អាការៈរាករូសគ្រាន់តែជាបញ្ហាទូទៅ ដែលអ្នកណាៗក៏ធ្លាប់ជួបប្រទះដែរ តែបើកូនតូចៗ កើតជំងឺរាក វាជារឿងផ្សេងខុសពីយើង។ ពេលអាអូនតូចមានអាការៈរាក ម៉ាក់ប៉ាគួរតែយកចិត្តទុកដាក់ ព្រោះកូនអាចកើតជំងឺរាកស្រួចស្រាល់ អាចប៉ះពាល់ដល់សុខភាពអាអូនខ្លាំង។
និយាយដល់រឿងរាកស្រួចស្រាល់នេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារបានពន្យល់ឲ្យដឹងថា ជាធម្មតា ពេលកូនតូចបន្ទោបង់លាមករាវជាងធម្មតា ចំនួនលើសពី ៣ដង/ថ្ងៃ ដែលមានរយៈពេលតិចជាង ២សប្ដាហ៍ មានន័យថា អាអូនមានជំងឺរាកហើយ។ លោកស្រីបន្តថា ភ្នាក់ងារមួយចំនួនដែលជាមូលហេតុបណ្ដាលឲ្យអាអូនកើតមានជំងឺរាកស្រួចស្រាល់មានដូចជា៖
ទី១៖ វីរុស (៧០-៨០% ភាគច្រើនជា Rotavirus)
ទី២៖ បាក់តេរី (១០-២០%)
ទី៣៖ ប៉ារ៉ាស៊ីត <១០%
ចំណែកឯរោគសញ្ញានៃជំងឺរាកស្រួចស្រាល់លើកុមារ ឪពុកម្ដាយគួរកត់សម្គាល់វិញរួមមាន៖
- អាអូនរាកលើសពី៣ដង/ថ្ងៃ
- រាកមានឈាមដែលមូលហេតុបណ្ដាលមកពីបាក់តេរី
- ក្អួត
- ក្ដៅខ្លួន។ល។
វេជ្ជបណ្ឌិតឯកទេសជំងឺកុមាររូបនេះ បានបន្ថែមទៀតថា ចំពោះកូនក្មេង ពិសេសអាអូនតូចៗ មានបញ្ហារាកអាចនឹងឆាប់ខ្សោះជាតិទឹកខ្លាំង។ ដូចនេះហើយ ទើបម៉ាក់ប៉ាគួរនាំកូនទៅពេទ្យពិនិត្យ បើសិនជាអាការៈរាកកូនមិនធូរស្បើយក្នុងរយៈពេល ២៤ម៉ោង ឬមានសញ្ញាខ្សោះជាតិទឹកដូចជា ខោទឹកនោមមិនសើម (រយៈពេល ៣ម៉ោងឡើងទៅ) ក្ដៅខ្លួនលើសពី ៣៩អង្សាសេ លាមកខ្មៅ ឬឈាម ស្ងួតមាត់ យំអត់ចេញទឹកភ្នែក ងងុយដេក សន្លឹម ពោះ ភ្នែក ឬថ្ពាល់រូងខូង ពិសេសចំពោះទារកអាយុក្រោម ៦ខែ។
ទាក់ទងនឹងការព្យាបាលវិញ លោកស្រីបញ្ជាក់ថា អាការៈរាកភាគច្រើននឹងបាត់ទៅវិញ ដោយខ្លួនឯងក្នុងរយៈពេល ២-៣ថ្ងៃ តែម៉ាក់ប៉ាអាចជួយបំបាត់រោគសញ្ញារាករបស់កូនបានដោយសាកល្បងតាមវិធីខាងក្រោមនេះគឺ៖
– ឲ្យអាអូនផឹកទឹកឲ្យបានច្រើនដូចជា ទឹកធម្មតាដែលដាំពុះឬទឹកសុទ្ធ ទឹកដោះគោ ទឹកអូរ៉ាលីត្រ
– ប្រើថ្នាំសម្លាប់បាក់តេរី ចេញវេជ្ជបញ្ជាពីគ្រូពេទ្យ
– បញ្ចូលសេរ៉ូម ក្នុងករណីកូនមានសញ្ញាខ្សោះជាតិទឹកខ្លាំង អាអូនក្អួត ញឹកញាប់ និងមិនអាចញ៉ាំ ឬផឹកបាន។ល។
[embed-health-tool-vaccination-tool]