ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ បង្កឡើងដោយមូសខ្លាញីខាំបឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ខាងក្រោមនេះជារោគសញ្ញានៃជំងឺគ្រុនឈាម ដែលយើងចាំបាច់ត្រូវដឹង និងមានការប្រុងប្រយ័ត្នខ្ពស់។
១. រោគសញ្ញាជំងឺគ្រុនឈាម
– ក្តៅខ្លួនខ្លាំង លើស៣៨ អង្សារសេ
– ឈឺក្បាល
– ឈឺសន្លាក់ដៃជើង និងសាច់ដុំ
– ស្នាមអុចក្រហមលើស្បែក
– អាចមានជាអាការៈចុកនៅក្នុងពោះក្អួតចង្អោរ។
បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ខាងលើនេះគ្រាន់តែជារោគសញ្ញាដំបូងនៃជំងឺគ្រុនឈាមប៉ុណ្ណោះ ដែលជាទូទៅរយៈពេលពី ៣- ៤ថ្ងៃបន្ទាប់ អ្នកជំងឺអាចស្តែងចេញរោគសញ្ញាផ្សេងៗដូចជា ហូរឈាមនៅក្នុងភ្នែក ហូរឈាមតាមច្រមុះ ស្នាមជាំនៅលើស្បែក។
ជំងឺគ្រុនឈាមមួយចំនួនអាចវិវត្តទៅរកសភាពធ្ងន់ធ្ងរ បណ្តាលមកពីការហូរឈាមតាមសរីរាង្គនានា មានប្រព័ន្ធរំលាយ អាហារ ស្បែក និងក្នុងខួរក្បាល ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត។
២. ការព្យាបាលជំងឺគ្រុនឈាម
បើតាមការបញ្ជាក់របស់មន្ទីរពេទ្យកាល់ម៉ែត មកទល់បច្ចុប្បន្ននេះ ការព្យាបាលជំងឺគ្រុនចាញ់ ធ្វើឡើងដើម្បីកាត់បន្ថយ និងទប់ស្កាត់ជំងឺនេះ កុំឲ្យវិវត្តទៅរកសភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជីវិតអ្នកជំងឺ។ ការប្រើប្រាស់ថ្នាំប្រភេទ Aspirine ដើម្បីបញ្ចុះកម្តៅ ត្រូវបានហាមឃាត់ព្រោះអាចបណ្តាលឲ្យហូរឈាមខ្លាំង ក្នុងករណីអ្នកជំងឺមានផ្ទុកមេរោគគ្រុនឈាម។
៣. វិធីបង្ការជំងឺគ្រុនឈាម
– លុបបំបាត់ជម្រកមូស
– ការពារពីមូសខាំ (ពេលព្រឹក និងពេលព្រលប់)
– គេងក្នុងមុង (ទាំងថ្ងៃ ទាំងយប់)
– ស្លៀកសម្លៀកបំពាក់ជិតៗ មានពណ៌ចាំង
– ចៀសវាងនៅក្នុងទីងងឹត
– ប្រើផលិតផលការពារមូស (លាបលើស្បែក)។
តួលេខរបស់ក្រសួងសុខាភិបាល ជំងឺគ្រុនឈាមអំឡុង១៩សប្តាហ៍ ដើមឆ្នាំ២០២០នេះ មានចំនួន ២.១៧២ ករណី ហើយនឹងបន្តកើនឡើងនៅតាមភូមិ ឃុំ និងទីប្រជុំជនតាមបណ្តាខេត្តនាពេលខាងមុខ។
អត្ថបទពាក់ព័ន្ធ៖
- ចាំបាច់ត្រូវដឹង ក្មេងអាយុក្រោម១ឆ្នាំ កើតគ្រុនឈាមគ្រោះថ្នាក់ខ្លាំង ហេតុអីទៅ?
- គ្រុនឈាមពេលពពោះគ្រោះថ្នាក់ណាស់ ស្រីៗត្រូវប្រយ័ត្នឲ្យមែនទែន!
- ភ្លៀងធ្លាក់ហើយប្រយ័ត្នទាំងចាស់ក្មេង មានជំងឺច្រើនប្រភេទឆ្លងដោយសារមូសខាំ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]