យើងប្រហែលជាមិនធ្លាប់ដឹងទេថា ការហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើងជាទៀងទាត់ មិនត្រឹមតែអាចកាត់បន្ថយបញ្ហារមួល និងចុករួយសាច់ដុំបានយ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ វាក៏អាចការពារយើងប្រឆាំងនឹងជំងឺបេះដូង ក៏ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលថែមទៀតផង។ យោងតាមការសិក្សាមួយបានបង្ហាញថា ការលាតសន្ធឹងជើងបែបងាយៗ អាចជួយពង្រឹងលំហូរឈាមទៅពាសពេញរាងកាយ។
ក្រុមអ្នកស្រាវជ្រាវបានបែងចែកមនុស្សដែលមានសុខភាពល្អចំនួន៣៩នាក់ជាពីរក្រុម ដោយមួយក្រុមមិនធ្វើលំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើងទេ រីឯមួយក្រុមទៀតធ្វើលំហាត់ប្រាណបែបបែបលាតសន្ធឹងជើងចុះឡើងចំនួន៤ប្រភេទ ចំនួន៥ដងក្នុងមួយសប្ដាហ៍ សម្រាប់រយៈពេល១២សប្ដាហ៍។ លំហាត់ប្រាណនេះផ្ដោតលើត្រគាក ជង្គង់ និងកជើង ហើយលំហាត់បែបលាតសន្ធឹងជើងចុះឡើងនីមួយៗ មានរយៈពេល៤៥វិនាទី និងសម្រាកចំនួន១៥វិនាទី។ ក្រោយមក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សរសៃឈាមនៅជើងផ្នែកខាងក្រោមនៃក្រុមដែលធ្វើលំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើងមានលំហូរឈាមប្រសើរជាង និងមិនសូវចុករួយជើងឡើយ។ បន្ថែមពីនេះ ក្រុមដែលធ្វើលំហាត់ប្រាណបែបនេះ មានសម្ពាធឈាមទាបនៅចុងបញ្ចប់នៃការសិក្សា បើប្រៀបធៀបទៅនឹងកម្រិតសម្ពាធឈាមដំបូងរបស់ពួកគេ។
ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ការធ្វើលំហាត់ប្រាណលាតសន្ធឹងរាងកាយផ្នែកខាងក្រោម នឹងធ្វើឲ្យសាច់ដុំសង្កត់លើសរសៃឈាមនៅភ្លៅ និងជើង ដែលបណ្ដាលឲ្យរាងកាយបញ្ចេញសារធាតុគីមីដែលពង្រីកសរសៃឈាម ដូច្នេះហើយឈាមអាចចូលបានច្រើន។ កត្តានេះក៏ជះឥទ្ធិពលលើសរសៃឈាមនៅផ្នែកខាងលើនៃរាងកាយដូចគ្នា ពីព្រោះអ្នកចូលរួមការសិក្សា បានបង្ហាញពីការផ្លាស់ប្ដូរស្រដៀងគ្នានៅក្នុងសរសៃឈាមនៃដៃផ្នែកខាងលើរបស់ពួកគេ។
ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានសម្គាល់ថា លំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើង ក៏អាចបន្ថែមការការពារប្រឆាំងទៅនឹងជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមបានផងដែរ ដោយសារតែវាមានជាប់ពាក់ព័ន្ធទៅនឹងការថយចុះនៃលំហូរឈាម។ បន្ថែមពីនេះ លំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើង គឺពិតជាមានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ ដែលមានបញ្ហាក្នុងការធ្វើចលនា និងមិនអាចហាត់ប្រាណទៀងទាត់។
[embed-health-tool-heart-rate]