ចំណេះដឹងមូលដ្ឋាន
១- អ្វីជាការច្រឹបកោសិកាសួត?
ច្រឹបកោសិកាសួត គឺជាតេស្តដើម្បីយកចេញបំណែកតូចៗនៃជាលិកាសួតដោយប្រើម្ជុល។ វិធីនេះអាចធ្វើទៅបាន ដោយគ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្ត្រ ក្នុងគោលបំណងពិនិត្យបញ្ហាផ្សេងៗរបស់សួត ពេលតេស្តមួយចំនួនមិនអាចមើលឃើញ ឬកំណត់បញ្ហាច្បាស់។
២- ហេតុអ្វីត្រូវច្រឹបកោសិកាសាច់សួត?
ច្រឹបកោសិកាសាច់សួតយកទៅពិនិត្យ ដើម្បីទទួលបានរោគវិនិច្ឆ័យច្បាស់លាស់មួយ ដែលជាធម្មតាតេស្តនេះអាចកើតឡើងក្នុងករណី៖
– ធ្វើរោគវិនិច្ឆ័យបញ្ហាសួត ដូចជា Sarcoidosis (ជំងឺរលាកប៉ះពាល់សរីរាង្គជាច្រើន ពិសេសលើសួត និងក្រពេញទឹករងៃ) ឬ Pulmonary Fibrosis (ជំងឺបណ្តាលឲ្យសួត មានស្នាម រឹងក្រិន)។ ករណីកម្រមួយចំនួន តេស្តនេះក៏ដើម្បីរកមើលជំងឺរលាកសួត ពេលណាមានការធ្វើរោគវិនិច្ឆ័យមិនច្បាស់លាស់ដូចជា៖
– សង្ស័យថាអាចជាមហារីកសួត
– វាយតម្លៃភាពមិនប្រក្រតី រួមផ្សំការធ្វើតេស្តផ្សេងទៀត ដូចជា ការថតកាំរស្មីអ៊ិច ឬថតស្កេន។ ច្រឹបយកកោសិកាសួត។
កត្តាប្រឈម
៣- កត្តាប្រឈមមានអ្វីខ្លះ?
ច្រឹបសាច់សួត ជាទូទៅមិនបង្កឲ្យមានគ្រោះថ្នាក់នោះទេ លុះត្រាតែអាការៈជំងឺមានសភាពធ្ងន់ធ្ងរ ឬមានជំងឺសួតរ៉ាំរ៉ៃ។ បើយើងមានបញ្ហាក្នុងផ្លូវដង្ហើមធ្ងន់ធ្ងរ ភ្លាមៗក្រោយតេស្ត យើងអាចនឹងកាន់តែពិបាកដកដង្ហើមជាងមុនទៀត។
ច្រឹបយកសាច់សួត ធ្វើឡើងដោយប្រើឧបករណ៍ប្រុងកូស្កូពី និងប្រើម្ជុល ជាធម្មតាមានសុវត្ថិភាពជាងការច្រឹបដោយវះបើកទ្រូង ឬវះកាត់ទ្រូងប្រើវីដេអូជំនួយ (Video-Assisted Thoracoscopic Surgery ឬ VATS)។ ព្រោះប្រើវីដេអូ អាចជួយកាន់តែងាយស្រួលច្រឹបយកកោសិកាចេញ ច្រឹបបានល្អ ងាយកំណត់បញ្ហាចម្បង ក៏ដូចជួយកំណត់ទិសដៅព្យាបាលបានកាន់តែមានប្រសិទ្ធភាព។
ច្រឹបសាច់សួតដោយប្រើឧបករណ៍ប្រុងកូស្កូពី និងប្រើម្ជុល មិនតម្រូវប្រើថ្នាំស្ពឹក ក៏មិនបង្កបញ្ហាច្រើនដែរ គ្រូពេទ្យនឹងពិគ្រោះយោបល់ពីកត្តាប្រឈមផ្សេងៗ។ យ៉ាងណា យើងនៅតែអាចប្រឈមបញ្ហាសួតមួយចំនួនអំឡុងពេលច្រឹបសាច់ ដូចជា កំប៉ឹតសួត ជាដើម។ ករណីនេះ គ្រូពេទ្យអាច នឹងដាក់បំពង់មួយក្នុងទ្រូង ជួយសួតអាចរីកបានធម្មតារហូតដល់ពេលជាសះស្បើយ។
ករណីកម្រមួយចំនួន បើយើងមានជំងឺសួតធ្ងន់ធ្ងរ រ៉ាំរ៉ៃ អាចប្រឈមការស្លាប់ដោយការច្រឹបនេះ អំឡុងពេលចាក់ថ្នាំសន្លប់។
ស្វែងយល់ដំណើរការតេស្ត
៤- គួរត្រៀមអ្វីខ្លះមុនពេលច្រឹបសាច់សួត?
មុនពេលច្រឹបសាច់សួតយកទៅពិនិត្យ គប្បីពិភាក្សាជាមួយពេទ្យរាល់ចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងតេស្តជាមុន។ គួរតែធ្វើការពិភាក្សាស្ថានភាពសុខភាព និងថ្នាំកំពុងប្រើ ឬធ្លាប់ប្រើ។ គ្រូពេទ្យនឹងណែនាំលក្ខខណ្ឌត្រូវតមអាហារ និងទឹកមុនដំណើរការ ទាមទារឲ្យយើងធ្វើតាមការណែនាំជាដាច់ខាត មិនដូច្នោះ តេស្តនឹងត្រូវលុបចោល។ ករណីមួយចំនួន តម្រូវឲ្យយើងលេបថ្នាំមុនពេលវះ គប្បីធ្វើការលេបថ្នាំដោយផឹកទឹកបន្តិចបានហើយ។
៥- មានអ្វីកើតឡើងអំឡុងពេលច្រឹបសាច់សួត?
ជាធម្មតា ច្រឹបសាច់សួតមានរយៈពេលតិចជាង ៤៥នាទី ដោយគ្រូពេទ្យបញ្ចូលម្ជុលតាមជញ្ជាំងទ្រូង ចូលទៅក្នុងសាច់សួត។
ដើម្បីច្រឹបយកកោសិកាសាច់សួតបានច្បាស់លាស់ អ្នកឯកទេសរូបភាពវេជ្ជសាស្ត្រ នឹងប្រើប្រាស់កាំរស្មីអ៊ិច ឬស្កេនអេកូ ស្របពេលបញ្ចូលម្ជុលតាមចន្លោះឆ្អឹងជំនីរ ទៅក្នុងតំបន់មិនប្រក្រតីនៃសាច់សួត បន្ទាប់មកបៀកយកជាលិកាសួត តាមម្ជុលចាក់ចូលនោះ។
ជាលិកាទទួលបាន នឹងត្រូវពិនិត្យដោយម៉ាស៊ីនមីក្រូទស្សន៍ កំណត់រកមូលហេតុបង្កឲ្យបានច្បាស់លាស់។
៦- គួរធ្វើអ្វីខ្លះក្រោយច្រឹបសាច់សួត?
ជាទូទៅ ក្រោយពេលច្រឹប ២-៣ ម៉ោង បើគ្មានបញ្ហាអ្វីគួរឲ្យកត់សំគាល់ អាចត្រឡប់ទៅផ្ទះ និងធ្វើការងារប្រចាំថ្ងៃបានដូចដើម។ គ្រូពេទ្យនឹងប្រឹក្សាយោបល់ជាមួយយើង ក្នុងករណីត្រូវការប្រើប្រាស់ថ្នាំ ហើយបើមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែកវះកាត់។
ផលវិបាក
៧- ផលវិបាកក្រោយពេលច្រឹបសាច់សួត
ផលវិបាកជាធម្មតាមានដូចជា៖
– នៅឈឺ
– មានខ្យល់ដក់នៅក្នុងសួត
– ប្រតិកម្មអាលែកហ្ស៊ី
– ហូរឈាមកន្លែងច្រឹបសាច់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]