បើប្រៀបធៀបនឹងវីរុសបំប្លែងកូវីដ-១៩ ពីមុនៗ វីរុសបំប្លែងអូមីក្រុង មានសភាពឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតលឿន ប៉ុន្តែបង្កគ្រោះថ្នាក់ស្រាលជាង។ ហេតុនេះហើយ ទើបមនុស្សមួយចំនួនធំ ពិសេសនោះគឺអ្នកចាក់វ៉ាក់សាំងរួចរាល់ លើកឡើងថា ហេតុអ្វីចាំបាច់ត្រូវបន្តការពារខ្លួនខ្លាំងម៉េស? មុននឹងក្រោយគង់តែឆ្លងដដែល? ហើយខាងក្រោមនេះជាចម្លើយពីអ្នកជំនាញ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
១. ប្រឈមនឹងឈឺធ្ងន់
អ្នកស្រាវជ្រាវថាវីរុសបំប្លែង អូមីក្រុង ទំនងជាបង្កើនករណីវិជ្ជមានតែមិនមានរោគសញ្ញាច្រើនជាងវីរុសបំប្លែងមុនៗ។ បើចេញរោគសញ្ញា ភាគច្រើនជារោគសញ្ញាស្រាលដូចជា ឈឺក ឬហៀរសម្បោរប៉ុណ្ណោះ ក៏ប៉ុន្តែការរីករាលដាលកាន់តែច្រើនឡើងនៃវីរុសបំប្លែង អូមីក្រុង ទូទាំងពិភពលោកអាចមានន័យថា មនុស្សកាន់តែច្រើនប្រឈមនឹងការធ្លាក់ខ្លួនឈឺធ្ងន់។
២. ចម្លងអ្នកដទៃ
តាមលោក Akiko Iwasaki ដែលសិក្សាផ្នែកការពារមេរោគនៅសកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានឲ្យដឹងថា ទោះជាយើងអាចនឹងឈឺស្រាលក្រោយឆ្លងវីរុសក៏ដោយ ក៏យើងនៅតែអាចចម្លងវីរុសនេះទៅអ្នកដទៃដែលមានហានិភ័យធ្លាក់ខ្លួនឈឺធ្ងន់ដូចជា មនុស្សចាស់ ឬមនុស្សមានជំងឺរ៉ាំរ៉ៃដោយមិនដឹងខ្លួន។
៣. ផលប៉ះពាល់រយៈពេលវែងមិនទាន់ដឹងច្បាស់
ការឆ្លងជំងឺកូវីដ-១៩ធម្មតា ឬវីរុសបំប្លែងថ្មីមុនៗ មិនថាធ្ងន់ ឬស្រាល ឬការឆ្លងក្រោយចាក់វ៉ាក់សាំងរួច ជួនកាលអាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង។ មកដល់ពេលនេះ អ្នកស្រាវជ្រាវនៅមិនទាន់មានទិន្នន័យពីផលប៉ះពាល់របស់វីរុសបំប្លែងថ្មីអូមីក្រុង ច្បាស់លាស់នៅឡើយទេ ហើយមនុស្សដែលមើលស្រាលការឆ្លងវីរុសបំប្លែងនេះ អាចនឹងប្រឈមនឹងផលប៉ះពាល់យូរអង្វែង ប្រសិនបើឆ្លង។
៤. ការផ្គត់ផ្គង់ថ្នាំ និងមន្ទីរពេទ្យមានកំណត់
ការព្យាបាលវីរុសបំប្លែងថ្មីអូមីក្រុងមានកម្រិត ដូច្នេះគ្រូពេទ្យត្រូវតែប្រើប្រាស់ថ្នាំដែលមានឲ្យម៉ត់ចត់។ ថ្នាំអង់ទីករពីរក្នុងចំណោមថ្នាំទាំងបីដែលប្រើក្នុងអំឡុងពេលរលកនៃការឆ្លងជំងឺកូវីដ-១៩ខ្លាំង កន្លងមកមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងអូមីក្រុងនេះទេ។ ម៉្យាងវិញទៀត បើរលកនៃករណីវិជ្ជមានអូមីក្រុងកាន់តែកើនឡើងខ្លាំង មន្ទីរពេទ្យអាចនឹងទ្រាំទ្រមិនបាន ជាពិសេសបើអ្នកឆ្លងមិនទាន់បានចាក់វ៉ាក់សាំងការពារខ្លួន។
៥. ហានិភ័យនៃការកើតវីរុសបំប្លែងថ្មីថែមទៀត
អូមីក្រុង គឺជាវីរុសគួរឲ្យកត់សម្គាល់ទី ៥នៃវីរុសកូរ៉ូណាដើម ហើយវានៅតែត្រូវមើលថាតើសមត្ថភាពរបស់មេរោគក្នុងការផ្លាស់ប្ដូរបន្ថែមទៀតនឹងថយចុះដែរឬទេ។ អត្រាឆ្លងខ្ពស់ក៏ផ្ដល់ឲ្យវីរុសនូវឱកាសកាន់តែច្រើនក្នុងការបំប្លែងខ្លួន ហើយមិនមានការធានាថាការប្រែប្រួលវីរុសនឹងមានសភាពស្លូត ឬកាចជាងមេរោគមុនៗនោះទេ។
អត្ថបទគួរអាន៖
- រោគសញ្ញាមួយចំនួននៃវីរុសបំប្លែងថ្មី អូមីក្រុង គ្រប់គ្នាគួរដឹង
- ស្ត្រីពពោះឆ្លងកូវីដ-១៩ ឬវីរុសបំប្លែងថ្មី គភ៌អាចមានបញ្ហាអត់?
- ប្រយ័ត្នចំពោះក្មេង! ឧបករណ៍តេស្តរហ័ស អាចធ្វើឲ្យក្មេងពុលបាន
- អ្នកជាសះស្បើយពីកូវីដ-១៩ បង្ហាញរោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទមួយប្រភេទ
[embed-health-tool-bmi]