backup og meta

Home Blood Pressure Test (តេស្ត​សម្ពាធ​​ដោយ​ខ្លួន​ឯង)

Home Blood Pressure Test (តេស្ត​សម្ពាធ​​ដោយ​ខ្លួន​ឯង)

និយមន័យ

១- អ្វី​ជា​តេស្ត​វាស់​សម្ពាធ​​ដោយ​ខ្លួន​ឯង?

តេស្ត​វាស់​សម្ពាធ​​ដោយ​ខ្លួន​ឯង​ អាច​ឲ្យ​យើង​តាម​ដាន​សម្ពាធ​ឈាម​ខ្លួន​ឯង​ដោយ​ផ្ទាល់​ពេល​នៅ​ផ្ទះ។ ​វាស់​សម្ពាធ​ឈាម គឺ​វាស់​ទៅ​លើ​កម្លាំង​ឈាម​រត់​នៅ​ក្នុង​សរសៃ​អាក់ទែរ។

​ភាគ​ច្រើន​គេ​ប្រើ​ឧបករណ៍​វាស់​សម្ពាធ​​ស្វ័យ​ប្រវត្តិ​ ​ដោយ​ឧបករណ៍​នេះ​ធ្វើ​ការ​បំប៉ោង​ស្នប់​ដៃ​​នៅ​ជុំវិញ​ដើម​ដៃ​ ដើម្បី​បញ្ឈប់​ចរន្ត​ឈាម​ហូរក្នុង​សរសៃ​អាក់ទែរ​បណ្ដោះ​អាសន្ន។ ពេល​ខ្យល់​ធ្វើ​ការ​បញ្ចេញ​វិញ​យឺតៗ​ពី​ស្នប់​ដៃ ឧបករណ៍​នឹង​កត់​ត្រា​ទុក​សម្ពាធ​ឈាម​ហូរ​ ហើយ​ចាប់​ផ្ដើម​ម្ដង​ទៀត។

កត់​ត្រាសម្ពាធ​ឈាម​ហូរ​បែង​ចែក​ជា​ពីរ​គឺ៖

លេខ​តំណាង​ទី ១ ជា​ចំនួន​សម្ពាធ​ឈាម​ពេល​បេះដូង​កន្ត្រាក់​រួម​តូច (សម្ពាធ​ឈាម​ខាង​លើ)។

លេខ​តំណាង​ទី ២ ជា​ចំនួន​សម្ពាធ​ឈាម​​ទាប​បំផុត​នៅ​ពេល​បេះដូង​សម្រាក (សម្ពាធ​ឈាម​ខាង​ក្រោម)។

សម្ពាធ​ទាំង​ ២​ ​ត្រូវ​បាន​គិត​ជា មីល្លីម៉ែត្រ​បារត (mm Hg) ​ខណៈ​ការ​វាស់​ស្ទង់​សម្ពាធ​ឈាម គឺ​កត់​​ទុក​ជា​សម្ពាធ​ឈាម​លើ និងសម្ពាធ​ឈាម​ក្រោម ។ ឧទាហរណ៍ ​បើ​សម្ពាធ​ឈាម​លើ ១២០ មិល្លីម៉ែត្រ​បារ៉ត និង​សម្ពាធ​ឈាម​ក្រោម​ ៨០ មិល្លីម៉ែត្រ​បារ៉ត ឧបរណ៍​នឹង​បង្ហាញ ១២០/៨០ មាន​ន័យ​ថា ១២០​ លើ​ ៨០។

ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ដោយ​ស្វ័យ​ប្រវត្តិ

ម៉ាស៊ីន​ស្វ័យប្រវត្តិ ​ដំណើរ​ការ​ដោយ​ថ្ម​ពិល ​និង​ប្រើ​មីក្រូហ្វូន​ ដើម្បី​ពិនិត្យ​ឈាម​រត់​ក្នុង​សរសៃ​អាក់ទែរ។ ស្នប់​ដៃ​រុំ​ព័ទ្ធ​ជុំវិញ​ដើម​ដៃ ​នឹង​ធ្វើ​ការ​បំប៉ោង​ និង​បន្ធូរ​ខ្យល់​ចេញ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​យើង​ចុច​ប៊ូតុង​ចាប់​ផ្ដើម។ ប្រភេទ​ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ស្វ័យ​ប្រវត្តិ ​អាច​រក​ទិញ​បាន​នៅ​ក្នុង​ផ្សារ​ទំនើប និង​ឱសថស្ថាន​នានា។

ចំពោះ​ម៉ាស៊ីន​វាស់​សម្ពាធ​ឈាមនៅ​ចុង​ម្រាម​ដៃ​ ឬ​ក​ដៃ ភាគ​ច្រើនមាន​លទ្ធផល​មិន​ច្បាស់លាស់​ ហើយ​គ្រូពេទ្យ​ក៏​មិន​ណែនាំ​ឲ្យ​ប្រើប្រាស់​នោះ​ទេ។

ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ប្រើ​ដៃ

សម្រាប់​គំរូ​ប្រើ​ដៃ​នេះ ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ឧបករណ៍​គ្រូពេទ្យ​ប្រើប្រាស់​ជា​ទូទៅ ហៅ​ថា​ Sphygmomanometer ​ភាគ​ច្រើន​ឧបករណ៍​ទាំង​នេះ ​រួមមាន​ស្នប់​ដៃ​​ បាល់​សម្រាប់​ច្របាច់​បំប៉ោង​ស្នប់​ដៃ ​ស្តេតូ​ស្កូប ​ឬ​មីក្រូហ្វូន ​និង​ប្រដាប់​ស្ទង់​សម្ពាធ​ឈាម។

វាស់​សម្ពាធ​ឈាម ​គឺ​​បង្អាក់​ចរន្ត​ហូរ​ឈាម​ក្នុង​សរសៃ​អាក់ទែរ​បណ្ដោះ​អាសន្ន​ ជា​ធម្មតា​គឺ​ធ្វើ​ការ​បំប៉ោង​ស្នប់​ដៃ និង​ដាក់​ស្តេតូ​ស្កូប​លើ​ស្បែក​ ពី​លើ​សរសៃ​អាក់ទែរ។ យើង​អាច​ស្ដាប់ឮ​សំឡង​ចរន្ត​ម្ដង​ទៀត ពេល​ខ្យល់​ស្នប់​ដៃ​ត្រូវ​បន្ធូរ​ចេញ។

សម្ពាធ​ឈាម នឹង​បង្ហាញ​ដោយ​ទ្រនិច​លើ​ឧករណ៍ ពេល​សម្ពាធ​ក្នុង​ស្នប់​ដៃ​កើន​ឡើង​ទ្រនិច ​នឹង​ផ្លាស់​ប្ដូរ​ទិស​ដៅ​ស្របតាម​ទ្រនិច​នាឡិកា ហើយ​ពេល​សម្ពាធ​ស្នប់​ដៃ​ចុះ​ខ្សោយ​ ទ្រនិច​ចង្អុល​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​មកវិញ។ នៅ​ពេល​បំប៉ោង​ស្នប់ដៃ ហើយ​ឮ​សំឡេង​លើក​ដំបូង ចំនុច​ដែល​ទ្រនិច​ចង្អុល គឺ​បញ្ជាក់​ពី​សម្ពាធ​ឈាម​ខាង​លើ ខណៈ​ពេល​បន្ធូរ​ខ្យល់​ចេញ​ឮ​សំឡេង​លើក​ទី ២ កន្លែង​ទ្រនិច​ចង្អុល​ចំ​ជា​សម្ពាធ​ជាង​ក្រោម។

ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម ​Ambulatory

ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម​ Ambulatory​ ​ជា​ឧបករណ៍​តូច​មួយ​ ពាក់​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ​​រយៈ​ពេលពី ​២៤-​៤៨ ​ម៉ោង។ ឧបករណ៍​នេះ​ធ្វើ​តេស្ត​សម្ពាធ​ឈាម​ដោយ​ស្វ័យប្រវត្តិ។

២- ហេតុ​អ្វី​ត្រូវ​វាស់​សម្ពាធ​ឈាម​ដោយ​ខ្លួន​ឯង?

ធ្វើ​តេស្ត​វាស់​សម្ពាធ​​ដោយ​ខ្លួន​ឯង​ក្នុង​គោល​បំណង​ដូចជា៖

– ពិនិត្យ​រោគ​សញ្ញា​បម្រុង​លើស​សម្ពាធ​ឈាម (សម្ពាធ​ឈាម​លើ​ចន្លោះ​ពី​ ១២០​-១៣៩​ មិល្លីម៉ែត្រ​បារ៉ត​ ឬ​សម្ពាធ​ឈាម​ក្រោម​ចន្លោះ​ពី​ ៨០​-៨៩​ មិល្លីម៉ែត្រ​បារ៉ត)។

– ពិនិត្យ​រោគ​សញ្ញា​លើស​សម្ពាធ​ឈាម (សម្ពាធ​ឈាម​លើ​ខ្ពស់​ជាង ១៤០​​ មិល្លីម៉ែត្រ​បារ៉ត​ ឬ​សម្ពាធ​ឈាម​ក្រោម​ខ្ពស់​ជា ៩០ ​មិល្លីម៉ែត្រ​បារ៉ត​)។

– ដើម្បី​ដឹង​កត្តា​ហានិភ័យ​ដោយ​សារ​ជំងឺ​លើស​សម្ពាធ​ឈាម។

វាស់សម្ពាធឈាម

ស្វែងយល់មុនធ្វើតេស្ត

៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​វាស់​សម្ពាធ​ឈាម​ដោយ​ខ្លួន​ឯង?

ហាម​ផ្លាស់​ប្ដូរ​​ថ្នាំ​លើស​សម្ពាធ​ឈាម​ដោយ​ខ្លួន​ឯង​ ​លុះ​ត្រា​តែ​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ។ ធម្មតា​សម្ពាធ​ឈាម​អាច​ឡើង​ចុះមិន​ទៀង​ទាត់​រៀង​រាល់​ថ្ងៃ អាស្រ័យ​ទៅ​តាម​ពេល​វេលា។ ម៉្យាង​ទៀត​សម្រាប់​សម្ពាធ​ឈាម ​តែង​តែ​​ខ្ពស់​នៅ​ពេល​ព្រឹក ​និង​ទាប​នៅ​ពេល​យប់។

ភាព​តានតឹង ជក់​បារី ញ៉ាំ​អាហារ ​ហាត់​ប្រាណ​ គ្រុន​ផ្ដាសាយ​ ឈឺ​ចាប់ ​សំឡេង​រំខាន ប្រើប្រាស់​ថ្នាំ​ សូម្បី​តែ​និយាយ​ស្ដី សុទ្ធ​តែ​អាច​ប៉ះពាល់​សម្ពាធ​ឈាម​ទាំងអស់។ លទ្ធផល​ទទួល​ក្រោយ​ពេល​វាស់​សម្ពាធ​ឈាម​លើក​ទី​មួយ ​មាន​កម្រិត​ខ្ពស់ ឬ​ធម្មតា ក៏​មិន​អាច​បញ្ជាក់​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មិន​លើស​នោះ​ដែរ។ ទទួល​បាន​លទ្ធផល​ស្រដៀង​គ្នា​ក្រោយ​វាស់​សម្ពាធ​ឈាម​ច្រើន​ដង​ក្នុង​ថ្ងៃ​តែ​មួយ អាច​ជឿជាក់​ជាង​ការ​វាស់​តែ​មួយ​លើក។

សម្ពាធ​ឈាម​​អាច​ឡើង​ខ្ពស់​ពេល​ទៅ​ជួប​គ្រូពេទ្យ ដោយ​អាការៈ​នេះ ហៅ​ថា​ White-Coat ​បណ្ដាល​មក​ពី​ស្រ្ដេស​ ឬ​ភិត​ភ័យ​ពេល​ជិត​គ្រូពេទ្យ។ ធ្វើ​ការ​វាស់​សម្ពាធ​ឈាម​ខ្លួន​ឯង​នៅ​ផ្ទះ ជា​ធម្មតា​សង្កេត​ឃើញ​ថា​ កម្រិត​ទាប​ជាង​ពេល​យើង​ទៅ​ជួប​គ្រូពេទ្យ។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែប​ណា?

មុន​វាស់​សម្ពាធ​​ដោយ​ខ្លួន​ឯង​គួរ​តែ​អនុវត្ត​ដូច​ខាង​ក្រោម៖

– រក​កន្លែង​ស្ងប់ស្ងាត់​ដើម្បី​វាស់ ព្រោះ​យើង​ត្រូវ​ធ្វើ​ការ​ស្ដាប់​ចង្វាក់​បេះដូង។

– ត្រូវ​ប្រាកដ​ថា​ មាន​ផាសុកភាព ​និង​នោម​ចេញ​ឲ្យ​អស់ (មាន​ទឹក​នោម​ពេញ​ប្លោក​អាច​ប៉ះពាល់​លទ្ធផល)។

– មូរ​ដៃ​អាវ​ឡើង ឬ​ដោះ​អាវ​​តឹង​ចេញ។

– អង្គុយ​នៅ​លើ​កៅអី​ជិត​តុ សម្រាក ៥-១០ នាទី ដៃ​ត្រូវ​ដាក់​ឲ្យ​ស្មើ​​បេះដូង អង្គុយ​ឲ្យ​ត្រង់​ហាម​ខ្វែង​ជើង ​និង​ដាក់​កំភួន​ដៃ​នៅ​លើ​តុ ស្មើ​បាត​ដៃ និង​ផ្ងារ​ទៅលើ។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេល​កំពុង​វាស់?

សម្ពាធ​ឈាម​នៅ​ដៃ​ខាង​ស្តាំ​អាច​មាន​កម្រិត​ខ្ពស់​ជាង ​ឬ​ទាប​ជាង​សម្ពាធ​ឈាម​នៅ​ដៃ​ខាង​ឆ្វេង ហេតុនេះ​គួរ​តែ​ព្យាយាម​ប្រើ​ដៃ​តែ​ម្ខាង​រាល់​ពេល​វាស់​សម្ពាធ​ឈាម​ម្ដងៗ។

ពេល​វាស់​​ដំបូង ​គួរ​តែ​វាស់​ ៣​ដង ​ចន្លោះ​ពី​ ៥​-១០​ នាទីម្តង។ ​ពេល​អាច​ទម្លាប់​វាស់​សម្ពាធ​ឈាម​ដោយ​ខ្លួន​ឯង​ហើយ មិន​ចាំបាច់​ធ្វើ​ច្រើន​ដង​ទៀត​ទេ វាស់​ត្រឹម​តែ​ម្ដង ឬ ២ដង ក្នុង​មួយ​លើក​ក៏​បាន។

វិធី​ប្រើប្រាស់​ឧបករណ៍​វាស់​សម្ពាធ​ឈាម ​អាច​ប្រែប្រួល​ទៅ​តាម​ប្រភេទ​ឧបករណ៍ ដោយ​មាន​គោលការណ៍​ណែនាំ​មួយ​ពីវិធីវាស់​ដូចជា៖

– វាស់​នៅ​ពេល​មាន​អារម្មណ៍​សុខ​ស្រួល និង​​ផាសុកភាព។ អង្គុយ​ឲ្យ​ស្រួល​នៅ​លើ​កៅអី​ស្រប​ពេល​បាត​ជើង​នៅ​លើ​ឥដ្ឋ

– ព្យាយាម​កុំ​ធ្វើ​កាយវិការ ​ឬ​និយាយ​អំឡុង​ពេល​​វាស់

– អង្គុយ​ដាក់​ដៃ​បាន​ស្រួល​នៅ​លើ​តុ​ ​មាន​កម្ពស់​ស្មើ​ទីតាំង​បេះដូង

– ពាក់​ស្នប់​ដៃ​នៅ​ដើម​ដៃ ​មូរ​ដៃ​អាវ​ឡើង ​ឬ​ដោះ​អាវ​ចេញ

– រឹត​ស្នប់​ដៃ​ឲ្យ​ណែន​ជុំវិញ​ដើម​ដៃ​ គែម​ស្នប់​ដៃ​មាន​គម្លាត​ប្រហែល​ ១​អ៊ីញ ឬ ២,៥សម ​លើ​កែង​ដៃ។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ពីវាស់សម្ពាធឈាមរួច?

កត់​ត្រា​ទុក​របាយការណ៍​​វាស់​សម្ពាធ​ឈាម​ទៅ​តាមថ្ងៃ និង​ម៉ោង​ឲ្យ​បាន​ជាក់លាក់។ អាច​ប្រើ​សៀវភៅ​ ឬ​កុំព្យូទ័រ​កត់ត្រា​ក៏​បាន។ លើស​ពី​នេះ ​ត្រូវ​កត់ត្រា​សកម្មភាព​ប្រចាំ​ថ្ងៃ​​ ដូចជា ​ម៉ោងញ៉ាំ​ថ្នាំ ​ឬ​ពេល​មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត ឬ​ស្រ្ដេស។ កំណត់​ត្រា​​អាច​ប្រាប់​ពី​ការ​ប្រែប្រួល​សម្ពាធ​ឈាម និង​ងាយ​ស្រួល​ឲ្យ​គ្រូពេទ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ថ្នាំ​ព្យាបាល។

លទ្ធផល​

៧- លទ្ធផល​មាន​ន័យ​យ៉ាង​ណា?

សម្ពាធ​ឈាម​សម្រាប់​មនុស្ស​ពេញ​វ័យ ​និង​មនុស្ស​ចាស់៖

– កម្រិត​ប្រសើរ​បំផុត៖ សម្ពាធ​ឈាម​លើ​មាន​កម្រិត ១១៩ មិល្លីម៉ែត្រ​បារ៉ត ឬ​ទាប​ជាង​នេះ​ និង​សម្ពាធ​ឈាម​ក្រោម ៧៩ មិល្លីម៉ែត្រ​បារ៉ត ឬ​ទាប​ជាង​នេះ។

– បម្រុងមាន​សម្ពាធ​ឈាម​ខ្ពស់៖ សម្ពាធ​ឈាម​លើចន្លោះ​ពី​ ១២០-១៣៩ មិល្លីម៉ែត្រ​បារ៉ត និង​សម្ពាធ​ឈាម​កក្រោម​ចន្លោះ​ពី ​៨០-៨៩ មិល្លីម៉ែត្រ​បារ៉ត ។

– សម្ពាធ​ឈាម​ខ្ពស់៖ សម្ពាធ​ឈាម​លើ ១៤០ មិល្លីម៉ែត្រ​បារ៉ត ឬ​ខ្ពស់​ជាង​ និង​សម្ពាធ​ឈាម​ក្រោម ៩០ មិល្លីម៉ែត្រ​បារ៉ត ​ឬ​ខ្ពស់​ជាង​នេះ។

ជា​ទូទៅ​សម្ពាធ​ឈាម​មាន​កម្រិត​ទាប​កាន់​តែ​ប្រសើរ ប៉ុន្តែ​ពេល​លទ្ធផល​ក្រោយ​វាស់ទាប​ជាង​៩០ មិល្លីម៉ែត្រ​បារ៉តលើ ៦០ មិល្លីម៉ែត្រ​បារ៉ត ​បញ្ជាក់​ថាយើង​មាន​សុខភាព​ល្អ​ យើង​មាន​អារម្មណ៍​សុខ​ស្រួល​ក្នុង​រាងកាយ។ ប៉ុន្តែ​បើ​មាន​សម្ពាធ​ឈាម​ទាប ហើយ​មាន​អារម្មណ៍​វិល​មុខ​ សន្លប់ ឬ​ចង្អោរ ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 535.

កំណែ​ប្រែបច្ចុប្បន្ន

22/03/2021

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សម្ពាធឈាមខ្ពស់ប៉ះពាល់​សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ?

ការសិក្សា៖ មានសម្ពាធឈាមខ្ពស់ អាចធ្វើឲ្យ​ខ្សោយការចងចាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម