លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ស្ថានភាពជំងឺកូវីដ ១៩ បានឈានដល់បន្ទាត់ក្រហម សឹងតែឈានផុតបន្ទាត់ក្រហមហើយ។
“ឥលូវហ្នឹងយើងសឹងតែឈានផុតបន្ទាត់ក្រហមហើយ អ៊ីចឹងយើងអត់ចង់ឲ្យស្ថានភាពនៃការវាយលុកជំងឺកូវីដ ១៩ លើសពីបន្ទាត់ក្រហមរបស់យើងទេ កាលណាលើសចូលទៅបន្ទាត់ក្រហមហើយបងប្អូនពិបាកណាស់ ដែលចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំនៅសហគមន៍របស់យើង”។
ថ្លែងប្រាប់ BTV លោកជំទាវថា កាលណាតែជំងឺកូវីដ ១៩ រាតត្បាតទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ ដែលហួសសមត្ថភាពក្នុងការគ្រប់គ្រង និងព្យាបាលជំងឺ ដែលធ្វើឲ្យករណីស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ មានចំនួនច្រើន ឯប្រជាពលរដ្ឋក៏មានពិបាកក្នុងការរបបរកស៊ី ដែលប្រការនេះធ្វើឲ្យប៉ះពាល់ទាំងសេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិ។
ការលើកឡើងបែបនេះ ស្របពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ មួយរយៈចុងក្រោយនេះមានការកើនឡើង ឯចំនួនក៏ស្លាប់ក៏ច្រើន ហើយកម្ពុជាក៏បានរកឃើញវីរុសបំប្លែងថ្មីប្រភេទ Delta ជាបន្តបន្ទាប់ ដែលមកពេលនេះ ចំនួនអ្នកឆ្លងវីរុសបំប្លែងថ្មី Delta កើនដល់ ២២នាក់ហើយ។
ក្នុងស្ថានភាពនេះ លោកជំទាវថា យើងទាំងអស់គ្នាត្រូវចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ឲ្យបានសកម្មផុត។
គិតត្រឹមព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបទូទាំងប្រទេស ៤៩ ២២៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤៣ ៤៧៣នាក់ និងមានអ្នកស្លាប់ ៥៧៥នាក់។
[embed-health-tool-bmi]