អាជ្ញាធរអាមេរិកបានប្រកាសជាផ្លូវការដោយអនុញ្ញាតឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ប្លាស្មាបានពីអ្នកជាសះស្បើយពីជំងឺ COVID-19 ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ផ្សេងទៀត។
ការប្រកាសឲ្យប្រើប្រាស់នេះបានធ្វើឡើងកាលពីកាលពីថ្ងៃទី២៣ ខែសីហា។ អ្នកជំនាញជឿថាប្លាស្មានេះមានផ្ទុកអង់ទីករដែលអាចជួយប្រឆាំងនឹងជំងឺ COVID-19 លឿន និងការពារអ្នកជំងឺមិនឲ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ។ សមាគមចំណីអាហារ និងឱសថអាមេរិក (FDA)បានលើកឡើងថាប្លាស្មាបានពីអ្នកជាសះស្បើយមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺ COVID-19 និងថាអាចមានអានិភ័យតិចតួចប៉ុណ្ណោះ។ FDA អនុញ្ញាតឲ្យប្រើប្រាស់ការបញ្ចូលប្លាស្មានេះទៅលើអ្នកជំងឺ COVID-19 ក្រោមលក្ខខណ្ឌដែលអ្នកជំងឺមានស្ថានភាពជំងឺធ្ងន់ធ្ងរ និងដើម្បីធ្វើតេស្ដសាកល្បងទៅលើមនុស្ស។
ទោះបីជាវិធីព្យាបាលនេះត្រូវបានប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងៗទៀតក៏ដោយ អ្នកជំនាញនៅតែជឿថាវិធីព្យាបាលនេះអាចមានផលប៉ះពាល់ផ្សេងទៀតដែរ។ វេជ្ជបណ្ឌិត Len Horovitz អ្នកឯកទេសជំងឺសួតនៅមន្ទីរពេទ្យ Lexnox បាននិយាយថាការព្យាបាលដោយប្លាស្មានេះអាចមានប្រសិទ្ធភាព ប៉ុន្តែនៅតែត្រូវការការព្យាបាលសាកល្បងលើមនុស្ស និងមិនអាចប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរស្រាប់ទេ។
វេជ្ជបណ្ឌិតខាងលើបានបន្តថាប្លាស្មានេះគឺមានប្រសិទ្ធភាពល្អនៅពេលប្រើព្យាបាលអ្នកជំងឺដែលទើបនឹងឆ្លងវីរុស (ពេលរាងកាយកំពុងប្រឆាំងនឹងវីរុស) ប៉ុន្តែអ្វីដែលជាបញ្ហាគឺការផ្គត់ផ្គង់ប្លាស្មានេះមានចំនួនកំណត់ ដែលពិបាកក្នុងការរកឲ្យបានគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺក្នុងដំណាក់កាលដំបូងៗ។
យោងតាមសារព័ត៌មាន The Washington Post បានឲ្យដឹងថាអ្នកជំងឺជាង ៧ម៉ឺននាក់ហើយ នៅសហរដ្ឋអាមេរិកបានទទួលការបញ្ចូលប្លាស្មាបានពីអ្នកជាសះស្បើយពីជំងឺ COVID-19 ។ គិតមកថ្ងៃនេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុបជិត ៦លាននាក់ ក្នុងនោះអ្នកជាសះស្បើយជាង ៣លាននាក់ និងអ្នកស្លាប់ជិត ២សែននាក់។
[embed-health-tool-bmi]