ការទទួលបានជីវជាតិ ឬសារធាតិចិញ្ចឹមគ្រប់គ្រាន់ គឺជារឿងចាំបាច់ក្នុងការលូតលាស់របស់កុមារ ដែលនេះហើយបានជាប៉ាម៉ាក់ត្រូវដឹងពីតម្រូវការដែលកូនយើងត្រូវការដើម្បីធំធាត់ដោយមានសុខភាពល្អ។ អត្ថបទនេះនឹងណែនាំប៉ាម៉ាក់វីតាមីន និងសារធាតុចិញ្ចឹម សំខាន់មួយចំនួនគួរតែមានក្នុងរបបអាហារកូនដើម្បីអាចជួយឲ្យលូតលាស់បានល្អ។
១- កាល់ស្យូម
កាល់ស្យូមជួយឲ្យឆ្អឹងនិងធ្មេញរឹងមាំ ជួយជំរុញប្រព័ន្ធប្រសាទ និងមុខងាររបស់សាច់ដុំ បង្កើនកំណកឈាម និងជួយឲ្យរាងកាយបំប្លែងអាហារទៅជាថាមពល។ ជាតិកាល់ស្យូមសម្បូរជាពិសេសនៅក្នុង ទឹកដោះ ឈីស យ៉ាអួ តៅហ៊ូ និងទឹកក្រូចដែលបន្ថែមជាតិកាល់ស្យូម។
២- អាស៊ីដខ្លាញ់ពិសេស (Essential fatty acids – EFAs)
អាស៊ីដខ្លាញ់ពិសេស អាចជួយសាងសង់កោសិកា គ្រប់គ្រងប្រព័ន្ធប្រសាទ ពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង សាងសង់ប្រព័ន្ធភាពស៊ាំ និងជួយឲ្យរាងកាយស្រូបជីវជាតិផ្សេងទៀតកាន់តែងាយស្រួល។ សារធាតុនេះសំខាន់ណាស់ ចំពោះខួរក្បាល និងភ្នែក ដើម្បីឲ្យសរីរៈទាំងពីរនេះដំណើរការល្អ។ អាស៊ីដខ្លាញ់ពិសេសពីរដែលសំខាន់ គឺ លីណូឡេអ៊ិកអាស៊ីដ (Linoleic acid) ឬហៅថា អូមេហ្គា ៦ (omega-6) និង អាល់ហ្វា លីណូឡេនិក អាស៊ីដ (alpha-linolenic acid) ឬហៅថា អូមេហ្គា ៣ ។ អូមេហ្គា ៣ អាចរកឃើញមាននៅក្នុង គ្រាប់ផ្កា Flax គ្រាប់ល្ពៅ សណ្ដែកសៀង និងផលិតផលពីសណ្ដែកសៀង ដូចជាតៅហ៊ូ និងនំ តំប៉េ (Tempeh – នំម្យ៉ាងធ្វើពីសណ្ដែកសៀង)។ ឯអាស៊ីដខ្លាញ់ អូមេហ្គា ៦ អាចរកឃើញភាគច្រើននៅក្នុង គ្រាប់ធញ្ញជាតិ គ្រាប់រុក្ខជាតិ បន្លែ និងផលិតផលពីទឹកដោះគោ។
ជាតិដែក គឺសំខាន់ចំពោះការផលិតជាតិអេម៉ូក្លូប៊ីន ដែលជាសារធាតុពណ៌ក្រហមនៅក្នុងឈាមមាននាទីជាអ្នកដឹកអុកស៊ីសែន និងមីយូក្លូប៊ី (Myoglobin) ជាតិពណ៌ដឹកអុកស៊ីសែន នៅក្នុងសាច់ដុំ។ ការខ្វះជាតិដែកធ្វើឲ្យក្មេងមានជំងឺស្លេកស្លាំង ដែលបណ្ដាលឲ្យខ្សោយ អស់កម្លាំង និងឈឺចាប់។ ប្រភពនៃជាតិដែក អាចរកមាននៅក្នុងសាច់ក្រហមមិនជាប់ខ្លាញ់ សាច់មាន់ និងបង្គា ហើយក៏មានផងដែរក្នុងផលិតផលដែលមិនផលិតពីសាច់ មានដូចជា សណ្ដែកសៀង គ្រាប់ធញ្ញជាតិ សណ្ដែកដី និងសណ្ដែកឡងទី (Lentils)។
ម៉ាញេស្យូម ជួយឲ្យរក្សាឆ្អឹងឲ្យនៅតែរឹងមាំ និងធ្វើឲ្យចង្វាក់បេះដូងដើរធម្មតា ភ្ញោចប្រព័ន្ធប្រសាទ និងជួយថែរក្សាសាច់ដុំ និងមុខងារប្រព័ន្ធប្រសាទ។ ជាតិម៉ាញេស្យូម អាចរកបាននៅក្នុងអង្កសម្រូប (brown rice) តៅហ៊ូ សណ្ដែក គ្រាប់អាល់ម៉ុន គ្រាប់ធញ្ញជាតិ និង Fibrous Cereals ។
ប៉ូតាស្យូមមាននាទីជួយគ្រប់គ្រងជាតិទឹកក្នុងរាងកាយឲ្យមានតុល្យភាព ដែលអាចជួយរក្សាសម្ពាធឈាមបាន។ វាជួយដល់មុខងាររបស់សាច់ដុំ និងចង្វាក់បេះដូង ហើយនៅពេលដល់វ័យចាស់ វាអាចជួយបន្ថយគ្រោះថ្នាក់នៃគ្រោះតម្រងនោម និងពុកឆ្អឹង (Osteoporosis)។ ប្រភពនៃជាតិប៉ូតាស្យូម មាននៅក្នុង ផ្លែចេក បន្លែបៃតង ខាត់ណាខៀវ និងល្ពៅ Squash។
៦- វីតាមីន A
វីតាមីន A មាននាទីសំខាន់ ដើម្បីរក្សាការមើលឃើញ និងការលូតលាស់របស់ឆ្អឹង ហើយវាក៏ជួយការពាររាងកាយពីការបង្ករោគ ជំរុញសុខភាព និងការលូតលាស់របស់កោសិកា និងជាលិកាក្នុងរាងកាយ រួមមានសក់ ក្រចក និងស្បែក។ ប្រភពល្អបំផុតរបស់វីតាមីន A រួមមាន ទឹកដោះគោ ឈីស ស៊ុត និងបន្លែដែលមានពណ៌លឿង និងទឹកក្រូច ដែលមានដូចជា ការ៉ុត និងល្ពៅ។
៧- វីតាមីន C
វីតាមីន C ជួយដល់ទម្រង់ និងជួសជុល កោសិកាឈាមក្រហម ឆ្អឹង និងជាលិកា ជួយរក្សាអញ្ចាញធ្មេញកុមារមានសុខភាពល្អ និងពង្រឹងសរសៃឈាម បន្ថយស្នាមរបួស ជួយដល់ការជាសះ បង្កើនប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យការបង្ករោគមិនរីករាលដាល។ វាក៏ជួយឲ្យរាងកាយស្រូបយកជាតិដែកពីអាហារឲ្យបានច្រើន។ វីតាមីននេះអាចរកបាននៅក្នុង ផ្លែឈើដែលមានជាតិជូរ ស្ត្របប៊ឺរី ផ្លែគីវី ប៉េងប៉ោះ និងបន្លែពណ៌បៃតង ដូចជា ផ្កាខាត់ណាខៀវ (broccoli)។
៨- វីតាមីន D
វីតាមីន D ជួយឲ្យរាងកាយស្រូបយកសារធាតុរ៉ែ ដូចជា កាល់ស្យូម និងជួយឲ្យធ្មេញ និងឆ្អឹងរឹងមាំ។ វាសំខាន់ណាស់ដើម្បីឲ្យកូនលូតលាស់បានល្អ និងម៉ាស់ឆ្អឹងដល់ចំណុចពេញលេញ។ វីតាមីន D ក៏មានមុខងារជាអ័រម៉ូន ដែលមាននាទីទាក់ទងនឹងសុខភាពប្រព័ន្ធភាពស៊ាំ ផលិតអាំងស៊ុយលីន និងសម្រួលការលូតលាស់របស់កោសិកា។ ប្រភពល្អរបស់វីតាមីន D រួមមានទឹកដោះ និងត្រីដែលសម្បូរខ្លាញ់ ដូចជាត្រីសាល់ម៉ុន និងត្រី Mackerel ។ ប៉ុន្តែប្រភពល្អបំផុតរបស់វីតាមីន D គឺពន្លឺព្រះអាទិត្យ។
៩- វីតាមីន E
វីតាមីន E កម្រិតការផលិតរ៉ាឌីកាល់សេរី ដែលធ្វើឲ្យខូចដល់កោសិកា។ វាមានសារសំខាន់ចំពោះប្រព័ន្ធភាពស៊ាំ ជួយជួសជុល DNA និងជួយដល់វិធីសាស្ត្រមេតាបូលិសផ្សេងៗទៀត។ ប្រភពដែលសម្បូរ វីតាមីន E រួមមាន គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និងគ្រាប់ល្ពៅ និងស្ពៃពុយឡេង។