ខ្វះជាតិទឹកអាចកើតមានពេលដែលរាងកាយប្រើប្រាស់ ឬបាត់បង់ជាតិទឹកច្រើនជាងបរិមាណដែលទទួលបាន។ បញ្ហាខ្វះជាតិទឹកអាចប៉ះពាល់ទៅលើមនុស្សគ្រប់គ្នារួមទាំងក្មេងអាយុ១-៣ឆ្នាំដែរ ហើយបញ្ហានេះអាចបង្កដោយអាការៈរាករូស ក្អួត ជំងឺ និងអាកាសធាតុក្ដៅ។ បញ្ហាខ្វះជាតិទឹកអាចប៉ះពាល់សុខភាពក្មេងធ្ងន់ធ្ងរ និងក្នុងករណីធ្ងន់ធ្ងរអាចស្លាប់បាន។
ក្មេងដែលក្អួត រាករូស និងមិនផឹកទឹក ឬញ៉ាំអ្វីសោះ ម៉ាក់ប៉ាគួរតាមដានរោគសញ្ញានៃការខ្វះជាតិទឹកព្រោះក្មេងអាចនឹងមានការលំបាកក្នុងទំនាក់ទំនងជាមួយម៉ាក់ប៉ាថាគេស្រេកទឹក។ ម៉ាក់ប៉ាក៏មិនចាំបាច់ចាំទាល់តែក្មេងស្រេកទឹកខ្លាំងមុននឹងឲ្យកូនផឹកទឹកទេ។ រោគសញ្ញាមួយចំនួននៃបញ្ហាខ្វះជាតិទឹករួមមាន៖
- នោមតិចជាងមុន
- ខោទឹកនោមស្ងួត ឬមិននោមច្រើនជាង៣ម៉ោង
- ពេលយំមិនមានទឹកភ្នែក
- ប្រេះបបូរមាត់ និងមាត់ស្ងួត
- ភ្នែកខូង
- ស្ពឹកស្រពន់ និងធ្វើសកម្មភាពតិច
- ងងុយគេង
- ដកដង្ហើមញាប់ៗ
- ចង្វាក់បេះដូងញាប់។
ក្នុងករណីមួយចំនួន ក្មេងខ្វះជាតិទឹកមកពីផឹកទឹកមិនគ្រប់គ្រាន់ ប៉ុន្តែពេលខ្លះក៏បង្កដោយការឆ្លងមេរោគ និងមានជំងឺផ្សេងៗ។ កត្តាដែលបង្កឲ្យមានបញ្ហាខ្វះជាតិទឹកទៅលើក្មេងមាន៖
- ផឹកទឹកមិនគ្រប់គ្រាន់
- រាករូស និងក្អួត
- ឆ្លងវីរុស ឬបាក់តេរី
- មានប៉ារ៉ាសិត
- បែកញើសខ្លាំងដោយសារគ្រុនក្ដៅ ឬអាកាសធាតុក្ដៅ
- គ្រុនក្ដៅ
- ជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម បញ្ហាពោះវៀន ជំងឺខូចជ្រាំងពោះវៀនតូច (Celiac disease) និងជំងឺស៊ីស្ទីកហ្វាយប្រូស៊ីស (Cystic fibrosis)
- ប្រតិកម្មនឹងថ្នាំ។
យ៉ាងណាមិញ ការដឹងពីកត្តាបង្កបញ្ហាខ្វះជាតិទឹក និងផ្តល់ទឹកដល់ក្មេងឲ្យបានត្រឹមត្រូវអាចបង្ការបញ្ហាខ្វះជាតិទឹកបាន។ ម៉ាក់ប៉ាអាចឲ្យកូនញ៉ាំទឹកអូរ៉ាលីតបើកូនក្អួត រាករូស និងបញ្ហាពីរោគសញ្ញាដំបូង និងឲ្យកូនផឹកទឹកឲ្យបានគ្រប់គ្រាន់រាល់ថ្ងៃ ជាពិសេសពេលកូនឈឺ ឬពេលអាកាសធាតុក្ដៅ។ ម៉្យាងទៀត ម៉ាក់ប៉ាគួរឲ្យទឹកធម្មតាទៅកូនជំនួសឲ្យភេសជ្ជៈមានជាតិស្ករ ព្រោះជាតិស្ករក្នុងអាហារ ឬភេសជ្ជៈអាចបណ្ដាលឲ្យខ្វះជាតិទឹក។
យ៉ាងណាមិញ ម៉ាក់ប៉ាគួរនាំកូនទៅជួបពេទ្យប្រសិនជាកូនមានរោគសញ្ញាដូចខាងក្រោម៖
- មិននោមច្រើនជាង៣ម៉ោង
- នោមញឹកជាងធម្មតា
- រាកយូរជាង២៤ម៉ោង
- មាត់ស្ងួត
- យំមិនមានទឹកភ្នែក
- លាមកមានឈាម
- គ្រុនក្ដៅចាប់ពី៣៨,៨អង្សាសេ
- ឈឺពោះ។
[embed-health-tool-vaccination-tool]