អង្គការសុខភាពពិភពលោក (WHO) បានទទួលស្គាល់ការប្រើប្រាស់ជាបន្ទាន់ នៃវ៉ាក់សាំងកូវីដ-១៩ Sinovac កាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។ ការទទួលស្គាល់នេះ បើកផ្លូវឲ្យវ៉ាក់សាំងទី២ ដែលផលិតនៅប្រទេសចិន ត្រូវបានចែកចាយនៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ បូករួមទាំងវ៉ាក់សាំង Sinovac នេះ មានវ៉ាក់សាំងកូវីដ-១៩ ចំនួន ៦ប្រភេទហើយ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
ទីភ្នាក់ងារផ្នែកសុខភាពរបស់អង្គការសហប្រជាជាតិ (The UN Health Agency) បានផ្ដល់ភ្លើងខៀវដល់វ៉ាក់សាំង Sinovac ក្រោយទទួលស្គាល់ថា វ៉ាក់សាំង Sinovac បំពេញតាមស្តង់ដារអន្តរជាតិសម្រាប់សុវត្ថិភាព ផលិតភាព និងផលិតកម្ម។
គួរឲ្យដឹងផងដែរថា កន្លងមកអង្គការសុខភាពពិភពលោក (WHO) បានផ្ដល់ការចុះបញ្ជីការប្រើប្រាស់បន្ទាន់ដល់វ៉ាក់សាំងកូវីដ-១៩ចំនួន ៥ ប្រភេទទៀត រួមមាន Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca (ទាំងផលិតនៅឥណ្ឌា និងកូរ៉េខាងត្បូង) និង Sinopharm ជាវ៉ាក់សាំងដំបូងផលិតដោយប្រទេសចិន ដែលទទួលស្គាល់ដោយ WHO។
យោងតាមការផ្សព្វផ្សាយរបស់ AFP វ៉ាក់សាំង Sinovac កំពុងចរាចរណ៍ឲ្យចាក់ការពារជំងឺកូវីដ-១៩ នៅក្នុងប្រទេសចំនួន ២២ ជុំវិញពិភពលោកក្នុងនោះមាន ប្រទេសថៃ ឥណ្ឌូណេស៊ី ប្រេស៊ីល កម្ពុជា និងប្រទេសដទៃទៀត។
[embed-health-tool-bmi]