កាលពីចុងសប្តាហ៍កន្លងទៅក្រសួងសុខាភិបាលបានប្រកាសពីការផ្ទុះជំងឺគ្រុនឈីកខ្លាំងនៅក្នុងខេត្តចំនួន ៤ ក្នុងនោះរួមមានរតនគិរី មណ្ឌលគិរី បាត់ដំបង និងក្រចេះ។ ធ្វើម៉េចទើបដឹងថាមានជំងឺគ្រុនឈីក? ជំងឺនេះមានរោគសញ្ញាគួរកត់ចំណាំអីខ្លះ?
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាលបានពន្យល់ថា គ្រុនឈីកជាជំងឺបង្កដោយវីរុសឈីក បណ្ដាលមកពីមូសខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង ទាំងចាស់។
ចំពោះរោគសញ្ញាជំងឺគ្រុនឈីកវិញ មានគ្រុនក្តៅ ៣-៤ ថ្ងៃ ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង មានស្នាមកន្ទួល ឬក្រហមលើស្បែក។
ជំងឺគ្រុនឈីកនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែវាកើតរួមគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម។
រវាងជំងឺគ្រុនឈីក និងគ្រុនឈាម មានរោគសញ្ញាស្រដៀងគ្នា គ្រាន់អ្នកកើតជំងឺគ្រុនឈាមអាចនឹងមានរោគសញ្ញាច្រើនជាងប៉ុណ្ណោះ ហើយក៏គ្រោះថ្នាក់ជាងជំងឺគ្រុនឈីកដែរ។
រោគសញ្ញាជំងឺគ្រុនឈាម
– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។
[embed-health-tool-bmi]