អាការៈរាករូសគឺជាបញ្ហាទូទៅរបស់សុខភាពមនុស្សយើងម្នាក់ៗដែលជួបប្រទះនៅក្នុងជីវភាពរស់នៅ។ ជាធម្មតា នៅពេលដែលរាករូស គ្នាយើងចាស់ៗ អាចប្រើថ្នាំបំបាត់ការរាករូសបាន ប៉ុន្តែសម្រាប់អាអូនតូចៗ មិនអាចចេះតែឲ្យថ្នាំលេបបំបាត់រាកបានទេ ដូចនេះត្រូវធ្វើម៉េច?។
“ជាក់ស្ដែង មានម៉ាក់ប៉ាមួយចំនួនសួរខ្ញុំថា កូនគាត់ទើបតែបាន១-២ ខែ ហើយរាក អាចឲ្យញ៉ាំទឹកអូរ៉ាលីត្រហ្នឹងបានដែរអី ព្រោះធម្មតា ក្មេងទាល់តែអាយុ៦ខែឡើងបានគេឲ្យញ៉ាំទឹកបាន”។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធានមន្ទីរព្យបាល Maxi Care។
លោកបន្តថា ប្រសិនបើកូនដែលនៅតូចមែនទែនរាករូសខ្លាំង គឺគេមិនឲ្យផ្ដល់ថ្នាំអីផ្ដេសផ្ដាសដល់កូនទេ ហើយអ្វីដែលម៉ាក់ប៉ាគួរធ្វើ គឺត្រូវឲ្យកូនញ៉ាំទឹកអូរ៉ាលីត្រនេះ ព្រោះវាអាចជួយបន្ថយការរាករបស់កូន និងមិនមានផលប៉ះពាល់អីទៅដល់កូនឡើយ។ ទោះបីជាទារកទើបនឹងកើតក៏ដោយ ម៉ាក់ប៉ាអាចចាប់ផ្ដើមពីវិធីនេះ ដោយគ្រាន់តែដួសទឹកអូរ៉ាលីត្រដោយស្លាបព្រា ហើយបញ្ចុកកូនបន្តិចម្ដងៗ។
លោកវេជ្ជបណ្ឌិតថា ម្សៅអូរ៉ាលីត្រ (ORS) គឺជាល្បាយម្សៅដែលតម្រូវឲ្យលាយជាមួយទឹកដើម្បីព្យាបាលអាការៈរាក។ ក្នុងម្សៅអូរ៉ាលីត្រ មានលាយផ្សំជាមួយសាមាសធាតុសំខាន់ជាច្រើន ដើម្បីទៅបង្រ្គប់ជាតិទឹក និងជាតិ អេលិចត្រូលីត្រ នៅក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។
ផ្ទុយទៅវិញ ក្នុងករណីដែលឲ្យកូនញ៉ាំទឹកអូរ៉ាលីត្រហើយនៅតែរាកមិនព្រមបាត់ គឺអាចធ្វើឲ្យទារកនោះបាត់បង់ជាតិទឹកខ្លាំងដែលអាចប៉ះពាល់ដល់សុខភាព ដូចនេះមានតែត្រូវដាក់សេរ៉ូមដើម្បីជួយបង្គ្រប់ជាតិទឹកនៅក្នុងខ្លួនរបស់ក្មេង។
វេជ្ជបណ្ឌិតរោគកុមាររូបនេះបញ្ជាក់ឲ្យដឹងថា ប្រសិនទារកមានអាការៈរាករូសតែអាចញ៉ាំទឹកអូរ៉ាលីត្របាននោះគឺល្អខ្លាំងមែនទែន ប៉ុន្តែបើមិនអាច គឺមានតែត្រូវទៅជួបគ្រូពេទ្យឲ្យពិនិត្យសុខភាពកូន ហើយអាចព្យួរសេរ៉ូមដើម្បីការពារកុំឲ្យកូនខ្សោះជាតិទឹកនៅក្នុងខ្លួនខ្លាំងពេក។
[embed-health-tool-vaccination-tool]