វ៉ាក់សាំងកូវីដ-១៩ ដែលមានការទទួលស្គាល់ និងអនុញ្ញាតប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO) មានច្រើនប្រភេទ ដូចជា Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca Sinopharm និង Sinovac។ ខណៈប្រទេសមួយចំនួននៅលើពិភពមានការអនុញ្ញាត ឬសាកល្បងឲ្យចាក់វ៉ាក់សាំងលាយបញ្ចូលគ្នា ចុះសម្រាប់លក្ខខណ្ឌនៅស្រុកខ្មែរយើងវិញ បើដូសទី១ ចាក់ Sonivac ដូសទី២ យើងអាចចាក់ AstraZeneca បានទេ?
បំភ្លឺចំពោះការលើកឡើងខាងលើនេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ថាមុននឹងការសម្រេចចិត្ត យើងត្រូវមានការសិក្សាស្រាវជ្រាវ ឬភស្តុតាង បែបវិទ្យាសាស្ត្រ ដែលការសិក្សា និងភស្តុតាងទាំងអស់នោះទាមទារពេលវេលាយូរ។ លោកជំទាវថា កន្លងមកនេះ ការសិក្សាលើការចាក់វ៉ាក់សាំងលាយគ្នាមានចំនួនតិចតួចណាស់ បែបនេះមិនទាន់យកមកប្រើប្រាស់ជាផ្លូវការបាននៅឡើយទេ។
ខណៈមកដល់បច្ចុប្បន្ននេះ លោកជំទាវថា អង្គការសុខភាពពិភពលោក មិនទាន់ផ្តល់នូវអនុសាសន៍ឲ្យមានការចាក់លាយគ្នារវាងវ៉ាក់សាំងប្រភេទខុសគ្នានៅឡើយ ហើយថ្មីៗនេះដែរ អង្គការសុខភាពលោកបានប្រកាស មិនឲ្យចាក់វ៉ាក់សាំងលាយច្របល់គ្នានេះដែរ។
“បច្ចុប្បន្ននេះមានប្រទេសនេះប្រកាសអ៊ីចេះ ប្រទេសនោះប្រកាសអ៊ីចុះ នេះការសម្រេចរបស់ប្រទេសគេទេ ហើយក៏ប្រហែលជាគេស្ថិតក្នុងការសាកល្បងមួយដែរ ព្រោះដោយសារអត់មានអីមកបង្ហាញឲ្យច្បាស់។ នៅក្នុងការសាកល្បង មិនទាន់ដឹងពីប្រសិទ្ធភាពច្បាស់លាស់នៅឡើយទេ’។

[embed-health-tool-bmi]