បញ្ហាកូនឈឺចុកជើង យប់ៗឡើង ម៉ាក់ប៉ាច្បាស់ជាឆ្ងល់ហើយថា ហេតុអីបានអាអូនចេះតែត្អូញឈឺជើងញឹកញាប់ ជួនកាលកំពុងគេងៗ ក៏ត្អូញថាឈឺជើង បណ្ដាលឲ្យភ្ញាក់ក៏មាន។ តាមពិត អាការៈឈឺជើងពេលយប់លើកុមារ អ្នកជំនាញថា ភាគច្រើនមិនមែនជាបញ្ហាដែលម៉ាក់ប៉ាគួរបារម្ភទេ។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ និងទារកនៃគ្លីនិកកុមារ MommyDoctor បានឲ្យដឹងថា បញ្ហាកូនឈឺចុកជើងពេលយប់ (ភាសាបច្ចេកទេស Growing Pain) ជាការឈឺចាប់បញ្ជាក់ពីការលូតលាស់ជើងរបស់កុមារ។ ការឈឺជើងពេលយប់នេះ ច្រើនកើតមានលើអាអូនអាយុចន្លោះចាប់ពី ៣-៥ឆ្នាំ និងអាយុ៣-១២ឆ្នាំ ។
លោកស្រីបន្តថា បញ្ហាកូនឈឺចុកជើងនេះ ច្រើនកើតឡើងនៅលើក្មេងស្រី ច្រើនជាងក្មេងប្រុស និងកើតឡើងនៅពេលយប់ ឬពេលអាអូនកំពុងគេង ហើយវាក៏មិនកើតឡើងជារៀងរាល់ថ្ងៃដែរ។ ចំពោះ Growing Pain នៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ថា វាបង្កឡើយដោយសារអ្វីទេ ប៉ុន្តែមានការសន្និដ្ឋានខ្លះៗថា កូនឈឺចុកជើងពេលយប់ អាចដោយសារពេលថ្ងៃអាអូនរត់លេង ឬធ្វើសកម្មភាពជើងខ្លាំងពេក។
អាការៈឈឺចុកជើងពេលយប់លើក្មេង ជាធម្មតាកើតនៅលើជើងទាំងសងខាង តំបន់ភ្លៅ កំភួនជើង និងផ្នែកខាងក្រោយជង្គង់។ កូនឈឺចុកជើងនៅពេលជាបញ្ហាតូចតាចមួយដែលវាមិនបង្កជាក្ដីបារម្ភ ឬប៉ះពាល់ដល់សុខភាពអាអូនទេ។ រាល់ពេលអាអូន ឈឺជើង ម៉ាក់ប៉ាអាចម៉ាស្សា ឬច្របាច់ជើងសម្រួលដល់អាការៈរបស់កូនបាន។
វេជ្ជបណ្ឌិតរូបនេះបន្តថា ទោះជាកូនឈឺចុកជើងពេលយប់មិនបង្កជាបញ្ហាគួរឲ្យបារម្ភ ម៉ាក់ប៉ាក៏មិនត្រូវធ្វេសប្រហែសដែរ។ ជាទូទៅ Growing Pain កើតឡើងតែពេលយប់ទេ ដូចនេះបើម៉ាក់ប៉ាឃើញអាអូនមានសញ្ញាខាងក្រោមគួរនាំកូនទៅពិនិត្យជាមួយគ្រូពេទ្យ៖
- ឈឺជើងពេញមួយថ្ងៃ (ព្រឹក ថ្ងៃ យប់ ឈឺរហូត)
- ឈឺតាមសន្លាក់ត្រគាក កជើង ក្បាលជង្គង់
- រលាកតាមសន្លាក់ ឡើងក្រហម
- ឈឺចាប់ខ្លាំង
- ក្ដៅខ្លួនខ្លាំង
- អាអូនពិបាកដើរ ឬប៉ះពាល់ដល់សកម្មភាពរាល់ថ្ងៃរបស់កូន។
[embed-health-tool-vaccination-tool]