ស្ថានទូតអាមេរិកបានប្រកាសផ្ដល់វ៉ាក់សាំង Johnson&Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា តាមរយៈយន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF។ វ៉ាក់សាំង Johnson&Johnson នឹងមកដល់កម្ពុជាយើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ចំនួន ៥០ម៉ឺនដូស ហើយពាក់កណ្ដាលទៀតអាចនឹងមកដល់នៅថ្ងៃទី០២ ខែសីហា។
ព័ត៌មានជុំវិញវ៉ាក់សាំង Johnson&Johnson យើងគួរដឹង
១. តើអ្នកណាខ្លះអាច ឬមិនអាចចាក់វ៉ាក់សាំងនេះ?
តាមមជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC)ឲ្យដឹងថា គោលការណ៍នៃវ៉ាក់សាំង Johnson&Johnson អាចចាក់បានចំពោះមនុស្សអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ហើយអ្នកដែលមិនគួរចាក់វ៉ាក់សាំងនេះគឺអ្នកអាលែកហ្ស៊ីធ្ងន់ធ្ងរ ឬអាលែកហ្ស៊ីភ្លាមៗទៅនឹងគ្រឿងផ្សំណាមួយរបស់វ៉ាក់សាំង។ អាលែកហ្សីភ្លាមៗ មានន័យថា ក្រោយប៉ះពាល់នឹងវ៉ាក់សាំងបាន ៤ម៉ោង យើងចាប់ផ្ដើមឡើងហើម ឡើងក្រហម រមាស់ និងពិបាកដកដង្ហើមជាដើម។
បន្ថែមពីលើ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ឲ្យដឹងថា វ៉ាក់សាំង Johnson&Johnson អាចចាក់បានចំពោះស្ត្រីដែលកំពុងបំបៅដោះកូនដោយមិនមានផលប៉ះពាល់អ្វីឡើយ និងជំរុញឲ្យស្ត្រីដែលចាក់វ៉ាក់សាំងនេះហើយ បន្តបំបៅដោះកូនធម្មតា។
២. តើវ៉ាក់សាំង Johnson&Johnson មានសុវត្ថិភាពដែរទេ?
ក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រ (SAGE) បានវាយតម្លៃយ៉ាងហ្មត់ចត់ពីទិន្នន័យ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងកូវីដ ១៩នេះ និងណែនាំឲ្យប្រើតែចំពោះមនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើងប៉ុណ្ណោះ។ វ៉ាក់សាំង Johnson&Johnson នេះដែរ ក៏ត្រូវបានវាយតម្លៃពីទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) និងរដ្ឋបាលចំណីអាហារ និងថ្នាំអាមេរិក (FDA) ផងដែរ។
៣. វ៉ាក់សាំង Johnson&Johnson មានប្រសិទ្ធភាពប៉ុនណា?
១ដូសនៃវ៉ាក់សាំង Johnson&Johnson ត្រូវបានរកឃើញក្នុងការសាកល្បងព្យាបាលថាមានប្រសិទ្ធភាព ៦៦.៩% ក្នុងការប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។ ២៨ថ្ងៃបន្ទាប់ពីចាក់ថ្នាំវ៉ាក់សាំង Johnson&Johnson រកឃើញថា មានប្រសិទ្ធភាព ៨៥.៤% ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និង ៩៣.១% ប្រឆាំងនឹងការព្យាបាលនៅក្នុងមន្ទីរពេទ្យ។
៤. វ៉ាក់សាំង Johnson&Johnson មានចំណុចអ្វីខុសប្លែកពីវ៉ាក់សាំងដទៃ?
វ៉ាក់សាំង Johnson&Johnson ប្លែកពីវ៉ាក់សាំងកូវីដ ១៩ ដទៃ ត្រង់ថា វ៉ាក់សាំងនេះ តម្រូវឲ្យយើងចាក់តែ ១ដូសតែប៉ុណ្ណោះ ខុសពីវ៉ាក់សាំងដទៃដែលតម្រូវឲ្យចាក់ ២ដូសទើបគ្រប់គ្រាន់។ ទិន្នន័យដែលរបស់Jassen បង្ហាញថា វ៉ាក់សាំង Johson&Johnson អាចបង្រៀនប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ ដើម្បីទទួលស្គាល់ និងឆ្លើយតបទៅនឹងការឆ្លងនៃវីរុសកូរ៉ូណានាពេលអនាគតបាន ទោះបីជាមិនចាក់ ២ដូស ឬដូសជំនួយឡើយ។
៥. វ៉ាក់សាំង Johnson&Johnson អាចការពារវីរុសបំប្លែងថ្មីកូវីដ ១៩ដែរឬទេ?
មកដល់ពេលនេះ នៅមិនទាន់មានការសិក្សាច្បាស់នៅឡើយទេចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះប្រឆាំងនឹងវីរុសបំប្លែងកូវីដ ១៩។ ហេតុដូចនេះ ហើយយើងគួរបន្តពាក់ម៉ាស លាងដៃឲ្យញឹកញាប់ និងរក្សាគម្លាត បង្កើនការប្រុងប្រយ័ត្នបានខ្ជាប់ខ្ជួនដោយខ្លួនឯងបន្ថែម។
[embed-health-tool-bmi]