អាស៊ីដខ្លាញ់ជាប្រភេទខ្លាញ់ដែលចាំបាច់នៅក្នុងរបបអាហារ ព្រោះរាងកាយយើងមិនអាចផលិតអាស៊ីដខ្លាញ់ដោយខ្លួនឯងបានឡើយ។ ខ្លាញ់ទាំងនេះអាចជួយ៖
• បង្កើតកោសិកាថ្មី
• កែតម្រូវ និងគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទ
• ពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង
• បង្កើន និងពង្រឹងប្រព័ន្ធភាពស៊ាំ
• ជួយរាងកាយឲ្យស្រូបយកជីវជាតិចិញ្ចឹម
• ល្អសម្រាប់មុខងារខួរក្បាល និងភ្នែកភ្លឺល្អ។
អាស៊ីដខ្លាញ់រួមមានអូមេហ្គា-៦ (អាស៊ីដលីណូឡេអ៊ិច) និងអូមេហ្គា-៣ (អាស៊ីដលីណូលេណិច)។ ទាំងពីរគឺជាខ្លាញ់មិនឆ្អែតដែលមានសម្ព័ន្ធកាបូនច្រើនជាន់ដែលជួយបន្ថយជាតិកូឡេស្តេរ៉ូល កាត់បន្ថយការរលាក និងរក្សាបេះដូងឲ្យមានសុខភាពល្អ។ មនុស្សយើងសឹងគ្រប់គ្នាញ៉ាំខ្លាញ់អូមេហ្គា-៦ ច្រើនជាងខ្លាញ់អូមេហ្គា-៣។ អ្នកជំនាញមួយចំនួនបានយល់ឃើញថាអតុល្យភាពខ្លាញ់អូមេហ្គា-៦ ធៀបនឹងខ្លាញ់អូមេហ្គា-៣ អាចធ្វើឲ្យចុះថយដល់ប្រតិកម្មឆ្លើយតបរបស់ភាពស៊ាំ និងប្រតិកម្មឆ្លើយតបនឹងការរលាកនៅក្នុងរាងកាយ ហើយអាចនឹងមានជំងឺជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ ២។
អត្ថបទពាក់ព័ន្ធ៖
- ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូវចេះបំប៉នអាហារកូនបែបណា?
- បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ
- ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ?
- ខ្វះសារធាតុចិញ្ចឹមប៉ុន្មាននេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ
- មិនថាតែក្មេងតូចៗទេ កូនវ័យចូលរៀនក៏នៅតែអាចខ្វះជាតិដែកដែរ
អូមេហ្គា-៦ និងអូមេហ្គា-៣៖ សម្រាប់កុមារត្រូវការប៉ុន្មាន?
អាយុពី ១ ទៅ ៣ ឆ្នាំ៖
• ៧ ក្រាម នៃអូមេហ្គា-៦ ជារៀងរាល់ថ្ងៃ
• ០,៧ ក្រាម នៃអូមេហ្គា-៣ ជារៀងរាល់ថ្ងៃ
អាយុពី ៤ ទៅ ៨ ឆ្នាំ៖
• ១០ ក្រាម នៃអូមេហ្គា-៦ ជារៀងរាល់ថ្ងៃ
• ០,៩ ក្រាម នៃអូមេហ្គា-៣ ជារៀងរាល់ថ្ងៃ
ខ្លាញ់អូមេហ្គា-៦ តាមធម្មតាមានច្រើនរួចស្រេចនៅនៅក្នុងរបបអាហារ អ្វីដែលប៉ាម៉ាក់ត្រូវការផ្តោតទៅលើនោះគឺ ការធានាឲ្យប្រាកដថាកូនទទួលបានអូមេហ្គា-៣ គ្រប់គ្រាន់។ ខ្លាញ់អូមេហ្គា-៦ ជាច្រើនបានពីអាហារដែលកែច្នៃដែលមានផ្ទុកក្នុងប្រេងដូចជាប្រេងសណ្តែកសៀង។
នេះមិនមែនន័យថាកូនយើងចាំបាច់ត្រូវតែទទួលបានអាស៊ីដខ្លាញ់គ្រប់គ្រាន់ជារៀងរាល់ថ្ងៃនោះឡើយ។ ផ្ទុយមកវិញ យើងអាចផ្ដល់បរិមាណអាស៊ីដនេះតាមការណែនាំជាមធ្យមក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍វិញ។
ប្រភពល្អបំផុតអាស៊ីដខ្លាញ់
ប្រភពល្អអូមេហ្គា-៣ រួមមាន៖
• ១/៤ ពែងនៃគ្រាប់វ៉លណាត់ (walnut) ៖ ២ ២៩៣ មិល្លីក្រាម
• ១ ស្លាបព្រាបាយប៊័រសណ្តែកដីដែលមានបន្ថែមជីវជាតិចិញ្ចឹម៖ ៤ ៩៥០ មិល្លីក្រាម
• ១ ស្លាបព្រាកាហ្វេប្រេងគ្រាប់វ៉លណាត់ (walnut)៖ ៤៦៦ មិល្លីក្រាម
• ១ ស្លាបព្រាកាហ្វេប្រេងស្រូវសាឡី៖ ៣១០ មិល្លីក្រាម
• ១ ស្លាបព្រាកាហ្វេប្រេងសណ្តែកសៀង៖ ៣០០ មិល្លីក្រាម
• ១ ស្លាបព្រាកាហ្វេប្រេងកាណូឡា៖ ៤១១ មិល្លីក្រាម
• ស៊ុតមានបន្ថែមជីវជាតិចិញ្ចឹម (Fortified eggs) ១៖ ១០០ មិល្លីក្រាម
• ត្រីសាល់ម៉ុន ១ អោន (ជិត៣០ក្រាម)៖ ៤២៥ មិល្លីក្រាម
• សណ្តែកសៀង (ស្ងួត ឆ្អិន) ១/២ ពែង៖ ៥០០ មិល្លីក្រាម
• ស្ពៃខេល (kale) ឆ្អិន ១/២ ពែង៖ ១០០ មិល្លីក្រាម
យើងអាចស្វែងរកអាហារដែលត្រូវបានបន្ថែមចូលដោយអូមេហ្គា-៣ ដូចជាប៊័រធ្វើពីសណ្តែកដី ទឹកដោះ ទឹកដោះជូរ ទឹកក្រូច ប៊័រម៉ាហ្គារីន និងស៊ុត។ អូមេហ្គា-៣ ដែលផ្ទុកនៅខាងក្នុងនឹងប្រែប្រួលខុសប្លែកគ្នាជាមួយនឹងម៉ាកយីហោ ហេតុនេះសូមអានស្លាកឲ្យបានត្រឹមត្រូវ។ ប៉ាម៉ាក់ក៏គួរដឹងដែរថាស៊ុតបន្ថែមជីវជាតិចិញ្ចឹម(Fortified eggs) មួយគ្រាប់មានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា-៣ ចំនួន១០០ មិល្លីក្រាមឬលើសនេះ ក្នុងមួយគ្រាប់។
កុមារអាចនឹងបរិភោគបានច្រើនជាង ឬតិចជាងចំនួនដែលបានបង្ហាញបើគិតតាមអាយុ និងការឃ្លានអាហាររបស់ក្មេង។ យើងធ្វើការប៉ាន់ស្មានជីវជាតិចិញ្ចឹមដែលផ្ទុកខាងក្នុងអាហារទៅតាមនោះបាន។
មនុស្សយើងសឹងគ្រប់រូបទទួលបានលើសពីគ្រប់គ្រាន់នៃអូមេហ្គា-៦ (បានច្រើនពីប្រេងបន្លែ)។ ការជ្រើសរើសខ្លាញ់ដែលសម្បូរដោយអូមេហ្គា-៣ ធានាឲ្យបានថាកូនយើងទទួលបានខ្លាញ់នោះដូចគ្នា។ គ្រាន់តែមួយស្លាបព្រាកាហ្វេនៃប្រេងកាណូឡា មានផ្ទុកប្រហែលពាក់កណ្តាលនៃអូមេហ្គា-៣ ដែលកុមារសឹងគ្រប់រូបត្រូវការក្នុងមួយថ្ងៃ។
កូនយើងទំនងនឹងទទួលបានខ្លាញ់អូមេហ្គា-៦ ទាំងអស់ដែលគេត្រូវការពីអាហារកែច្នៃដែលមានផ្ទុកប្រេងផ្កាម្ជុល ផ្កាឈូករ័ត្ន ពោត និងសណ្តែកសៀង៖
• ១ ស្លាបព្រាកាហ្វេប្រេងផ្កាឈូករ័ត្ន៖ ២៩៦៦ មិល្លីក្រាម
• ១ ស្លាបព្រាកាហ្វេប្រេងពោត៖ ២៤០០ មិល្លីក្រាម
• ១ ស្លាបព្រាកាហ្វេប្រេងសណ្តែកសៀង៖ ២៣០០ មិល្លីក្រាម
ថ្វីបើអាស៊ីដខ្លាញ់មានសារៈសំខាន់ក្តី អ្នកជំនាញបានណែនាំថាកូនយើងមិនគួរទទួលបានអាស៊ីដខ្លាញ់ជាប្រចាំច្រើនពេកទេ។
[embed-health-tool-vaccination-tool]