ខណៈវីរុសកូវីដ ១៩ បម្លែងថ្មី កំពុងវាយលុកសួតអ្នកជំងឺកូវីដ ១៩ ធ្វើឲ្យមានការស្លាប់ជាបន្តបន្ទាប់នោះ គ្រូពេទ្យជួរមុខ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត វេជ្ជបណ្ឌិត សៀង ប៊ុនថន បានផ្ញើសារដល់បងប្អូនដែលមានឪពុកម្តាយចាស់ៗ ឬមានជំងឺរ៉ាំរ៉ៃគួរតែប្រុងប្រយ័ត្ន ហើយបើចេញក្រៅអាចយកមេរោគចូលផ្ទះវិញទៅចម្លងដល់ចាស់ ហើយឈានទៅដល់ការបាត់បង់ជីវិត នឹងមានវិប្បដិសារីជាក់ជាមិនខាន។
លោកវេជ្ជបណ្ឌិតរូបនេះបន្តថា មេរោគបម្លែងខ្លួនថ្មីនេះកំពុងវាយលុកសួតខ្លាំងក្លាបំផុត ដែលយើងហៅថា រលាកសួតស្រួចស្រាល់។ ជំងឺរលាកសួតស្រួចស្រាល់ជាការរលាកសាច់សួតលឿនបំផុតដែលបង្កឲ្យមានការថយចុះ នៃការប្តូរអុកស៊ីសែនក្នុងសួត ហើយឈានទៅដល់កង្វះអុកស៊ីសែននៅក្នុងឈាម និងកង្វះអុកស៊ីសែនទៅចិញ្ចឹមសិរីរាង្គផ្សេងៗទៀតក្នុងខ្លួនមនុស្ស។ ដូច្នេះហើយភាគច្រើនបានជាអ្នកជំងឺឆ្លងវីរុសកូវីដ ១៩ អាចប្រឈមនឹងការស្លាប់ ចំពោះជំងឺមានអាយុច្រើន ប្រពន្ធ័ភាពស៊ាំខ្សោយ និងមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺបេះដូង ខូចតម្រងនោម ជំងឺសួតរ៉ាំរ៉ៃជាដើម។
លោកវេជ្ជបណ្ឌិតថា ក្រុមអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃដូច្នេះ មិនអាចទ្រាំទ្របាននឹងការខ្វះអុកស៊ីសែនយូរបានទេ ហើយអាចឈានដល់ស្លាប់តែម្តង។ “មកដល់ពេលនេះ (23/3/2021) មានអ្នកជំងឺស្លាប់ដោយសារកូវីដ ៥នាក់ទៅហើយ ហើយអាចនៅមានបន្តទៀត។ព្រឹត្តិការណ៍ថ្ងៃ ២០ កុម្ភៈ បិទបញ្ចប់ទៅបានមិនមែនអាស្រ័យទៅលើក្រុមគ្រូពេទ្យតែប៉ុណ្ណោះទេត្រូវចូលរួមទាំងកងកម្លាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់”។
[embed-health-tool-bmi]