រោគសញ្ញាកូវីដ-១៩ ទូទៅមួយចំនួន គ្នាយើងច្បាស់ជាបានដឹង បានឮឡើងសឹកត្រចៀកហើយដូចជា ក្ដៅខ្លួន ក្អក ឈឺបំពង់ក និយាយទៅគឺស្រដៀងនឹងរោគសញ្ញាជំងឺផ្ដាសាយធម្មតា យើងអាចច្រឡំគ្នាបាន។ រោគសញ្ញានៃជំងឺកូវីដ-១៩ លេចឡើងទៅតាមកម្រិតដែលយើងឈឺពីស្រាល ទៅមធ្យម ទៅធ្ងន់ធ្ងរ ហើយចំពោះបុគ្គលមួយចំនួនអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាទេ។
រោគសញ្ញាកូវីដ-១៩ ចាត់ចូលជាប៉ុន្មានកម្រិត?
ពាក្យដែលត្រូវបានប្រើជាទូទៅ ដើម្បីចាត់ថ្នាក់ជំងឺកូវីដ-១៩គឺ គ្មានរោគសញ្ញា ស្រាល មធ្យម ធ្ងន់ធ្ងរ និងគ្រោះថ្នាក់។
ចុះរោគសញ្ញាកូវីដ-១៩ទាំង ៥កម្រិតខុសគ្នាដូចម្ដេច?
ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ទាំង ៥ កម្រិតមានដូចជា៖
១. គ្មានរោគសញ្ញា៖ ករណីនេះ មានន័យថា យើងអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ពិសេសបើយើងរស់នៅជាមួយអ្នកកើតកូវីដ-១៩ តែយើងគ្មានរោគសញ្ញា។ ទោះជាយ៉ាងណា យោងតាមការសិក្សារបស់ Pubmed សហរដ្ឋអាមេរិក បានអះអាងថា ចំនួនមនុស្សវិជ្ជមានកូវីដ-១៩ តែមិនមានរោគសញ្ញាមានភាគរយតិចបំផុត គឺប្រហែល មនុស្ស ១នាក់ ក្នុងចំណោមមនុស្ស ៥នាក់។
២. ស្រាល និង មធ្យម៖ អ្នកជំងឺកម្រិតស្រាល មានរោគសញ្ញាដូចជំងឺផ្ដាសាយដែរដូចជា ក្អកស្ងួត និងគ្រុនក្ដៅ ប៉ុន្តែ កម្ដៅអាចឡើងមិនដល់ ៣៧,៨ អង្សាសេទេ ហើយពេលខ្លះអាចក្អកតិចតួច ឬមិនក្អកសោះតែម្ដង។ ក្រៅពីនេះ អ្នកជំងឺអាចមានរោគសញ្ញាដូចជា៖
– ហិតមិនដឹងក្លិន ឬញ៉ាំមិនដឹងរសជាតិ
– ល្វើយ អស់កម្លាំង
– ឈឺសាច់ដុំ ឬឈឺក្បាល
– ឈឺក
– តឹងច្រមុះ ឬហៀរសម្បោរ
៣. ធ្ងន់ធ្ងរ៖ ករណីធ្ងន់ធ្ងរមានន័យថា អ្នកជំងឺកូវីដ-១៩ អាចមានការរលាកសួតហើយ។ ករណីធ្ងន់ធ្ងរមានភាគរយកើតឡើងខ្ពស់ ប្រសិនបើយើងមានវ័យចាស់ ឬមានស្ថានភាពសុខភាពណាមួយដែលធ្វើឲ្យយើងងាយរងគ្រោះ។ រោគសញ្ញាកូវីដ-១៩ ក្នុងករណីធ្ងន់ធ្ងរមានដូចជា៖
– ពិបាកដកដង្ហើម
– ពិបាកនិយាយ
– ឈឺចុងទ្រូង ពោះ ឬខ្នងពេលដកដង្ហើម
– សីតុណ្ហភាពរាងកាយខ្ពស់
៤. គ្រោះថ្នាក់៖ ចំពោះករណីគ្រោះថ្នាក់ អាចវិវត្តពីករណីធ្ងន់ធ្ងរ បណ្ដាលឲ្យអ្នកជំងឺរលាកសួតខ្លាំង ហើយវាកាន់ប្រឈមគ្រោះថ្នាក់ បើអ្នកជំងឺជាមនុស្សចាស់ និងមានស្ថានភាពសុខភាពមិនល្អ ឬមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែមជាដើម។ អ្វីដែលគ្រោះថ្នាក់បំផុតនៃអ្នកជំងឺក្នុងដំណាក់កាលនេះគឺ មេរោគឆ្លងចូលទៅក្នុងឈាម (Sepsis) ហើយបណ្ដាលឲ្យសរីរាង្គដទៃទៀតឈប់ធ្វើការ។
[embed-health-tool-bmi]