ជឿថាមានម៉ាក់ៗមួយចំនួនមិនដឹងទេថា ក្រោយសម្រាលកូនរួច ពេទ្យបានចេញវេជ្ជបញ្ជាឲ្យលេបថ្នាំទម្លាក់សត្វល្អិតចេញ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ថ្នាំទម្លាក់សត្វល្អិតដែលគ្រូពេទ្យឲ្យលេបនាពេលនោះ គឺថ្នាំសម្រាប់ទម្លាក់សត្វល្អិត និងពពួកព្រូននានាចេញពីក្នុងឈាម ក្នុងពោះវៀន និងជួយកុំឲ្យមានការស្លេកស្លាំង។
វេជ្ជបណ្ឌិតរូបនោះបន្ថែមទៀតថា ទោះជាលេបថ្នាំទម្លាក់សត្វល្អិតក៏ពិតមែន ប៉ុន្តែម៉ាក់ៗនៅតែអាចបំបៅដោះកូនបានជាធម្មតា និងគ្មានផលប៉ះពាល់ឡើយ។ ការលេបថ្នាំទម្លាក់សត្វល្អិត វាជួយកម្ចាត់សត្វល្អិត និងព្រូនចេញបានយ៉ាងមានប្រសិទ្ធិភាព។

ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានបន្តទៀតថា ប្រសិនបើយើងមិនបានទម្លាក់វាអាចបង្កឲ្យកើតជាព្រូន និងបង្កើតកូនចៅចេញជាពងរបស់វាយ៉ាងច្រើន ហើយអាចចូលតាមចរន្តឈាម និងពេលខ្លះអាចចូលទៅដល់ខួរក្បាលបានទៀតផង។
ចំពោះរោគសញ្ញាដែលបង្ហាញថា ម៉ាក់ៗមានសត្វល្អិតក្នុងឈាម ព្រោះមិនទាន់បានទម្លាក់មានដូចជា រាក អស់កម្លាំង ស្លេកស្លាំង និងស្គមរីងរៃ ឬពេលខ្លះអាចមានហូរឈាមតាមលាមក និងខ្លះអាចមានចេញនៅលើស្បែក។
ដូចនេះដើម្បីមានសុខភាពល្អ ចៀសឆ្ងាយពីបញ្ហានានា ក្រោយសម្រាលកូន ម៉ាក់ៗត្រូវលេបថ្នាំតែតាមវេជ្ជបញ្ជា និងមិនគួរញ៉ាំ ឬលេបថ្នាំណាដែលគ្រូពេទ្យមិនអនុញ្ញាត ឬឮតតាមគ្នាឡើយ ព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕