សម្តេច ហ៊ុន សែន នៅព្រឹកនេះបានឲ្យដឹងថា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ដែលឆ្លងចូលក្នុងសហគមន៍ បានឡើងដល់បួនករណីហើយ គិតត្រឹមថ្ងៃទី១០ ខែមករា។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេច ថ្លែងថាកាលពីម្សិលមិញក្រសួងបានរកឃើញអ្នកឆ្លងអូមីក្រុងចំនួនបីករណីបន្ថែមទៀត ខណៈនៅថ្ងៃទី៨ ក្រសួងសុខាភិបាលបានរកឃើញករណីអូមីក្រុងឆ្លងចូលក្នុងសហគមន៍ដំបូងគេនៅកម្ពុជាលើបុរសជនជាតិខ្មែរម្នាក់។
សម្តេចមានប្រសាសន៍ថា៖ «ហើយអូមីក្រុងឥឡូវនេះបានធ្លាយចូលសហគមន៍ម្សិលម្ង៉ៃមួយករណី ម្សិលមិញបីករណីហើយ»។
ទាក់ទងនឹងករណីឆ្លងអូមីក្រុងចូលក្នុងសហគមន៍នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវកាលពីម្សិលមិញឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ៣ការពារ ៣កុំ និងត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ឲ្យបានគ្រប់ដូស និងតាមវេន ទៅតាមក្រុមមន្ត្រីក្រសួងសុខាភិបាលបានកំណត់។
[embed-health-tool-bmi]