កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC កម្ពុជា បានប្រកាសពីករណីស្លាប់កុមារី អាយុ១១ឆ្នាំម្នាក់ ដោយសារមេរោគផ្ដាសាយបក្សីH5N1។ កុមារីរូបនេះមានទីលំនៅក្នុង ភូមិ រលាំង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី១៦ខែកុម្ភៈ និងបានស្លាប់នៅថ្ងៃទី២២។ លទ្ធផលតេស្តសំណាករបស់កុមារីដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈបង្ហាញថានាងវិជ្ជមានមេរោគផ្ដាសាយបក្សីH5N1។
តើមេរោគផ្ដាសាយបក្សីឆ្លងមកមនុស្សដោយរបៀបណា?
បើតាម CDC អាមេរិកវីរុសនេះអាចឆ្លងទៅមនុស្សបានតាមរយៈការប៉ះពាល់សត្វដែលមានជាប់វីរុស និងក៏អាចពីបរិយាកាសដែលមានវីរុសនេះផងដែរ។ វីរុសអាចចូលទៅក្នុងខ្លួនមនុស្សតាមរយៈភ្នែក ច្រមុះ ឬមាត់ ពេលដកដង្ហើមចូល។ ពេលយើងប៉ះពាល់បក្សី រស់ ឬងាប់មានវីរុសនេះ ហើយយើងយកដៃមកប៉ះភ្នែក មាត់ ឬច្រមុះ នោះវីរុសនឹងឆ្លងមកយើងបាន។
រោគសញ្ញានៃការឆ្លងជំងឺនេះមានដូចជាក្ដៅខ្លួនលើសពី៣៨អង្សា ឈឺក ឈឺសាច់ដុំ និងក្អក។
[embed-health-tool-heart-rate]
តើវីរុសនេះអាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតទេ?
អង្គការសុខភាពពិភពលោកលើកឡើងថាករណីវីរុសនេះឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត គឺជារឿងកម្រកើតមាន។ CDC អាមេរិកបញ្ជាក់ដែរថា ជំងឺផ្ដាសាយបក្សីកម្រងនឹងឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតណាស់ ហើយបើទោះបីជាមានករណីបែបនេះ ក៏មិនងាយនឹងឆ្លងបន្តទៅមនុស្សផ្សេងទៀតដែរ។
ទាកទងនឹងករណីឆ្លងជំងឺផ្ដាសាយបក្សីនៅកម្ពុជានេះ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC កម្ពុជា បានអំពាវនាវឲ្យអ្នកដែលបានប៉ះពាល់បក្សីឈឺ ឬងាប់មិនថាបក្សីស្រុក ព្រៃ ហើយមានចេញរោគសញ្ញាគួរឲ្យសង្ស័យគួរពិគ្រោះជាមួយគ្រូពេទ្យ ឬទាក់ទងមកមន្ត្រីក្រសួងសុខាភិបាលតាមលេខ១១៥។