កម្ពស់របស់យើង ត្រូវបានកំណត់ដោយប្រវែងឆ្អឹងជើង ឆ្អឹងខ្នង និងលលាដ៍ក្បាល។ ខណៈពេលដែលឆ្អឹងជើង និងលលាដ៍ក្បាល មិនសូវមានការផ្លាស់ប្ដូរ បន្ទាប់ពីយើងឈានដល់អាយុពេញវ័យ ឆ្អឹងខ្នងរបស់យើងនឹងចាប់ផ្ដើមរួញទៅៗជាលំដាប់។ ជាទូទៅ មនុស្សយើងភាគច្រើនមានឆ្អឹងកងខ្នង ចំនួន២៤ ហើយឆ្អឹងទាំងនេះ ចងភ្ជាប់គ្នាយ៉ាងណែនដោយសរសៃ និងសាច់ដុំ។
១. មូលហេតុធ្វើឲ្យយើងកាន់តែទាបទៅ
នៅពេលដែលយើងមានវ័យកាន់តែច្រើន ឆ្អឹងរបស់យើងចាប់ផ្ដើមប្រែទៅជាស្ដើងបន្តិចម្ដងៗ ហើយឆ្អឹងកងខ្នងនីមួយៗ ក៏ប្រែក្លាយទៅជាខ្លីទៅៗ ដែលបណ្ដាលឲ្យយើងប្រឈមទៅនឹងជំងឺឆ្អឹងទន់ ។ ជាលទ្ធផល យើងអាចនឹងបាត់បង់កម្ពស់ប៉ុន្មានសង់ទីម៉ែត្រដោយមិនដឹងខ្លួន។
២. ធ្វើម៉េចទើបការពារខ្លួនយើងកុំឲ្យទាបជាងមុនបាន?
១. របបអាហារត្រឹមត្រូវ
វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីការពារខ្លួនយើងកុំឲ្យកាន់តែទាបទៅៗ គឺត្រូវការពារឆ្អឹងរបស់យើងឲ្យបានល្អ។ ជាក់ស្ដែង ស្ត្រីដែលឈានដល់វ័យអស់រដូវ គឺជាអ្នកដែលមានហានិភ័យខ្ពស់បំផុតក្នុងការកើតជំងឺឆ្អឹងទន់។ ហេតុដូច្នេះហើយ ការញ៉ាំវីតាមីនD ចំនួន៨០០IU និងកាល់ស្យូមបន្ទាប់បន្សំចំនួន១២០០មិល្លីក្រាមក្នុងមួយថ្ងៃ គឺជារឿងដែលយើងមិនគួរមើលរំលងឡើយ។ ចំណែកឯមនុស្សពេញវ័យដែលមានអាយុចាប់ពី១៩ឆ្នាំ ដល់៥០ឆ្នាំ និងបុរសដែលមានអាយុចាប់ពី៥១ឆ្នាំ ដល់៧០ឆ្នាំ គួរញ៉ាំជាតិកាល់ស្យូមឲ្យបាន១០០០មិល្លីក្រាមក្នុងមួយថ្ងៃ។ យ៉ាងណាមិញ កាល់ស្យូមដែលមាននៅក្នុងរបបអាហារប្រចាំថ្ងៃ គឺមានគុណប្រយោជន៍ច្រើនជាងថ្នាំគ្រាប់កាល់ស្យូមទៅទៀត។
២. លំហាត់ប្រាណជាទៀងទាត់
ការធ្វើលំហាត់ប្រាណជាប្រចាំ គឺជារឿងសំខាន់បំផុតដែលយើងមិនអាចខ្វះបាន។ ហេតុនេះហើយ យើងអាចអនុវត្តលំហាត់ប្រាណងាយៗដូចជាដើរ រត់ត្រឹកៗ និងឡើងជណ្ដើរ ដើម្បីជួយពង្រឹងឆ្អឹងឲ្យរឹងមាំ ក៏ដូចជាពន្យឺតការបាត់បង់ឆ្អឹងរបស់យើងប្រកបដោយប្រសិទ្ធភាព។
៣. បញ្ឈប់ការជក់បារី និងគ្រប់គ្រងការផឹកគ្រឿងស្ររឹង
ការជក់បារី និងផឹកគ្រឿងស្រវឹងលើសកម្រិត ក៏អាចបណ្ដាលឲ្យយើងជួបប្រទះបញ្ហាពុកឆ្អឹងផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនបើយើងប្រើប្រាស់ថ្នាំគ្រាប់ជាប្រចាំ ដូចជាថ្នាំស្តេរ៉ូអុីត និងថ្នាំប្រឆាំងការប្រកាច់ ក៏អាចធ្វើឲ្យយើងបាត់បង់ឆ្អឹងផងដែរ។ នៅក្នុងករណីដែលយើងប្រើប្រាស់ថ្នាំទាំងនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ថាតើយើងគួរតែធ្វើការវាស់ដង់ស៊ីតេឆ្អឹងដែរឬយ៉ាងណា។
[embed-health-tool-bmi]