យើងធ្លាប់ឮញឹកញាប់អំពីជំងឺគ្រុនឈាម ចំណែកជំងឺគ្រុនឈីកវិញមិនសូវកើតមានប៉ុន្មានទេ តែតាមពិតទៅ ជំងឺទាំង២នេះបង្កឡើងដោយមូសខ្លាញីខាំដូចគ្នា។ តើជំងឺទាំង២នេះ មានចំណុចដូចគ្នាត្រង់ណាខ្លះ? ហើយមួយណាធ្ងន់ធ្ងរជាង?
១. ជំងឺគ្រុនឈាម
ជំងឺគ្រុនឈាមបណ្តាលពីវីរុសគ្រុនឈាម ដែលចម្លងតាមមូសខ្លាញីខាំ ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ គ្រុនឈាមមាន ៤ប្រភេទ និងអាចកើតលើមនុស្សគ្រប់វ័យ តែកុមារកើតញឹកញាប់ជាងគេ។ គ្រុនឈាមភាគច្រើនជាប្រភេទស្រាល តែបើជាប្រភេទធ្ងន់ អាចបះពាល់ដល់ជីវិត ជាពិសេសដែលទទួលការព្យាបាលមិនត្រឹមត្រូវ ការប្រើថ្នាំអាស្ពីរីនដើម្បីព្យាបាល ឬក៏មានការយឺតយ៉ាវបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា រោគសញ្ញាជំងឺគ្រុនឈាមមាន៖
– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។
២. ជំងឺគ្រុនឈីក
ជំងឺគ្រុនឈីកបង្កដោយវីរុសឈីក ឬ Chikungunya បណ្ដាលមកពីមូសខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ ទាំងក្មេង ទាំងចាស់។ ជំងឺគ្រុនឈីកអាចឆ្លងរាលដាលពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ តាមរយៈមូសខ្លាដែលចល័តពីកន្លែងមួយទៅកន្លែងមួយ។ បើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ជំងឺគ្រុនឈីកមានរោគសញ្ញាសំខាន់៣យ៉ាង ហើយជំងឺនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែវាកើតរួមគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម។រោគសញ្ញាទាំងនោះរួមមាន៖
– គ្រុនក្តៅ ៣-៤ ថ្ងៃ
– ឈឺសន្លាក់ឆ្អឹងឆ្អឺងកន្លែង
– មានស្នាមកន្ទួល ឬក្រហមលើស្បែក ដូចកើតស្អូច ឬកញ្រឹល។
បើតាមវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ជំងឺទាំង២នេះមានរោគសញ្ញាមួយចំនួនស្រដៀងគ្នា គឺក្តៅខ្លួន ចេញកន្ទួល ឬអុចក្រហមលើស្បែក ហើយបើប្រៀបធៀបរវាងជំងឺទាំង២នេះ ជំងឺគ្រុនឈាមមានលក្ខណៈធ្ងន់ធ្ងរជាងគ្រុនឈីក។
[embed-health-tool-bmi]