backup og meta

វីតាមីន​ C ផ្តល់ប្រយោជន៍​ច្រើន​ដល់ទារក ម៉ាក់ប៉ាធ្វើម៉េចកុំឲ្យកូនខ្វះឲ្យសោះ

វីតាមីន​ C ផ្តល់ប្រយោជន៍​ច្រើន​ដល់ទារក ម៉ាក់ប៉ាធ្វើម៉េចកុំឲ្យកូនខ្វះឲ្យសោះ

វីតាមីន ​C ​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​ដែល​ទារក​ត្រូវការ​ ​វា​រួម​ចំណែក​ដល់​សុខភាព​​ទូទៅ​ ហើយ​នៅ​អំឡុង​ពេល​ ៤-៦​ខែ​ដំបូង​ ទឹក​ដោះ​ម្ដាយ​ផ្ដល់​នូវ​វីតាមីន​ C ​ទាំង​អស់​សម្រាប់​ទារក​។​ ប្រសិនបើ​​អា​អូន​បៅ​ទឹក​ដោះ​គោ​ ម៉ាក់ៗ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​កុមារ​ ថា​តើ​យើង​គួរ​​ឲ្យ​​អា​អូន​ញ៉ាំ​អាហារ​បំប៉ន​ឬ​យ៉ាង​ណា​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​៦​ខែ​ របប​អាហារ​ដែល​​មាន​តុល្យភាព​ ​អាច​ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​​វីតាមីន​ C ​​ប្រចាំ​ថ្ងៃ​គ្រប់​គ្រាន់​។​

បរិមាណ​វីតាមីន C ​​ដែល​ទារក​ត្រូវ​ការ​ប្រចាំ​ថ្ងៃ

ចំពោះ​ទារក​ដែល​មាន​អាយុ​៦​ខែ​ ឬ​តិច​ជាង​នេះ​ គប្បី​ទទួល​បាន​វីតាមីន​ C ចំនួន​៤០​មិល្លីក្រាម​/​ថ្ងៃ​។​ រី​ឯ​ទារក​​ដែល​មាន​អាយុ​៧​ខែ​ រហូតដល់​១២​ខែ​​ ពួក​គេ​ត្រូវការ​វីតាមីន ​C ​ចំនួន​៥០​មិល្លីក្រាម​។​ ប្រសិនបើ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​ ចូរ​ញ៉ាំ​អាហារ​​ដែល​មាន​ផ្ទុក​វីតាមីន C​ ឲ្យ​បាន​​ច្រើន​​ ដើម្បី​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ឯង​ ​និង​កូន​។​

អត្ថប្រយោជន៍​សុខភាព​​ទារក​ទទួល​បានពីវីតាមីន C

​​​​បរិមាណ​វីតាមីន ​C គ្រប់គ្រាន់​​នៅ​ក្នុង​របប​អាហារ​របស់​ទារក​ អាច​ជួយ​ការពារ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួក​គេ​បាន​។​ សារធាតុ​ចិញ្ចឹម​នេះ​ ជួយ​គាំទ្រ​ដល់​កោសិកា​ឈាម​ក្រហម​ ក៏​ដូចជា​ការពារ​ការ​ឆ្លង​មេរោគ​ផ្សេងៗ​។​ បន្ថែម​ពី​នេះ​ វីតាមីន​ C ជួយ​​ព្យាបាល​មុខ​របួស​ ដោយ​គាំទ្រ​ដល់​ការ​ផលិត​កូឡាជែន​។​ ជាក់​ស្ដែង វីតាមីន ​C គឺ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​​​អាច​ការពារ​កោសិកា​របស់​ទារក​ពី​ការ​បំផ្លាញ​ដោយ​ជាតិ​ពុល​នៅ​ក្នុង​បរិស្ថាន​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ ឬ​ជំងឺ​បេះដូង​។ ម្យ៉ាង​វិញ​ទៀត​ សារធាតុ​ចិញ្ចឹម​មួយ​នេះ​ ក៏​ជួយ​ឲ្យ​រាងកាយ​របស់​កូន​ស្រូប​យក​ជាតិ​ដែក​ពី​អាហារ​កាន់​តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ​។

អាហារ​​ផ្ទុក​វីតាមីន​C

​​​វីតាមីន​ C ​មាន​នៅ​ក្នុង​អាហារ​ជា​ច្រើន​ប្រភេទ​ និង​មាន​គុណប្រយោជន៍​​ដ៏​អស្ចារ្យ​ ​នៅ​ពេល​ដែល​ម៉ាក់​ៗ​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​របស់​ទារក។​ ពពួក​អាហារ​ដែល​សម្បូរទៅ​ដោយ​វីតាមីន​ C មាន​ដូច​ជា​ផ្លែ​ក្រូច​ ម្នាស់​ ដំឡូង​បារាំង​ ប៉េងប៉ោះ​ ផ្កា​ខាត់​ណា​ និង​ផ្លែ​គីវី ​ជាដើម​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​បញ្ចូល​​បន្លែ​ ផ្លែឈើ​នៅ​គ្រប់​អាហារ​​របស់​​ពួក​គេ​ ដើម្បី​ឲ្យ​កូន​ទទួល​បាន​វីតាមីន ​C គ្រប់គ្រាន់។

វីតាមីនC

គុណវិបត្តិ​នៃ​​ការ​ខ្វះ​ ឬ​លើស​វីតាមីន​ C ចំពោះ​ទារក

​​​​​​ប្រសិនបើ​ទារក​មិន​ទទួល​បាន​វីតាមីន ​C គ្រប់គ្រាន់​ទេ​នោះ​ ​ពួក​គេ​​អាច​​ប្រឈម​នឹង​ជំងឺ​រាក់​ស៊ី​ធ្មេញ (scurvy) ដែល​​នាំ​ឲ្យ​ឈាម​អញ្ចាញ​ធ្មេញ​ ឈាម​ច្រមុះ​ ​របួស​មិន​ងាយ​ជា​សះ​ស្បើយ​ អស់​កម្លាំង​ ខ្សោយ​ ​លូតលាស់​យឺត។​ល។​ ក្នុង​ករណី​​អា​អូន​បង្ហាញ​សញ្ញា​ទាំង​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​។​ ដូច​គ្នា​នេះ​ដែរ​ ​ប្រសិនបើ​អា​អូន​ញ៉ាំ​វីតាមីន C ​ច្រើន​ជ្រុល​ ពួក​គេ​អាច​នឹង​មាន​អាការៈ​រាករូស​ ក្អួត​ និង​ចុក​ពោះ​។​ លើស​ពី​នេះ​ ការ​​ញ៉ាំ​វីតាមីន C ​ច្រើន​ពេក​ ក៏​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​កម្រិត​សារធាតុ​សេលីញ៉ូម នៅ​ក្នុង​រាងកាយ​របស់​ទារក​ផង​ដែរ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/446331-vitamin-c-for-babies/

កំណែ​ប្រែបច្ចុប្បន្ន

25/02/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី​ទារក​យំ​ ក្រោយ​បំបៅ​ដោះ​រួច​? ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​?

ហេតុអ្វី​ទារក​ជុះ​មានឈាម​? ​គួរ​ដោះស្រាយ​បែប​ណា​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម