ចាប់តាំងពីមានការរាតត្បាត COVID-19 មក ការពាក់ម៉ាសក្លាយជាប្រធានបទមួយមានការជជែកគ្នាថាគួរពាក់នៅពេលណា ឬត្រូវពាក់ជាប្រចាំ។ ក្នុងន័យទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ មនុស្សក្នុងប្រទេសមួយចំនួនពាក់ម៉ាស ខណៈប្រទេសមួយចំនួនទៀតមិនពាក់ម៉ាសឬពាក់តិចតូច។ នេះត្រូវបានអ្នកជំនាញខ្លះថាមកពីប្រទេសខ្លះមានទម្លាប់ពាក់ម៉ាសរួចជាស្រេចទៅហើយ ខណៈប្រទេសខ្លះទៀតមិនមានទម្លាប់បែបនេះ និងម្យ៉ាងខាងផ្នែកវិទ្យាសាស្រ្តនៅមិនទាន់ឯកភាពគ្នាលើការពាក់ម៉ាសនេះថាអាចការពារការចម្លងវីរុសបានឬយ៉ាងណា។
ប៉ុន្មានសប្ដាហ៍មុននេះ ប្រទេសនៅអឺរ៉ុបបានណែនាំឲ្យប្រជាជនខ្លួនពាក់ម៉ាសពេលនៅទីសាធារណៈ និងប្រទេសអង់គ្លេសបានឲ្យប្រជាជនខ្លួនពាក់ក្រណាត់បិទមុខនៅកន្លែងដែលមានមនុស្សច្រើន និងពិបាករក្សាគម្លាតដូចជានៅលើរថយន្តសាធារណៈ និងហាងទំនិញមួយចំនួន។ រដ្ឋជាច្រើននៅសហរដ្ឋអាមេរិកក៏បានចេញសេចក្តីណែនាំស្រដៀងនេះដែរ និងបុគ្គលិកក្នុង សេតវិមានត្រូវពាក់ម៉ាសគ្រប់គ្នា។ ទោះបីជាមានការណែនាំផ្លូវការទៅលើការពាក់ម៉ាសក៏ដោយ មនុស្សមួយចំនួននៅតែមិនពាក់ម៉ាស និងរដ្ឋាភិបាលមួយចំនួននៅមានមន្ទិលសង្ស័យទាក់ទងនឹងបញ្ហានេះ។
ចាប់តាំងពីផ្ទុះឡើងការរាតត្បាត COVID-19 អង្គការសុខភាពពិភពលោកបានណែនាំថាមានមនុស្សពីរប្រភេទប៉ុណ្ណោះដែលគួរពាក់ម៉ាស។ មួយគឺអ្នកដែលឈឺ និងមានរោគសញ្ញា និងមួយទៀតគឺអ្នកថែទាំអ្នកដែលគេសង្ស័យថាឆ្លង COVID-19។ អ្នកដទៃមិនចាំបាច់ពាក់ម៉ាសទេ ហើយអ្នកជំនាញក៏បានផ្តល់នូវមូលហេតុជាច្រើនទាក់ទងនឹងការពាក់ម៉ាស់នេះដែរ។ មូលហេតុមួយក្នុងនោះគឺម៉ាសមិនមែនជារបស់ការពារដ៏ល្អទេ ដោយការសិក្សាបង្ហាញថាវីរុសនេះឆ្លងតាមរយៈដំណាក់ទឹកចេញពីផ្លូវដង្ហើម និងការប៉ះពាល់ទៅលើផ្ទៃដែលមានវីរុស។ ដូចនេះម៉ាសអាចការពារយើងបានក្នុងស្ថានភាពដែលយើងនៅកន្លែងមានមនុស្សច្រើន ឬអ្នកឆ្លងវីរុសអាចនឹងកណ្ដាស់ ឬក្អកជិតយើង។ នេះហើយដែលធ្វើឲ្យអ្នកជំនាញតែងនិយាយថាការលាងសម្អាតដៃជាមួយសាប៊ូគឺជាវិធីដែលល្អបំផុត។
ដោយឡែកប្រទេសមួយចំនួននៅអាស៊ី មនុស្សគ្រប់គ្នាពាក់ម៉ាសតាំងពីយូរមកហើយមុននឹងមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។ នៅប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ថៃ និងតៃវ៉ាន់ គេគិតថាមនុស្សគ្រប់គ្នាអាចជាអ្នកមានវីរុសនេះទោះបីជាពួកគេមានសុខភាពល្អក៏ដោយ។ ដូចនេះហើយអ្នកទាំងនោះពាក់ម៉ាសដើម្បីការពារអ្នកដទៃមិនឆ្លងពីខ្លួន។
នៅតំបន់ខ្លះនៅប្រទេសចិន យើងអាចនឹងត្រូវចាប់ឃាត់ខ្លួន ឬពិន័យបើមិនពាក់ម៉ាស។ រីឯនៅប្រទេសសិង្ហបុរីពេលនេះក៏តម្រូវឲ្យប្រជាជនខ្លួនពាក់ម៉ាសពេលចេញទៅក្រៅ មិនដូច្នោះទេនឹងត្រូវពិន័យជាទឹកប្រាក់ ២១០ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះនៅប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនវិញ គេសង្ស័យថាមានករណីឆ្លងដែលមិនបានរាយការណ៍ច្រើនធ្វើឲ្យមនុស្សភាគច្រើនពាក់ម៉ាសដើម្បីការពារខ្លួនគេ។
នៅប្រទេសទាំងនេះភាគច្រើនគេពាក់ម៉ាសពេលឈឺព្រោះអ្នកទាំងនោះគិតថាការក្អក ឬកណ្ដាស់នៅទីសាធារណៈគឺមានភាពមិនសមរម្យ។ ម៉្យាងទៀត ដោយសារមានការផ្ទុះឡើងជំងឺ SARS កាលពីឆ្នាំ២០០៣ដែលបានឆ្លងនៅប្រទេសជាច្រើននៅអាស៊ីបានធ្វើឲ្យការពាកម៉ាស់មានសារសំខាន់ ជាពិសេសនៅទីក្រុងហុងកុងដែលមានមនុស្សជាច្រើនបានស្លាប់។ នេះអាចចំណុចខុសគ្នារវាងប្រទេសទាំងនេះ និងប្រទេសលោកខាងលិច។ បន្ថែមពីនេះប្រទេសខ្លះនៅអាស៊ីមានការបំពុលខ្យល់ច្រើនដែលធ្វើឲ្យមនុស្សពាក់ម៉ាសពេលចេញទៅក្រៅ។
អ្នកជំនាញជឿថាការពាក់ម៉ាស់មុននឹងចេញទៅក្រៅអាចទម្លាប់ល្អមួយដែលបង្ការមិនឲ្យប៉ះពាល់មុខ ចៀសវាងកន្លែងមានមនុស្សច្រើន និងការរក្សាគម្លាតជាដើម។ អ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យហុងកុង Benjamin Cowling បាននិយាយថាមនុស្សយើងមិនអាចនិយាយថាម៉ាសមិនមានប្រសិទ្ធភាពក្នុងការពារទេ ប៉ុន្តែគេសន្និដ្ឋានថាម៉ាសអាចផ្តល់ការការពារបានខ្លះព្រោះម៉ាសជារបស់ការពារដែលមនុស្សយើងឲ្យទៅក្រុមគ្រូពេទ្យ។ ប្រសិនជាមានមនុស្សច្រើនពាក់ម៉ាសពេលនៅកន្លែងមនុស្សច្រើន នោះម៉ាសអាចនឹងទប់ស្កាត់ការចម្លងបានខ្លះ។
ប៉ុន្តែនេះក៏មានផលវិបាកដែរ នៅប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងប្រទេសថៃបានប្រឈមនឹងបញ្ហាកង្វះខាតម៉ាស ហើយនៅប្រទេសកូរ៉េខាងត្បូងបានចែកចាយម៉ាស់ដោយកំណត់ចំនួនដែរ។ នេះបង្កឲ្យមានភ័យខ្លាចថាអ្នកពាក់ម៉ាសអាចនឹងពាក់ម៉ាសដែលប្រើហើយ ឬប្រើម៉ាស់គ្មានគុណភាព។
នៅសហរដ្ឋអាមេរិក ការតម្រូវឲ្យមនុស្សគ្រប់គ្នាពាក់ម៉ាស់បានក្លាយបញ្ហាទាក់ទងនឹងសេរីភាពផ្ទាល់ខ្លួន។ ទីក្រុង Stillwater នៅ Oklahoma បានប្តូរច្បាប់នៃការពាក់ម៉ាសមកជាការណែនាំវិញក្រោយពីមានការគំរាមកំហែងប្រើអំពើហឹង្សា ខណៈដែលសន្តិសុខនៅរដ្ឋ Michigan ត្រូវបានសម្លាប់ក្រោយពីបានហាមឃាត់អ្នកទិញទំនិញមិនពាក់ម៉ាសមិនឲ្យចូលទៅក្នុងហាងទំនិញ។
ដោយសារការសិក្សាជាច្រើនបានយល់ស្រប និងមិនយល់ស្របទៅលើប្រសិទ្ធភាពរបស់ម៉ាសក្នុងបញ្ឈប់ការចម្លង ហេតុនេះហើយប្រទេសមួយចំនួនមិនបានចេញច្បាប់ ឬសេចក្តីណែនាំលើការពាក់ម៉ាស ដូចជាប្រទេសណូវែលហ្សេឡង់ជាដើមដែលអាចគ្រប់គ្រងការរាតត្បាតក្នុងប្រទេសបានដោយមិនបានចេញសេចក្តីណែនាំឲ្យប្រជាជនខ្លួនពាក់ម៉ាស ដោយសារខ្វះការឯកភាពគ្នាផ្នែកវិទ្យាសាស្ត្រ និងការព្យាបាលសាកល្បង។
មូលហេតុដែលមនុស្សមួយចំនួនពាក់ម៉ាស់ និងមួយចំនួនទៀតមិនពាក់ម៉ាស់មិនមែនដោយសារតែការណែនាំរបស់រដ្ឋាភិបាល និងវេជ្ជសាស្ត្រទេ ប៉ុន្តែនេះអាចមកពីវប្បធម៌ និងប្រវត្តិសាស្ត្រដែលធ្លាប់ជួបប្រទះជំងឺរាតត្បាត ឬទាក់ទងនឹងសេរីភាពផ្ទាល់ខ្លួន។ ដោយការរាតត្បាតនៃ COVID-19 នៅតែបន្ត អ្នកវិទ្យាសាស្ត្រនៅតែបន្ថការសិក្សាទាក់ទងនឹង COVID-19 ដូចនេះហើយឥរិយាបថរបស់យើងនឹងផ្លាស់ប្ដូរទៅតាមភស្តុតាង និងការស្រាវជ្រាវទាំងនោះ។
អត្ថបទពាក់ព័ន្ធ៖
- អាជ្ញាធរទីក្រុងអ៊ូហាននឹងតេស្ដរកវីរុស COVID-19 លើប្រជាជនទាំងអស់ ក្រោយមានករណីឆ្លងថ្មី
- ៣ចំណុចក្រើនរំឭកបន្ថែមពីការលាងដៃការពារកុំឲ្យឆ្លង COVID-19
- វីរុស COVID-19 អាចរុញមនុស្ស៥០០លាននាក់បន្ថែមទៀតរស់នៅក្នុងភាពក្រីក្រ
- អាការៈរាករូសអាចជារោគសញ្ញាដំបូងក្រោយឆ្លងវីរុស COVID-19
- ច្រមុះលែងដឹងក្លិន អណ្ដាតលែងដឹងរសជាតិ អាចជារោគសញ្ញាឆ្លងវីរុស COVID-19
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]