ព្រឹកនេះរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំបន្ថែម អំពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក្នុងផ្សារអូរឫស្សី។ ក្នុងសេចក្ដីណែនាំថ្មីបន្ថែមនេះបានបញ្ជាក់ថា ស្ថានភាពវិវឌ្ឍនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននេះជាពិសេស ក្នុងចំណោមអាជីវករ សន្តិសុខ និងបុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់សរុបត្រឹមរយៈពេល ៤ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង ១០០នាក់។
ដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងផ្សារអូរឫស្សី រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរម្លឹក និងណែនាំ ៤ ចំណុចសំខាន់។
ទី១ ចៀសវាងការពិន័យអន្តរការណ៍ និងការទទួលខុសត្រូវ ចំពោះមុខច្បាប់ អាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ ចាប់ពីថ្ងៃទី១ ខែមេសា ដែលមិនទាន់បានទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកនៅវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័ក ១៤ថ្ងៃ។
ទី២ ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករ បម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេះ នឹងមិនឲ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលផ្សារនេះបើកដំណើរការឡើងវិញ។
ទី៣ ចំពោះប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាង ជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារអូរឫស្សី ដាច់ខាត មិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់។
ទី៤ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលមានអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ កំពុងរស់នៅក្នុងមូលដ្ឋានដែនដីដែលខ្លួនគ្រប់គ្រង ត្រូវចុះផ្សព្វផ្សាយជំរុញឲ្យពួកគាត់ ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩។
[embed-health-tool-bmi]