ជំងឺរលាកទងសួតភាគច្រើនកើតលើអាអូនអាយុក្រោម ២ឆ្នាំ ហើយច្រើនតែកើតនៅក្នុងអាកាសធាតុត្រជាក់ៗដូចសព្វថ្ងៃនេះ។ ជំងឺរលាកទងសួតនេះ អាចវិវត្តពីស្រាលទៅធ្ងន់ធ្ងរ ជាហេតុម៉ាក់ៗប៉ាត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមចំពោះសុខភាពកូន ពិសេសប្រព័ន្ធផ្លូវដង្ហើមក្នុងរដូវនេះ។
ជំងឺរលាកទងសួតបង្កឡើងដោយពពួកវីរុស Respiratory syncytial virus និងខ្លះទៀតអាចបង្កឡើងដោយពួកមេរោគ Adenovirus ។ ករណីជំងឺនេះភាគច្រើនមានសភាពស្រាល និងអាចព្យាបាលជាសះស្បើយធម្មតាវិញក្នុងរយៈពេលចាប់ពី ២-៣សប្ដាហ៍ ប៉ុន្តែក្មេងៗខ្លះក៏អាចវិវត្តទៅជាករណីធ្ងន់ធ្ងរទាមទារឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏មាន។
ចុចទីនេះ ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកទារក
រោគសញ្ញានៃជំងឺរលាកទងសួតលើកុមារ
ចំពោះរោគសញ្ញាដំបូងនៃជំងឺរលាកទងសួត គឺប្រហាក់ប្រហែលនឹងជំងឺផ្ដាសាយទូទៅដែរដូចជា ហៀរសម្បោរ និងក្អក។ ប៉ុន្តែ វាក៏អាចលេចចេញនៅសញ្ញាបន្ទាប់បន្សំផ្សេងៗទៀតដូចជា៖
- ក្ដៅខ្លួន
- ក្អកស្ងួត (ក្អកមិនបាត់)
- ពិបាកញ៉ាំអាហារ
- ដង្ហក់
- ឡើងស្វាយ (ក្នុងករណីធ្ងន់ធ្ងរ)។
ជំងឺរលាកទងសួតលើកុមារនេះ មិនមានវ៉ាក់សាំងចាក់ការពារសុខភាពកូនពីជំងឺនេះនៅឡើយទេ។ ម៉្យាងវិញទៀត បើម៉ាក់ប៉ាឃើញកូនមិនស្រួលគួរយកកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញឲ្យបានលឿនតាមដែលអាចធ្វើទៅតាម ហើយបើអាអូនឈឺជំងឺរលាកទងសួត គ្រូពេទ្យអាចផ្ដល់ជាថ្នាំបញ្ចុះកម្ដៅ សេរ៉ូមប្រៃ ឬថ្នាំប្រឆាំងវីរុសឲ្យអាអូនញ៉ាំ។ បន្ថែមពីនេះ យើងត្រូវផ្ដល់ទឹកឲ្យអាអូនញ៉ាំឲ្យច្រើន ចៀសវាងកូនកើតបញ្ហាខ្សោះទឹក អំឡុងពេលឈឺ។
តិចនិកបង្ការជំងឺរលាកទងសួតលើកុមារ
ម៉ាក់ប៉ាអាចជួយកាត់បន្ថយហានិភ័យជំងឺនេះ កុំឲ្យកើតឡើងលើអាអូនបានដោយអនុវត្តតាម ៥ តិចនិកខាងក្រោមនេះដូចជា៖
- លាងសម្អាតដៃម៉ាក់ៗ និងកូនឲ្យបានស្អាត និងញឹកញាប់
- ជូតសម្អាតរបស់របរកូនលេងជាប្រចាំ (ចៀសវាងអាអូនយកទៅដាក់ក្នុងមាត់ ឆ្លងមេរោគផ្ទុកលើប្រដាប់លេង)
- ឲ្យកូននៅក្នុងផ្ទះរហូតទាល់អាអូនជាសះស្បើយ សឹមឲ្យចេញលេងក្រៅ
- កុំឲ្យអ្នកឈឺផ្ដាសាយនៅក្បែរកូនតូច (ពិសេសទារកទើបកើត) និងចៀសវាងជក់បារីនៅក្បែរកូន។
[embed-health-tool-vaccination-tool]