backup og meta

Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន)

Fever seizures in children (កូនប្រកាច់ពេលក្តៅខ្លួន)

និយមន័យ

១- តើអ្វីជា​ការ​ក្តៅ​ខ្លួន​ប្រកាច់​ចំពោះ​កូន​ក្មេង?

វា​ជា​ស្ថានភាព​ដែល​កើត​ឡើង​នៅ​លើ​កូន​ក្មេង​ដែលចាប់​ក្តៅ​ខ្លួន​ខ្លាំងភ្លាមៗ ពេល​ខ្លះ​អ្នក​មិន​អាច​ដឹង​ថា​កូន​ក្តៅ​ខ្លួន​ទៀត​ផង​ដោយសារ​សីតុណ្ហភាព​ក្នុង​ខ្លួន​ក្មេង​កើន​ឡើង​រហ័សពេក ជួន​កាលកើន​ឡើង​ពេល​កំពុង​ប្រកាច់​ទៀត​ផង។ បន្ទាប់​ពី​ក្តៅ​ខ្លួន​ដល់​កម្រិត​មួយ​ហើយ កូន​អ្នក​ក៏​ឈប់​ប្រកាច់​ភ្លាមដែរ។ ភាគ​ច្រើន​ក្មេង​ដែល​ប្រកាច់តែង​ក្តៅ​ខ្លួន​ដល់​ទៅ ៣៩ អង្សាសេ ។

ការ​ប្រកាច់​ដែល​មាន​មូលហេតុទាក់ទង​នឹង​ការ​ក្តៅ​ខ្លួន​មាន៖

  • ប្រកាច់​ក្នុង​កំឡុង​ពេល ២៤ម៉ោង
  • រយៈពេល​ប្រកាច់​តិច​ជាង ១៥នាទី
  • ប្រកាច់ទូទាំង​ដង​ខ្លួន មិនមែនតែ​មួយ​ចំហៀង
  • ក្មេង​អាយុ​ចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ
  • ក្មេង​មិនមាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ
  • ក្មេង​ធ្លាប់​ប្រកាច់​ដោយសារ​ក្តៅ​ខ្លួនពីមុន​មក។

អ្នក​ប្រាកដ​ជា​ភ័យ​ខ្លាច​ពេល​ឃើញ​កូន​មាន​ស្ថានភាព​នេះ តែ​វា​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ក្មេង​​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ខួរក្បាល បញ្ញារបស់​គេ​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

២- តើ​វា​កើតឡើង​ញឹកញាប់​ប៉ុណ្ណា?

ពី២ភាគរយ ទៅ៥ភាគរយ នៃ​ក្មេង​អាចមាន​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែបនេះ ក្រៅ​ពី​នោះ​ក្មេង​អាចប្រកាច់​ដោយសារ​បញ្ហា​ផ្សេងៗ​ទៀត។ វា​ក៏​អាច​រើ​ឡើង​ម្តង​ទៀត​អាស្រ័យ​លើ​អាយុរបស់​ក្មេងដែរ តែ​ប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ​ ក្មេង​អាច​ជួប​បញ្ហា​ក្តៅ​ខ្លួន​ប្រកាច់​បែប​នេះ​ម្តង​ទៀតបាន។ ជាការ​ល្អ​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បើ​កូន​មាន​បញ្ហា​នេះ។

អត្ថបទពាក់ព័ន្ធ៖ តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត

រោគសញ្ញា

៣- ​តើ​វា​មាន​រោគសញ្ញា​អ្វី​ខ្លះ?

ចំពោះ​ការ​ក្តៅ​ខ្លួន​ប្រកាច់​ធម្មតាមាន​រយៈពេល​តែ ២ទៅ៣​នាទី ទេតែ​ក្នុង​ករណី​កម្រ​ខ្លះ​អាច​ឈានដល់ទៅ ១៥នាទី ។ ពេល​ប្រកាច់​ក្មេង​នឹង​ប្រកាច់​មួយ​តួរខ្លួនតែ​ម្តង ញាក់​កន្ត្រាក់ រមួលខ្លួន ក្រឡាប់​ភ្នែក​ ហើយ​អាច​ឈាន​ដល់​សន្លប់​ជាដើម។ ក្មេង​ខ្លះ​ក្អួត​បណ្តើរ នោម​បណ្តើរពេល​ប្រកាច់ទៀត​ផង។

ឯការ​ប្រកាច់ធ្ងន់ធ្ងរ​ជាង​នេះ​វិញមាន​រយៈពេល​ដល់​ទៅ ១៥នាទី និងអាច​កើត​ឡើង​លើស​ពី​ម្តង​ក្នុង​មួយ​ថ្ងៃ។ ក្មេង​អាច​ប្រកាច់​ដៃ​ប្រកាច់​ជើង ឬ​កន្ទ្រាក់​តែ​មួយ​ចំហៀងខ្លួន។ ក្មេង​នឹង​ឈប់​ប្រកាច់ដោយ​ខ្លួនឯងតែ​នៅ​តែ​ក្តៅ​ខ្លួន​ត​ទៀត។ ក្មេង​ខ្លះ​វិញ​ងងុយ​ដេក​បន្ទាប់​ពី​នោះ តែ​ខ្លះ​វិញ​មិន​មាន​ផល​រំខាន​អ្វី​ទេ។ ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។

៤- តើ​​គួរទៅ​ជួប​ពេទ្យ​នៅ​ពេល​ណា?

សូម​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​បើ​សិនជា៖

  • កូនឈប់​ដក​ដង្ហើម​វែង​ជាង ១៥ទៅ​២០​វិនាទី ឬ​ក៏​ពិបាក​ដក​ដង្ហើម
  • បើ​កូន​ប្រកាច់​លើស​ពី ៣នាទី ឬ​ក៏​រើ​ប្រកាច់​ជា​លើក​ទី២
  • ប្រកាច់​រួម​ជាមួយ ក្តៅ​ខ្លួន ក្អួត ឈឺក្បាល​ខ្លាំង ងងុយ​ដេក មិន​មាន​ស្មារតី រោយ ​ក ឬលេច​ឡើង​កន្លែង​ពយ​ទន់​មួយ​ចំលើ​ក្បាល។

សូម​ទាក់ទង​ទៅគ្រូពេទ្យ​បើ៖

  • កូន​ប្រកាច់​ជាលើកទី​មួយ ឬអ្នក​ពុំ​ទាន់​បាន​សួរ​ពេទ្យថាគួរ​ធ្វើ​ដូចម្តេច​បើ​វា​កើត​ឡើង​ម្តង​ទៀត។
  • ក្មេង​មាន​អាយុ​តិច​ជាង ៦ខែ​ឬ​អាយុ ៥ឆ្នាំឬលើស​ពី​នេះ។
  • ប្រកាច់​តែ​មួយ​ចំហៀង​ខ្លួន
  • ប្រកាច់តែ​មិន​ក្តៅ​ខ្លួន។

មូលហេតុ

៦- តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្តាល​ឲ្យក្មេងក្តៅខ្លួន​ប្រកាច់?

ពុំទាន់​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​វា​ទេ ទោះ​បី​ជា​មាន​ការ​សិក្សារ​បង្ហាញ​ថា​អាច​បណ្តាល​មក​ពី​វីរុស​និង​ការ​ឆ្លើយតប​នៃ​ខួរ​ក្បាល​នៅ​ពេល​ក្តៅ​ខ្លួន​ខ្លាំង។

កត្តា​ប្រឈម

៧- តើ​អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​ធ្វើ​ឲ្យ​កូន​ខ្ញុំ​កើត​រឿង​នេះ?

ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​អ្នក​ក្តៅ​ខ្លួន​ប្រកាច់​ពី​មុន​មក​ក៏​ជា​កត្តា​ប្រឈម​មួយ ហើយ​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​បី​នាក់​ដែល​ធ្លាប់​​ប្រកាច់​ម្តង​ហើយ​ងាយ​នឹង​រើ​ឡើង​ម្តង​ទៀត (ជាទូទៅនៅ ១ឆ្នាំទៅ២ឆ្នាំ បន្ទាប់​ពី​លើក​មុន)។ ក្មេង​អាយុ​ក្រោម ១៥ខែ ក៏​ងាយ​រើ​ម្តង​ទៀត​ដែរ។ ភាគ​ច្រើន​បន្ទាប់​ពី​ផុត​អាយុ ៥ឆ្នាំ ទៅ​ក្មេង​នឹង​លែង​ជួប​បញ្ហា​នេះ​ហើយ។

ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ការ​ព្យាបាល

ពត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពត៌មាន​លម្អិត។

៨- តើ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​បែប​ណា?

គ្រូពេទ្យ​នឹង​ពិនិត្យ​ក្មេង​ព្រម​ទាំង​សួរ​អ្នក​អំពី​អាការៈពេល​ប្រកាច់។ ភាគច្រើន​ពុំ​មាន​ការ​ព្យាបាល​អ្វី​នោះ​ទេ គ្រាន់​តែ​គេ​អាច​ធ្វើ​តេស្ត​ខ្លះចំពោះ​ក្មេង​ក្រោម ១ឆ្នាំនិង​មាន​សញ្ញា​ដូចជា ក្អួត រាក​ជាដើម។

៩- តើ​គេ​ព្យាបាល​វា​ដោយ​របៀបណា?

គ្រូពេទ្យ​អាច​ណែនាំ​ថ្នាំ​សំរាប់​ពេល​ក្តៅ​ខ្លួន​ធម្មតា​ដូចជា ប៉ារ៉ា (acetaminophen ឬ ibuprofen)។ គេ​មិន​ណែនាំ​ឲ្យ​ក្មេង​លេប​ថ្នាំ​ឃាត់​ជាមុន​នោះ​ទេ ព្រោះ​វា​មិន​អាច​បង្ការ​កុំ​ឲ្យ​ប្រកាច់​បាន​ទេ។

តែ​បើ​សិន​ជា​កូន​អ្នក​ប្រកាច់​លើស​ពី​ម្តង​ឬ​ប្រកាច់​លើស​ពី ៥នាទី គ្រូពេទ្យ​នឹង​ឲ្យ​ថ្នាំ​ប្រឆាំង​ការ​ប្រកាច់​យក​ទៅ​លេប​នៅ​ផ្ទះ​បាន។

ការ​ប្តូរ​របៀប​រស់នៅ​និង​វិធី​ព្យាបាល​នៅ​ផ្ទះ

១០- តើ​ការ​ប្តូរ​របៀប​រស់នៅ​និង​វិធី​ព្យាបាល​នៅ​ផ្ទះបែប​ណា​ខ្លះ​ដែល​អាច​ជួយ​កូន​ខ្ញុំ​បាន?

សូម​អនុវត្ត​វិធី​ខាង​ក្រោម​នេះ​ដើម្បី​ការពារ​កូន​ពី​គ្រោះថ្នាក់​ពេល​ប្រកាច់៖

  • ដាក់​កូន​ដេក​លើ​ឥដ្ឋ ហើយ​បើ​កូន​តូច​សូម​បី​កូន​ផ្កាប់​លើ​ភ្លៅ។ សូម​កុំ​រឹតកូន​ឲ្យ​សោះ។
  • បែរ​កូន​ទៅ​ម្ខាង​ដើម្បី​ឲ្យ​ហៀរ​កម្អែរ​និង​ទឹក​មាត់ចេញ និង​កុំ​ឲ្យ​អណ្តាត​បាំង​ផ្លូវ​ដង្ហើម។ ដាក់​ក្បាល​និង​ចង្កាទៅ​មុខ (កាយវិការ​ដូច​កំពុង​ឳន​ហិត​ផ្កា) បែប​នេះ​ទើប​ក្មេង​មាន​ផ្លូវ​ដក​ដង្ហើម។
  • ដោះ​សំលៀកបំពាក់​ក្មេង​ចេញ។
  • សូម​កុំ​ដាក់​អ្វីចូលក្នុង​មាត់​ដើម្បី​កុំ​ឲ្យ​ខាំ​អណ្តាត​ឲ្យ​សោះ​ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​បាន។
  • សូម​ព្យាយាម​សម្រួល​អារម្មណ៍​ខ្លួន​ឯង​ដើម្បី​ឲ្យ​ក្មេង​ងាយ​ស្រួល​អារម្មណ៍​ដែរ។ លួង​កូន​ដោយ​ស្ងប់ស្ងាត់ និយាយ​មួយៗ។
  • ផ្ទៀង​មើល​រយៈពេល​នៃ​ការ​ប្រកាច់និង​តាមដាន​អាកប្បកិរិយា​ក្មេង​ពេល​កំពុង​ប្រកាច់​នោះ​ដើម្បី​ងាយ​ស្រួល​ប្រាប់​គ្រូពេទ្យ។

បន្ទាប់​ពី​ប្រកាច់​រួច សូម​ពិនិត្យ​មើល​កូន៖

  • បើ​កូនពិបាក​ដក​ដង្ហើម សូម​បែរក្បាល​កូន​ទៅ​ម្ខាង ប្រើម្រាម​ដៃ​ខ្វិះមាត់​កូន​ថ្នមៗ​ខ្លាច​មាន​កម្អែរ​ឬ​ទឹក​មាត់​បាំង​ផ្លូវ​ដង្ហើម។
  • បើ​មើល​ទៅកូន​មិន​ចាំ​បាច់​នាំ​ទៅ​ពេទ្យ​ទេ សូម​ដាក់​ឲ្យ​គេ​គេង​ក្នុង​បន្ទប់​ត្រជាក់​ភ្លាម។ សញ្ញា​ងុយ​គេង​គឺ​ជា​រឿង​ធម្មតា​ដែល​កើត​ឡើង​ក្រោយ​ពេល​ប្រកាច់។ តែ​កុំ​ភ្លេច​ចំណាំ​មើល​កូន​ផង គេ​គួរ​តែ​មាន​សកម្មភាព​សកម្ម​ធម្មតា​វិញ ១ម៉ោង ក្រោយ​ពេល​ប្រកាច់។
  • បើ​កូន​អ្នក​ធ្លាប់​កើត​វា​ពី​មុន​មក​ហើយៗ ​អ្នក​ក៏​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យទៀត សូម​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រួពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ។

អត្ថបទពាក់ព័ន្ធ៖ រឿងសំខាន់ ៤ យ៉ាង ម៉ាក់ៗគួរតាមដានកូនជាប្រចាំ

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fever Seizures. https://www.webmd.com/children/tc/fever-seizures-topic-overview. Accessed November 8, 2017.

Febrile Seizures. http://kidshealth.org/en/parents/febrile.html#. Accessed November 8, 2017.

កំណែ​ប្រែបច្ចុប្បន្ន

10/01/2020

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម