វើសកម្មភាពបានកាន់តែច្រើន ក៏អាចជួយដល់ការផ្ដោតអារម្មណ៍លើការសិក្សាបានប្រសើរដែរ។ លើសពីនេះក៏ជួយឲ្យក្មេងមានភាពជឿជាក់លើខ្លួនឯង។ ក្មេងៗនឹងទទួលបានគុណសម្បតិ្ដជាច្រើន ពេលគេហាត់ប្រាណជាប្រចាំ ប៉ុន្តែប៉ាម៉ាក់អាចជួយលើកទឹកចិត្ដកូនបន្ថែមតាមរបៀបដូចខាងក្រោម។
យើងអាចបែងចែកចេញជាបីដំណាក់កាល គឺ៖
ក. ក្មេងអាយុមុនចូលរៀន (Preschoolers)
ក្មេងៗក្នុងវ័យនេះ មានពេលលេងច្រើនក្នុងមួយថ្ងៃៗ។ យើងគួរតែបង្ហាត់កូនឲ្យចេះប្រើកម្លាំងដូចជា ឲ្យទាត់បាល់ បោះបាល់ លេងដេញចាប់ រៀនលោត ជិះកូនកង់ ឬរត់កាត់កន្លែងមានអ្វីរារាំងជាដើម។ រាល់ក្មេងក្នុងអាយុប៉ុននេះ គឺមិនទាន់យល់ច្បាស់ថាអ្វីជាវិន័យ មិនសូវយកចិត្ដទុកដាក់ មិនមានជំនាញ និងមិនទាន់អាចលេងកីឡាបានល្អនៅឡើយទេ។ ដូចនេះប៉ាម៉ាក់មិនគួរបង្រៀនឲ្យលេងកីឡាភ្លាមៗទេ យើងគួរបង្ហាត់អំពីមូលដ្ឋានគ្រឹះជាមុនសិន។
ខ. អាយុចូលរៀន
ក្មេងមានអាយុចន្លោះពី ៦ឆ្នាំ រហូតដល់ ១២ឆ្នាំ គឺរាប់ចូលក្នុងក្រុមក្មេងវ័យចូលរៀននេះ។ ក្មេងត្រូវការពេលមួយម៉ោងសម្រាប់លេងកីឡា និងហាត់ប្រាណជារៀងរាល់ថ្ងៃ។ ដោយសារក្មេងអាចចង់ជ្រើសយកសកម្មភាពត្រូវធ្វើ ដូចនេះយើងគួរជួយគេជ្រើសរើសយកសកម្មភាពណាដែលក្មេងចូលចិត្ដ និងចង់ធ្វើ។ ប៉ាម៉ាក់អាចពិភាក្សាគ្នាជ្រើសរើសសកម្មភាពឲ្យកូន ដូចជាបាល់ទះ បាល់បោះ ហាត់ក្បាច់គុណ ឬកីឡាជិះកង់ជាដើម។
គ. វ័យជំទង់
វ័យជំទង់ក៏មិនសូវខុសគ្នាជាមួយក្មេងពេកដែរ ក្មេងក្នុងវ័យនេះត្រូវការពេលមួយម៉ោងរៀងរាល់ថ្ងៃសម្រាប់លេងកីឡា និងលេងជាមួយមិត្ដភក្ដិ។ កូនអាចជ្រើសរើសកីឡាលេងបានច្រើន ទាំងនៅក្នុងសាលា និងពេលចេញពីសាលា។ ក្មេងៗដែលមានភាពសកម្ម ច្រើនចូលចិត្ដយ៉ូហ្កា និងជិះស្គី។ ប៉ុន្តែយើងត្រូវចាំថា រាល់សកម្មភាពទាំងអស់នោះ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ដើម្បីទទួលបានលទ្ធផលល្អ។
ប៉ាម៉ាក់ដើរតួសំខាន់សម្រាប់ក្មេងជំទង់ គឺយើងត្រូវបង្កើតបរិយាកាសល្អសម្រាប់កូន ដោយអាចទិញរបស់ចាំបាច់ឲ្យកូន ដូចជាកង់ ឬឧបករណ៍ហាត់កីឡាផ្សេងៗ។ សម្រាប់សកម្មភាពមួយចំនួន កូនត្រូវការសម្លៀកបំពាក់ល្អ និងត្រូវគ្នាជាមួយសកម្មភាពទាំងនោះ មានដូចជា ខោអាវ និងស្បែកជើងល្អ ធ្វើឲ្យមានភាពជឿជាក់ពេលជិះកង់ ហែលទឹក ឬទៅក្លឹមហាត់ប្រាណជាដើម។
មិនថាក្មេងចូលចិត្ដការហាត់ប្រាណបែបណាឡើយ តែសុទ្ធតែអាចទទួលបានផលប្រយោជន៍ ប្រសិនបើក្មេងហាត់បានត្រឹមត្រូវ។ ឪពុកម្តាយគ្រប់រូប ចាំបាច់ត្រូវឈរពីក្រោយផ្ដល់កម្លាំងចិត្ដឲ្យកូន។ ពេលក្មេងជ្រើសរើសសកម្មភាពទាំងនេះ ជាទម្លាប់របស់ក្មេងតាំងពីនៅក្មេងវ័យបែបនេះ លុះធំឡើងនឹងមិនបោះបង់ចោល ហើយនឹងបន្តធ្វើជារៀងរាល់ថ្ងៃរហូតដល់វ័យចំណាស់ទៀតផង។