ពេលដែលអាអូនតូចៗចេះអង្គុយ ម៉ាក់ប៉ាគួរយកចិត្តទុកដាក់ទៅនឹងរបៀបដែលកូនអង្គុយ ព្រោះទម្រង់អង្គុយខ្លះ វាអាចប៉ះពាល់ទៅដល់ឆ្អឹងរបស់កូនៗ។ ក្នុងចំណោមទម្រង់អង្គុយទាំងអស់ ម៉ាក់ប៉ាមិនគួរឲ្យកូនអង្គុយបែបបត់កង្កែបទេ ព្រោះវាអាចប៉ះពាល់ទៅដល់កូន។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំនាញផ្នែកជំងឺទូទៅ បានបកស្រាយឲ្យដឹងថា ការដែលទម្លាប់ឲ្យកូនតូចៗដែលកំពុងអង្គុយបែបបត់កង្កែបនេះ ឬជាទម្រង់អក្សរ W យូរទៅ អាចក្លាយទៅជាទម្លាប់។ កាលណាក្លាយជាទម្លាប់ ឲ្យតែពេលអាអូនអង្គុយរាបស្មើលើឥដ្ឋ ដឹងតែចេញទម្រង់បត់កង្កែបនេះ ដែលការអង្គុយទម្រង់របៀបនេះមិនសូវជាល្អសម្រាប់កូនប៉ុន្មានទេ។
លោកបន្តថា បើអាអូនអង្គុយបែបនេះជាប់រហូត អាចប៉ះពាល់ឆ្អឹងកូនយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលឲ្យមានការឈឺចាប់ និងអាចបង្កជាបញ្ហាមួយចំនួនទៀតដូចជា៖
– សភាពឆ្អឹងមិនប្រក្រតី
- បង្អាក់ដល់ការលូតលាស់ឆ្អឹង
– បង្កផលប៉ះពាល់ដល់ក្មេងពេលធំឡើង។ល។
ភាគច្រើនក្មេងៗដែលមានបញ្ហាខ្សោយសាច់ដុំស្នូល តែងអង្គុយក្នុងទម្រង់បែបនេះ ព្រោះអង្គុយបែបនេះជួយទប់លំនឹងខ្លួនបានល្អ ដោយពុំចាំបាច់ប្រឹងទប់ដោយខ្លួនឯងខ្លាំង។ ចំណែកក្មេងខ្លះទៀត អង្គុយបែបនេះក៏ព្រោះតែស្រួលអង្គុយ តែបើអង្គុយយូរៗទៅ ធ្វើឲ្យសាច់ដុំតឹង បណ្ដាលឲ្យពិបាកក្នុងការអង្គុយក្នុងទម្រង់អង្គុយដទៃទៀត។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថា នៅពេលកូនរៀនចេះអង្គុយ ម៉ាក់ប៉ាត្រូវបង្រៀនកូនឲ្យចេះសណ្ដូកជើង បត់ជើង ពែនផ្នែនតាមកាលៈទេសៈ ប៉ុន្តែដាច់ខាតត្រូវចៀសវាងអង្គុយបត់កង្កែប។ ប្រសិនបើម៉ាក់ប៉ាបារម្ភពីរបៀបរបបរបស់កូនអង្គុយ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែម ដើម្បីរកដំណោះស្រាយណាមួយដែលមានប្រសិទ្ធភាពខ្ពស់។
[embed-health-tool-vaccination-tool]