ធម្មតា មិនថាគេមិនថាយើង ឲ្យតែឃើញកូនក្មេងគួរឲ្យស្រលាញ់ ពិសេសអាអូនសាច់ម៉ាប់ៗ ដឹងតែចង់ឱប ថើប ចាប់ក្រញេចលេងជាមួយហើយ ព្រោះគួរឲ្យក្នាញ់ពេក។ ផ្ទុយទៅវិញ យើងត្រូវដឹងថា ការថើបអាចបណ្ដាលឲ្យឆ្លងមេរោគមួយប្រភេទតាមទឹកមាត់ ធ្វើឲ្យអណ្ដើកឡើងហើមបាន។
ជំងឺ ម៉ូណូនុយក្លេអូស៊ីស ឬពាក្យបច្ចេកទេសថា Mononucleosis ភាគច្រើនកើតលើកូនក្មេង និងក្មេងៗវ័យជំទង់ ហើយវាកើតច្រើនបំផុតព្រោះជំងឺនេះឆ្លងមេរោគតាមរយៈទឹកមាត់ ការថើប ផ្លូវដង្ហើម ឬការប្រើប្រាស់របស់រួមជាមួយអ្នកផ្ទុកមេរោគនេះដូចជា ញ៉ាំរបស់តែមួយ ប្រើស្លាបព្រា សមជាមួយគ្នាជាដើម។ នេះបើតាមឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ។
ចុចត្រង់នេះ ដើម្បីដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក
មេរោគ Epstein-Barr (EBV) គឺជាមូលហេតុទូទៅបំផុតនៃជំងឺ ម៉ូណូនុយក្លេអូស៊ីស ក៏ប៉ុន្តែ ក៏មានមេរោគផ្សេងទៀតក៏អាចបង្កឲ្យមានជំងឺនេះដូចគ្នា។ រោគសញ្ញានៃជំងឺនេះ ជាធម្មតាលេចឡើងចាប់ពី ៤-៦សប្ដាហ៍ ក្រោយឆ្លងមេរោគ EBV ហើយរោគសញ្ញាទាំងនោះមានដូចជា៖
- អស់កម្លាំង ល្ហិតល្ហៃ
- ក្ដៅខ្លួន
- ឈឺក
- ឈឺក្បាល និងរាងកាយ
- ហើមកូនកណ្ដុរនៅក ឬក្លៀក
- រីកថ្លើម ឬអណ្ដើក
- ឡើងកន្ទួល
វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ផលវិបាកនៃជំងឺ ម៉ូណូនុយក្លេអូស៊ីស គឺអាចបែកអណ្ដើក រលាកថ្លើម កើតខាន់លឿង។ល។ ដោយសារតែវាអាចបែកអណ្ដើក ដូចនេះហាមការរត់ និងធ្វើការធ្ងន់ពេលមានជំងឺ និងក្រោយជាយ៉ាងហោចណាស់ ២សប្ដាហ៍។
[embed-health-tool-vaccination-tool]