យើងដឹងហើយថា មូសខ្លាញីគឺជាភ្នាក់ងារចម្លងគ្រុនឈាមយ៉ាងសកម្ម ដែលនាំឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើយឺតយ៉ាវក្នុងការព្យាបាល។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ក្រៅពីបង្កជំងឺគ្រុនឈាម មូសខ្លាញីនៅបង្កជំងឺ ៣ មុខទៀត។
១- ជំងឺគ្រុនឈីក ឬឈីគុណហ្គុនយ៉ា
រោគសញ្ញានៃជំងឺគ្រុនឈីក ឬឈីគុណហ្គុនយ៉ា បណ្ដាលមកពីវីរុស Chikungunya។ ជំងឺនេះមិនសូវធ្ងន់ធ្ងរដូចជាជំងឺគ្រុនឈាមនោះទេ គ្រាន់តែមានអាការៈក្ដៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅលើខ្លួនមានឡើងកន្ទួលដូចជាជំងឺស្អូច ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ដៃជើង ជាពិសេសមនុស្សពេញវ័យ ឬមនុស្សវ័យចំណាស់ដែលអាចមានអាការៈឈឺយូរ។ ចំពោះកុមារមានអាការៈទន់ដៃទន់ជើងដើរមិនរួចតែម្តង ដោយសារតែការឈឺសាច់ដុំខ្លាំង ឈឺសន្លាក់ និងហើមដៃជើង។