ចំណេះដឹងមូលដ្ឋាន
១- អ្វីទៅជាការវះកាត់ឬសដូងបាត?
វះកាត់ ឫសដូងបាត ជាវិធីព្យាបាលជំងឺឫសដូងបាត ដែលជាដុំសាច់មានរាងទន់នៅក្នុងរន្ធគូទ ធ្វើឲ្យងាយហូរឈាមពេលបត់ជើងធំ។ ដុំសាច់នេះ អាចធ្វើឲ្យឈឺ និងរមាស់ ហើយពេលរីកធំ អាចលានចេញមកក្រៅតាមរន្ធគូទតែម្តង។ ឫសដូងបាត វិវត្តម្ដងបន្ដិចៗ រយៈពេលយូរ បង្កឲ្យយើងទល់លាមក ហើយជាទូទៅ អាចជាជំងឺតំណពូជ ពិសេសកាន់តែធ្ងន់ធ្ងរចំពោះស្រីៗមានផ្ទៃពោះ។
២- ហេតុអី្វចាំបាច់វះកាត់?
ឫសដូងបាត អាចព្យាបាលតាមវិធីសាមញ្ញ ដូចជាផឹកទឹកឲ្យច្រើន និងទទួលទានអាហារមានជាតិសរសៃឲ្យច្រើន។ក្នុងករណីវិធីខាងលើមិនបានផល គួរតែទៅពេទ្យព្យាបាល គ្រូពេទ្យអាចជ្រើសរើសការព្យាបាលដោយចង ឬចាក់ថ្នាំឲ្យស្វិតជ្រុះខ្លួនឯង។ បើនៅតែមិនបានផលទៀត ឬដុំសាច់ឫសដូងធំពេក អាចត្រូវវះកាត់ចេញតែម្តង ហើយដុំសាច់កម្រនឹងដុះឡើងវិញណាស់។
កត្តាប្រឈម
៣- កត្តាប្រឈមមានអ្វីខ្លះ?
ជាទូទៅ រាល់ការវះទាំងអស់តែងមានហានិភ័យ ហេតុនេះគួរសាកសួរគ្រូពេទ្យពីកត្តាប្រឈមទាំងនោះ។ ផលវិបាកអាចកើតមានរាល់ពេលវះកាត់ មានដូចជា ប្រតិកម្មជាមួយថ្នាំសន្លប់ ហូរឈាមច្រើន ឬមានកើតដុំកំណកឈាម (កំណកឈាមក្នុងសរសៃវ៉ែន DVT) និងផលវិបាកមួយចំនួនដូចជា៖
– កាត់ឫសដូងបាតមិនអស់
– នោមទាស់
– ស្ទះរន្ធគូទ
– ដុះឫសលើស្បែក
– រហែករន្ធគូទ
– លាមកហូរមិនឈប់
ដើម្បីកាត់បន្ថយផលវិបាកទាំងនេះ យើងគួរគោរពតាមវេជ្ជបញ្ជាគ្រូពេទ្យ ធ្វើការឆ្លុះមើលរន្ធគូទ ក៏ដូចជាតម និងលេបថ្នាំជាដើម។ គប្បីយល់ឲ្យច្បាស់ពីហានិភ័យ និងផលវិបាកទាំងអស់ មុនពេលវះកាត់ និងពិគ្រោះជាមួយគ្រូពេទ្យករណីមានមន្ទិលសង្ស័យ។
ស្វែងយល់មុនវះកាត់
៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?
ពិគ្រោះយោបល់ជាមួយគ្រូពេទ្យពាក់ព័ន្ធថ្នាំពេទ្យយើងកំពុងប្រើ ប្រភេទអាលែកហ្ស៊ី ឬមានជំងឺផ្សេង មុនពេលវះកាត់ ត្រូវដឹងលក្ខខណ្ឌញ៉ាំអាហារ និងផឹកទឹកមុនវះកាត់ដូចគ្នា។ ជាទូទៅយើងគួរឈប់ញ៉ាំអាហារប្រមាណ ៦ ម៉ោងមុនពេលវះកាត់ តែអាចផឹកទឹក ឬកាហ្វេ ២-៣ ម៉ោងមុន។
៥- មានអ្វីកើតឡើងពេលវះកាត់?
គេវះកាត់ដោយដាក់ថ្នាំសន្លប់ ដោយចំណាយពេលប្រហែល ២០ នាទី។ គ្រូពេទ្យនឹងកាត់យកឫសដូងបាតចេញ ដោយកាត់រន្ធគូទ រួចដេរឡើងវិញ។ បើមានមន្ទិលសង្ស័យករណីណាមួយ អាចពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។
វិធីថែទាំក្រោយវះកាត់
៦- គួរធ្វើអ្វីខ្លះក្រោយវះកាត់?
ពេលត្រឡប់ទៅផ្ទះ គួរផឹកទឹកឲ្យបានច្រើន និងព្យាយាមញ៉ាំអាហារសម្បូរសារធាតុសរសៃច្រើន ព្រោះជួយកុំឲ្យទល់លាមក ខណៈរបួសនឹងជាសះស្បើយរយៈពេលចន្លោះពី ៤-៥ សប្ដាហ៍។ ត្រូវចាំ ហាត់ប្រាណឲ្យទៀងទាត់ អាចជួយឲ្យឆាប់ជា តែត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យមុនចាប់ផ្តើមហាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]