backup og meta

មូសខ្លាញីមិនត្រឹមបង្កគ្រុនឈាម ថែមទាំងចម្លងជំងឺ ៣ មុខនេះទៀត

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Try Ravi · កែ Sep 25, 2023

    មូសខ្លាញីមិនត្រឹមបង្កគ្រុនឈាម ថែមទាំងចម្លងជំងឺ ៣ មុខនេះទៀត

    យើង​ដឹង​ហើយ​ថា មូស​ខ្លា​ញី​គឺជា​ភ្នាក់ងារ​ចម្លង​គ្រុន​ឈាម​យ៉ាង​សកម្ម ដែល​នាំ​ឲ្យ​អ្នកជំងឺមាន​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិនបើ​យឺតយ៉ាវ​ក្នុង​ការ​ព្យាបាល។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​បង្ក​ជំងឺ​គ្រុន​ឈាម មូស​ខ្លា​ញី​នៅ​បង្ក​ជំងឺ​ ៣ មុខ​ទៀត។

    ១- ជំងឺ​គ្រុន​ឈីក ឬ​ឈី​​​គុណ​ហ្គុនយ៉ា

    រោគសញ្ញា​នៃ​ជំងឺ​​គ្រុន​ឈីក ឬ​ឈីគុណ​ហ្គុន​យ៉ា បណ្ដាល​មក​ពី​វីរុស Chikungunya។ ជំងឺ​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ដូច​ជា​ជំងឺ​គ្រុនឈាម​នោះ​ទេ គ្រាន់​តែ​មាន​អាការៈ​ក្ដៅ​ខ្លួន​​​ខ្លាំង មុខ​ឡើង​ក្រហម ហើយ​នៅ​លើ​ខ្លួន​មានឡើង​កន្ទួល​ដូច​ជា​ជំងឺ​​​ស្អូច ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ គឺ​អ្នក​​​ជំងឺ​​​អាច​មាន​សភាព​ឈឺ​​​ចាប់​​នៅ​តាម​​​សន្លាក់​ដៃ​ជើង ជាពិសេស​មនុស្ស​​​ពេញវ័យ ឬ​មនុស្ស​វ័យ​ចំណាស់​​​ដែល​​អាច​​មាន​អាការៈ​​ឈឺ​យូរ។ ចំពោះ​កុមារ​មាន​អាការៈ​ទន់​ដៃ​ទន់​ជើង​ដើរ​មិន​រួច​តែ​ម្តង ដោយសារ​តែ​ការ​ឈឺ​សាច់ដុំ​ខ្លាំង ឈឺ​សន្លាក់ និង​ហើម​ដៃ​ជើង។

    ប៉ុន្តែ​ជំងឺ​នេះ​​មិន​​​បណ្ដាល​ឲ្យ​មនុស្ស​​ស្លាប់​​ទេ ហើយ​វា​កើត​ឡើង​ចំពោះ​អ្នក​មាន​ប្រព័ន្ធ​​​ការពារ​ខ្សោយ ឬ​សុខ​ភាព​​ទ្រុឌទ្រោម​​​​ដូចជា​ផ្ទុក​ជំងឺ​របេង ជំងឺ​អេដស៍ ជំងឺ​ទឹក​នោម​ផ្អែម ឬ​អ្នក​ផឹក​ស្រា​ច្រើន។ ជំងឺ​គ្រុន​ឈីក​កើត​ឡើង​លើ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​ទី​កន្លែង ហើយ​ជំងឺ​​​នេះ​អាច​​​ព្យាបាល​​​​ជាសះស្បើយ តែ​បើ​អ្នក​ធ្លាប់​កើត​ម្ដង​រួច​​​ហើយ មិន​កើត​ទៀត​ឡើយ។

    មូសខ្លាញី

    ២- ជំងឺហ្ស៊ីកា (Zika)

    ជំងឺ​នេះ​បង្ក​ឡើង​ដោយ​សារ​មេរោគ​ហ្ស៊ីកា កើត​ឡើង​តាម​រយៈ​សត្វ​មូស​ខ្លា​ញី​ខាំ។ ជា​ទូទៅ​អ្នក​កើត​ជំងឺ​នេះ​ភាគច្រើន​ជា​សះ​ស្បើយ​ពី​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈពេល​ ១​ សប្ដាហ៍ ហើយ​ករណី​ជា​ច្រើន​ មិន​លេច​ឡើង​ជា​រោគ​សញ្ញា​នោះ​ទេ។ ប៉ុន្តែ​រោគ​សញ្ញា​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​មាន​ដូច​ជា ក្ដៅ​ខ្លួន កន្ទួល​រមាស់​លើ​ស្បែក ឈឺ​សន្លាក់ ឈឺ​ក្បាល ឡើង​ក្រហម​ភ្នែក។ ក្រៅ​ពី​ឆ្លង​តាម​រយៈ​មូស​ខ្លា​ញី​ខាំ ការ​បញ្ចូល​ឈាម និង​ការ​រួមភេទ ក៏​អាច​ចម្លង​បន្ត​បាន​ដែរ។

    ជំងឺ​បង្ក​ដោយ​មេរោគ​ហ្ស៊ី​កា​នេះ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ បើ​ឆ្លង​ទៅ​លើ ស្ត្រី​មាន​ផ្ទៃ​ពោះ ​ទារក​ និង​កុមារ ជាពិសេស​ទារក​ក្នុង​ផ្ទៃ​មាន​ផ្ទុក​មេរោគ​នេះ​ ច្រើន​តែ​កើត​មក​មិន​ពេញ​លក្ខណៈ​ដូចជា​៖

    – ភ្នែក​​កើត​មក​ខុស​ប្រក្រតី

    – ថ្លង់

    – វិបត្តិ​អំឡុង​ពេល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ

    – ខួរ​ក្បាល​តូច

    – ខួរ​ក្បាល​ខុស​ប្រក្រតី។

    ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ឆ្លង​ជំងឺ​នេះ អាច​នឹង​ប្រឈម​នឹង​គ្រោះ​ថ្នាក់ជាច្រើន ដូច​ជា រលូត​កូន ​កូន​ស្លាប់​ក្នុង​ផ្ទៃ និង​សម្រាល​មុន​កំណត់​ជា​ដើម។

    ៣- គ្រុន​លឿង

    គ្រុន​លឿង ជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​ចម្លង​តាម​រយៈ​មូស​ខ្លា​ញី​ខាំ នៅ​ពេល​​ចម្លង​មក​មនុស្ស​​ ជំងឺ​គ្រុន​លឿង​ អាច​ធ្វើ​ឲ្យ​ថ្លើម​ខូច និង​ប៉ះពាល់​ដល់​សរីរាង្គ​ដទៃ​ទៀត​​អាច​បង្ក​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​បាន។ ចំពោះ​រោគសញ្ញា​វិញ​ឡើង​លឿង ​បណ្ដាល​មក​ពី​ការ​ខូចខាត​ទៅ​លើ​ថ្លើម ​និង​រលាក​ថ្លើម។ ប៉ុន្តែ​សម្រាប់​គ្នា​យើង​ខ្លះ​មាន​​ជំងឺ​នេះ ​មិន​លេច​ឡើង​នូវ​រោគ​សញ្ញា​អ្វី​ភ្លាម​ៗ​ទេ ខណៈ ៦​ថ្ងៃ ​បន្ទាប់​ពី​មូស​ខាំ​ ទើប​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា ហើយ​​នៅ​​ដំណាក់​កាល​ដំបូង​ ​អាច​មាន​សញ្ញា​មួយ​ចំនួន​​ដូចជា៖

    – ឡើង​កម្ដៅ

    – ឈឺ​ក្បាល

    – ឈឺ​សាច់​ដុំ នៅ​ម្ដុំ​ខ្នង​ និង​ជង្គង់

    – ចាញ់​ពន្លឺ

    – ក្អួត​ ឬ​ចង្អោរ

    – ធុំ​អាហារ

    – វិល​មុខ

    – ភ្នែក​ មុខ ​និង​អណ្ដាត​ ឡើង​ក្រហម។

    ទោះ​ជា​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នេះ​បញ្ជាក់​ថា ក្នុង​ចំណោម​ជំងឺ​ទាំង ៤ មាន​តែ ២ ប៉ុណ្ណោះ​ដែល​បាន​កើត​ឡើង​លើ​ប្រជាជន​កម្ពុជា​ញឹកញាប់គឺ​គ្រុន​ឈាម បន្ទាប់មកជំងឺ​គ្រុន​ឈីក។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Try Ravi · កែ Sep 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម