ម៉ាក់ប៉ាគ្រប់រូបតែងតែចង់បានកូនដែលមានសុខភាពល្អ ដូចនេះទើបខំប្រឹងថែទាំកូនតាំងពីពេលនៅក្នុងពោះរបស់ម្ដាយមកម្ល៉េះ ប៉ុន្តែមានក្មេងមួយចំនួនក៏ជួបបញ្ហាជំងឺពីកំណើត ដូចជាជំងឺកង្វះអង់ហ្ស៊ីមជាដើម។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសផ្នែករោគកុមារ បានបកស្រាយឲ្យដឹងថា ជំងឺកង្វះអង់ហ្ស៊ីមដែលផលិតចេញពីថ្លើម ឬគេហៅថាអង់ហ្ស៊ីម G6PD ជាជំងឺពីកំណើត ដែលពេទ្យអាចដឹងបានតាមរយៈការជោះកែងជើងរបស់ទារកក្រោយពេលកើត។ “ការដែលទារកមានជំងឺកង្វះអង់ហ្ស៊ីមនេះ គឺដោយសារតែកោសិកាថ្លើមរបស់ក្មេង មិនផលិតអង់ហ្ស៊ីមទាំងនោះចេញមក ដើម្បីជួយរំលាយអាហារ”។
លោកវេជ្ជបណ្ឌិតបម្រើការងារនៅមន្ទីរពេទ្យកុមារជាតិរូបនេះបន្តថា ក្នុងករណីពេទ្យពិនិត្យតេស្តឈាមក្មេង ហើយរកឃើញថាមានកើតជំងឺនេះ គឺមួយជីវិតរបស់ក្មេងគឺខ្វះអង់ហ្ស៊ីមរហូត ពោលបើកើតជំងឺកង្វះអង់ហ្ស៊ីមហើយ មិនអាចព្យាបាលជាបានទេ។ បើកូនមានជំងឺកង្វះអង់ហ្ស៊ីមនេះ ហើយម៉ាក់ប៉ាមិនចេះថែកូន បណ្ដោយឲ្យកូនញ៉ាំអាហារដែលពេទ្យហាមឃាត់ អាចបណ្ដាលឲ្យប៉ះពាល់ដល់កោសិកាគ្រាប់ឈាមក្រហម ខូចគ្រាប់ឈាមក្រហម ឬបែកគ្រាប់ឈាមក្រហមរបស់ក្មេង ធ្វើឲ្យកុមារនោះប្រឈមនឹងការកើតជំងឺស្លេកស្លាំងមួយទៀត ហើយការលូតលាស់របស់ក្មេងក៏មិនបានល្អដែរ។
ជាទូទៅ ក្មេងដែលមានជំងឺកង្វះអង់ហ្ស៊ីមល្មមៗ មិនមានចេញរោគសញ្ញាអីឲ្យដឹងទេ តែប្រសិនបើក្មេងមានជំងឺស្លេកស្លាំងដោយសារបែកគ្រាប់ឈាមក្រហមអាចចេញរោគសញ្ញាដូចជា៖
– ស្បែកមានសភាពស្លេកទៅៗ
– អត់កម្លាំងកំហែង ល្វើយៗ
– បេះដូងលោតញាប់
– ដកដង្ហើមលឿន ឬដកដង្ហើមបានខ្លីៗ
– ទឹកនោមមានពណ៌ក្រមៅ។
ផ្ទុយទៅវិញ លោកវេជ្ជបណ្ឌិតបានណែនាំឲ្យដឹងថា ប្រសិនជាដឹងថា កូនមានជំងឺកង្វះអង់ហ្ស៊ីម ហើយម៉ាក់ប៉ាធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយមានការតមអាហារមួយចំនួន ឬប្រភេទថ្នាំមួយចំនួនដែលអាចប៉ះពាល់ដល់កូន ដូចជា ពពួកសណ្ដែកជាដើម។ មធ្យោបាយល្អបំផុតក្នុងការថែទាំកុមារដែលមានបញ្ហាកង្វះអង់ហ្ស៊ីមនេះ គឺដាច់ខាតមិនត្រូវធ្វើអ្វីដែលអាចបង្កឲ្យរោគសញ្ញារើឡើងទើបជាការល្អ ហើយក្នុងករណីកូនមិនស្រួលខ្លាំងត្រូវយកកូនទៅជួបពេទ្យជំនាញភ្លាម។
[embed-health-tool-vaccination-tool]