២. ការធ្វើតេស្ដឲ្យបានត្រឹមត្រូវ៖ បើគ្មានការណែនាំពីវេជ្ជបណ្ឌិតទេ ការយកសំណាកអាចមិនបានត្រឹមត្រូវដោយហេតុថាការយកផ្ទាល់ខ្លួនឯងនៅច្រមុះ ឬបំពង់ក មិនត្រូវតាមតំបន់ ឬក៏មិនដល់តំបន់ដែលវីរុសស្ថិតនៅ ដូចមានពលរដ្ឋខ្មែរមួយចំនួន បង្ហោះលទ្ធផលតេស្ដលើអនឡាញ អាចនឹងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រឡើយ។ ការសិក្សាបង្ហាញថា ការធ្វើតេស្ដដោយខ្លួនឯងដោយគ្មានគ្រូពេទ្យ គឺមិនត្រឹមត្រូវជាងការធ្វើដោយគ្រូពេទ្យទេ។ មែនទែនទៅ យើងត្រូវត្បារយកសំណាកតាមរន្ធច្រមុះឲ្យជ្រៅជិតដល់គុម្ពត្រចៀក មិនមែនត្បារយកត្រឹមរន្ធច្រមុះខាងក្រៅរាក់ៗនោះទេ។
៣. លទ្ធផលមិនប្រាកដប្រជា៖ ប្រសិនបើយើងភ្លេចជំហាន និងនីតិវិធីណែនាំត្រៀមមុនពេលការធ្វើតេស្ដ ឬការយកសំណាករបស់យើងមិនត្រឹមត្រូវ ខណៈពេលដែលយើងមានវីរុស ហើយការធ្វើតេស្ដនេះបែរជាទទួលលទ្ធផលអវិជ្ជមានទៅវិញ។ បើការតេស្ដនៅផ្ទះមានលក្ខណៈវិជ្ជមាន វាជាការប្រសើរដែលយើងត្រូវតែប្រាប់គ្រូពេទ្យ ហើយអាចធ្វើឲ្យលទ្ធផលរបស់យើងត្រូវបានបញ្ជាក់ពិតប្រាកដដោយការធ្វើតេស្ដរកម៉ូលេគុលវីរុសកូវីដ ១៩ (PCR test) វិធីនេះ យើងអាចទទួលការព្យាបាលឲ្យបានឆាប់បំផុត ពិសេសប្រសិនបើយើងមានរោគសញ្ញាដែលអាចបណ្ដាលឲ្យឈឺបាន។