រូបភាព៖ Freshnews
ព្រឹកនេះមានស្លាប់ទៀតហើយ មិនដឹងថាតទៅមុខទៀតមានស្លាប់ប៉ុន្មាននាក់ទៀតទេ? នេះជាការលើកឡើងរបស់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ក្នុងបទសម្ភាសជាមួយ BTV។
លោកជំទាវលើកឡើងបែបនេះ ដោយសារតែមានអ្នកជំងឺមួយចំនួនមានស្ថានភាពធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះ តែមិនដឹងថា អាចឆ្លងកាត់នូវដំណាក់កាលវាយលុកដ៏ខ្លាំងក្លារបស់វីរុសកូវីដ ១៩ បាន ឬអត់នោះទេ។
ដើម្បីឆ្លងផុតដំណាក់ធ្ងន់ធ្ងរនៃការវាយលុករបស់វីរុសកូវីដ ១៩ លោកជំទាវស្នើ ២ ចំណុច។ ទី១ ចំពោះអ្នកដែលឆ្លងកូវីដ ១៩ ត្រូវអត់ធ្មត់ ហើយព្យាយាមធ្វើតាមវិធានការសុខាភិបាល ធ្វើយ៉ាងណាឲ្យសរីរាង្គយើងអាចឈ្នះកូវីដ ១៩ ទី២ អ្នកដែលមិនទាន់ឆ្លង សុំធ្វើឲ្យយ៉ាងណាកុំឲ្យឆ្លង ដោយអនុវត្តវិធានការពារខ្លួនឲ្យបានត្រឹមត្រូវ។
លោកជំទាវថ្លែងទាំងអួលដើមកថា ករណីនៃការស្លាប់ដោយសារជំងឺកូវីដ ១៩ មានជាបន្តបន្ទាប់ ហើយវីរុសកូវីដ ១៩ នៅពេលនេះជាវីរុសបម្លែងថ្មី មានលទ្ធភាពវាយលុកខ្លាំងក្លា ដែលធ្វើឲ្យក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។ “ខ្ញុំមានអារម្មណ៍ក្តុកក្តួលមែនទែន នៅពេលឃើញបងប្អូនប្រជាពលរដ្ឋស្លាប់ជាបន្តបន្ទាប់ ហើយការស្លាប់នេះប្រសិនបើយើងអាចការពារ យើងត្រូវតែពួតដៃគ្នា ដើម្បីធ្វើម៉េចឲ្យវិធានការសុខាភិបាលមានចំណាត់ការត្រឹមត្រូវ”។
[embed-health-tool-bmi]