backup og meta

៣ ចំណុចសំខាន់ យើងគួរដឹងពីវីរុសបំប្លែងថ្មី Delta

៣ ចំណុចសំខាន់ យើងគួរដឹងពីវីរុសបំប្លែងថ្មី Delta

វីរុស​បំប្លែង​ថ្មីDelta កំពុង​ក្លាយ​ជា​វីរុស​កូវីដ-១៩ វាយលុក​ពាស​ពេញ​ពិភពលោក​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ក៏​មាន​ករណី​នាំ​ចូល​មក​ស្រុក​ខ្មែរ​យើង​ដែរ។ វីរុស​បំប្លែង Delta ត្រូវ​បាន​រក​ឃើញ​ថា ជា​វីរុស​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​ឥណ្ឌា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លោកស្រី Soumya Swaminathan ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ នៃ​អង្គការ​សុខភាព​ពិភពលោក (WHO)។

១. តើ​វីរុស​បំប្លែង​ថ្មី Delta បង្ក​រោគ​សញ្ញា​ធ្ងន់ធ្ងរ ឬ​ធ្វើ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​កម្រិតណា?

ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពី​វីរុស​នេះ​គឺ​ចាំបាច់ ប៉ុន្តែ​មាន​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា វីរុស​បំប្លែង​ថ្មី Delta អាច​បណ្ដាល​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បាន បើ​ឆ្លង​វា។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៤ ខែ​មិថុនា វិបសាយ The Lancet បាន​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​វីរុស​បំប្លែង​ថ្មី Delta នៅ​ប្រទេស Scotland អះអាង​ថា ហានិភ័យ​នៃ​ការ​ចូល​មន្ទីរពេទ្យ​ពី​ជំងឺ​កូវីដ-១៩ កើន​ឡើង​ទ្វេ​ដង ចំពោះ​អ្នកជំងឺ​ដែល​បាន​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta បើ​ប្រៀបធៀប​ជាមួយ​មនុស្ស​ឆ្លង​វីរុស Alpha។

អ្នក​ស្រាវជ្រាវ​អង់គ្លេស​បាន​រាយការណ៍​ពី​រោគ​សញ្ញា​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង Delta នេះ។ របាយការណ៍​ពី​កម្មវិធី​តាមដាន​រោគសញ្ញា វ៉ាក់សាំង​ដែល​មនុស្ស​ច្រើន​ជាង​៤លាន​នាក់​កំពុង​ប្រើ​ប្រាស់​ក្នុង​ចក្រភព​អង់គ្លេស​បង្ហាញ​ថា រោគ​សញ្ញា​របស់​ជំងឺ​កូវីដ-១៩​ ឥឡូវ​នេះ​គឺ​ឈឺ​ក្បាល ឈឺ​ក ហៀរ​សម្បោរ និង​ក្ដៅ​ខ្លួន ស្រដៀង​នឹង​រោគ​សញ្ញា​ផ្ដាសាយ​ធំ​ដែរ។

ចំណែក​ឯ​នៅ​សហរដ្ឋ​អាមេរិក​វិញ អ្នក​ជំនាញ​អះ​អាង​ថា ដង្ហក់ ក្អក និង​បញ្ហា​សួត​ផ្សេង​ទៀត​ជា​រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​កូវីដ-១៩ និង​នៅ​ក្នុង​ករណី​ខ្លះ មាន​ចេញ​រោគ​សញ្ញា​ដូច​ជា តឹង​ច្រមុះ ហៀរ​សម្បោរ និង​ឈឺ​ក្បាល។

អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា ហេតុ​អី​បាន​ជា​រោគ​សញ្ញា​ស្រដៀង​នឹង​ផ្ដាសាយ​ធំ ឬ​មាន​ពាក់ព័ន្ធ​នឹង​វីរុស​បំប្លែង​ថ្មី Delta ​ឬ​ក៏​អត់​នោះ​ទេ។ រោគ​សញ្ញា​ជា​ច្រើន​របស់​ជំងឺ​កូវីដ-​១៩ ​ស្រដៀង​នឹង​ផ្ដាសាយ​ធំ​ដែរ ហើយ​ថ្មី​ៗ​នេះ មជ្ឈមណ្ឌល CDC អាមេរិក បាន​បញ្ចូលអាការៈតឹង​ច្រមុះ និង​ហៀរ​សម្បោរចូល​ទៅ​ក្នុង​បញ្ជី​រោគ​សញ្ញា​កូវីដ-១៩ គួរ​តាមដាន។

២. តើ​វីរុស​បំប្លែង​ថ្មី Delta រីក​រាល​ដាល​ដល់​ណា​ខ្លះ?

មក​ដល់​ថ្ងៃ​នេះ វីរុស​បំប្លែង​ថ្មី Delta ត្រូវ​បាន​រក​ឃើញ​ថា រីក​រាលដាល​ដល់​ទៅ ​៩៥​ប្រទេស​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។ វីរុស​បំប្លែង​ថ្មី Delta ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទាំង​៥០​រដ្ឋ របស់​សហរដ្ឋ​អាមេរិក។ ចំណែក​ប្រទេស​ខ្លះ​ត្រូវ​បាន​បិទ​ខ្ទប់​ទីក្រុង​មួយ​ចំនួន និង​ដាក់​កំហិត​ទៅ​លើ​ជើង​ហោះ​ហើរ​ចូល​ប្រទេស​ពី​តំបន់​ផ្ទុះ​វីរុស​បំប្លែង​ថ្មី Delta ដូច​ជា ប្រទេស​អូស្ត្រាលី អាហ្វ្រិក អាល្លឺម៉ង់ ទីក្រុង​ហុងកុង និង​តៃវ៉ាន់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta។

៣. តើ​វ៉ាក់សាំង​ធម្មតា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី Delta ឬ​អត់?

វ៉ាក់សាំង​ដែល​កំពុង​ចរាចរណ៍​ឲ្យ​ប្រើប្រាស់​បង្ហាញ​ឲ្យ​ឃើញ អាច​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី Delta ការពារ​យើង​ពី​វីរុស​នេះ ហើយ​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​យល់ស្របថា បុគ្គល​ដែល​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ដូស​ហើយ មិន​ចាំ​បាច់​បារម្ភ​ខ្លាំង​ពី​ការ​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta​ ពេក​ទេ។

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Moderna បាន​អះអាង​ថា វ៉ាក់សាំង​ Moderna អាច​ប្រឆាំង​នឹង​វីរុស​បំប្លែង​ថ្មី​នេះ​បាន បន្ទាប់​ពី​តេស្ដ​ឈាម​អ្នក​ចាក់​វ៉ាក់សាំង ​Moderna គ្រប់​ដូស ហើយ​ឃើញ​ថា មាន​អង់ទីករ​ការពារ​រាងកាយ​ពី​វីរុស​កូវីដ-១៩។ ចំពោះ​វ៉ាក់សាំង Pfizer និង AstraZeneca ក៏​បង្ហាញ​លទ្ធផល​ស្រដៀង​នឹង​វ៉ាក់សាំង Moderna​ ដែរ ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា វ៉ាក់សាំង​កូវីដ-១៩​ ដទៃ​ទៀត ពិត​ជា​អាច​ការពារ​យើង​បាន​ពី​វីរុស​បំប្លែង​ថ្មី Delta​ នេះ​ឬក៏យ៉ាងនោះទេ និង​ទាមទារ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​បន្ថែម ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​នេះ។​

វីរុសបំប្លែងថ្មីDelta

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.nbcnews.com/science/science-news/delta-delta-variants-everything-need-know-rcna1281#anchor-strongWhereisitspreadingstrong

https://www.thelancet.com/journals/lancet/article/PIIS0140-6736(21)01358-1/fulltext

https://www.aarp.org/health/conditions-treatments/info-2021/delta-coronavirus-variant.html

កំណែ​ប្រែបច្ចុប្បន្ន

05/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការសិក្សា៖ កូវីដ១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស

ក្រោយព្យាបាល កូវីដ-១៩ ប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមរយៈពេលខ្លី និងវែងរបៀបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 05, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម