មូស ជាសត្វល្អិតចង្រៃដែលអាចចម្លងជំងឺធ្ងន់ធ្ងរច្រើនដល់មនុស្សយើង និងអាចចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ នៅក្នុងខែមានភ្លៀងធ្លាក់ យើងត្រូវការពារខ្លួនពីមូសខាំ ព្រោះជំងឺដែលកើតឡើងដោយសារមូសខាំ អាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ពិសេសបើកើតលើអាអូនតូចៗ។ ខាងក្រោមនេះ ជាប្រភេទជំងឺគ្រុនដែលកើតឡើងដោយសារមូសខាំ ម៉ាក់ប៉ាគួរការពារកូនឲ្យផុតពីជំងឺទាំងនេះ។
ជំងឺគ្រុនចាញ់បង្កឡើងដោយប៉ារ៉ាស៊ីត ចម្លងទៅមនុស្សតាមរយៈសត្វមូសដែលភាគច្រើនខាំនៅពេលយប់។ រោគសញ្ញាញឹកញាប់នៃជំងឺគ្រុនចាញ់ គឺគ្រុនក្តៅដែលកើតឡើងរួចបាត់ទៅវិញ បន្ទាប់មកតែងតែមានគ្រុនញាក់ ចង្អោរ ក្អួត ឈឺក្បាល និងឈឺខ្លួន។ល។ បើមិនទទួលបានការព្យាបាលត្រឹមត្រូវ វាអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ពិសេសបើកើតឡើងលើទារក ក្មេងអាយុក្រោម៥ឆ្នាំ និងស្ត្រីពពោះ ក៏ដូចជាអ្នកកើតជំងឺអេដស៍។
ជំងឺគ្រុនលឿង មិនបណ្តាលឲ្យមានរោគសញ្ញាណាមួយនោះឡើយ បើទោះគ្នាយើងខ្លះអាចជួបប្រទះរោគសញ្ញាដូចគ្រុនផ្ដាសាយក៏ពិតមែន ប៉ុន្តែយើងនៅតែអាចដោះស្រាយបានតាមរយៈការសម្រាក ផឹកទឹក និងថ្នាំ។ យ៉ាងណា សភាពទន់ខ្សោយ និងអស់កម្លាំងអាចនឹងជាច្រើនខែក្រោយកើតជំងឺនេះ។ ១៥% នៃមនុស្សមានរោគសញ្ញាជំងឺគ្រុនលឿងកម្រិតស្រាល បែរជាលេចចេញរោគសញ្ញាធ្ងន់ធ្ងរ បន្ទាប់ពីរោគសញ្ញាដំបូងហាក់ដូចជាបានធូរស្រាល។ រោគសញ្ញាធ្ងន់ធ្ងរ មានដូចជាគ្រុនក្តៅខ្លាំង ខាន់លឿង និងមានហូរឈាម។ ជំងឺគ្រុនលឿង អាចក៏អាចធ្វើឲ្យខ្សោយថ្លើម និងតម្រងនោម គំរាមកំហែងខ្លាំងដល់អាយុជីវិត។
គ្រុនឈាម គឺជាជំងឺឆ្លង ភ្នាក់ងារចម្លងគឺសត្វមូស (មូសខ្លា) បណ្តាលមកពីមេរោគគ្រុនឈាមចំនួន ៤ ប្រភេទ។ ជំងឺគ្រុនឈាមកម្រិតមធ្យម បណ្តាលឲ្យយើងគ្រុនក្តៅខ្លាំង កន្ទួល ឈឺសាច់ដុំ និងសន្លាក់។ ក្នុងករណីធ្ងន់ធ្ងរ ត្រូវគេហៅថាជំងឺគ្រុនឈាម Hemorrhage អាចបណ្តាលឲ្យហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមធ្លាក់ចុះភ្លាមៗ និងស្លាប់ទៀតផង។ បើក្មេងៗកើតជំងឺគ្រុនឈាមរហូតដល់ស្លាប់ បណ្ដាលមកពីម៉ាក់ប៉ាបញ្ជូនកូនទៅមន្ទីរពេទ្យយឺតពេល តែជាទូទៅ ជំងឺគ្រុនឈាមកម្រនឹងមានករណីស្លាប់ណាស់ បើអ្នកជំងឺទទួលបានការព្យាបាលទាន់ពេល។
ជំងឺគ្រុនឈីកបង្កដោយវីរុសឈីក ឬ Chikungunya បណ្ដាលមកពីមូសខ្លាញីខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យទាំងក្មេង ទាំងចាស់។ បើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ជំងឺគ្រុនឈីកមានរោគសញ្ញាសំខាន់៣យ៉ាងដូចជា គ្រុនក្ដៅ ឈឺសន្លាក់ឆ្អឹង មានស្នាមកន្ទួលក្រហមលើស្បែក។ល។ ហើយជំងឺនេះមិនបណ្តាលឲ្យអ្នកជំងឺស្លាប់នោះទេ លើកលែងតែវាកើតរួមគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម បើប្រៀបធៀបរវាងជំងឺទាំង២នេះ ជំងឺគ្រុនឈាមមានលក្ខណៈធ្ងន់ធ្ងរជាងគ្រុនឈីក។