១. អ្វីទៅជាជំងឺ Hemophilia?
Hemophilia ជាជំងឺវិបត្តិហូរឈាមពីកំណើត ដែលកើតញឹកញាប់ជាងគេលំដាប់ទី២ ហើយកើតមានទៅលើក្មេងប្រុស ឯក្មេងស្រីអាចជាអ្នកផ្ទុក ដោយមិនចេញរោគសញ្ញា។ Hemophilia ជំងឺតពូជពីម្តាយទៅកូន មិនមែនពីឪពុកទៅកូនទេ ៧០% នៃជំងឺ Hemophilia គឺមានប្រវត្តិក្រុមគ្រួសារដែលកើតជំងឺ Hemophilia ជាប្រភេទជំងឺហូរឈាម ឬក៏យើងហៅថា ឈាមក្រកក តែមិនមែនជាជំងឺឈាមរាវនោះទេ។ ចំណែក ៣០% ទៀត ជំងឺ Hemophilia កើតឡើងដោយសារបម្រែបម្រួលទៅលើក្រូម៉ូសូមដោយខ្លួនឯង។
២០នាក់ក្នុងចំណោមមនុស្សប្រុស ១០០.០០០នាក់ មានជំងឺ Hemophilia ហើយបច្ចុប្បន្នគេប៉ាន់ប្រមាណថា ១នាក់ ក្នុងចំណោមបុរស ១០.០០០នាក់ កើតជំងឺ Hemophilia A កម្រិតធ្ងន់ ហើយ ១នាក់ ក្នុងចំណោមបុរស ៥.០០០នាក់ កើតជំងឺ Hemophilia B កម្រិតធ្ងន់។
នៅកម្ពុជា យើងអាចប៉ាន់ប្រមាណថា មានអ្នកជំងឺ Hemophilia ប្រហែល ១.៣០០នាក់ មិនបានធ្វើរោគវិនិច្ឆ័យ ឬមិនបានធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ហេតុនេះពួកគេមិនបានទទួលការថែទាំត្រឹមត្រូវឡើយ។ យើងអាចប៉ាន់ប្រមាណបានដែរថា មានទារកកើតមកមានជំងឺ Hemophilia ប្រហែល ៤០ ករណីជារៀងរាល់ឆ្នាំ បើផ្អែកតាមអត្រាកំណើតក្នុងប្រទេសកម្ពុជាប្រហែល ៤០០.០០០/ឆ្នាំ។
២. រោគសញ្ញាជំងឺ Hemophilia
– ឡើងជាំនៅពេលទង្គិចអ្វីមួយ
– ឧស្សាហ៍ហើមជង្គង់ កែងដៃ
– ឈាមក្រកក
– ឈាមហូរខុសប្រក្រតីនៅតាមមាត់ សន្លាក់ សាច់ដុំ
– ហើម ឬហូរឈាមខុសប្រក្រតីពេលចាក់វ៉ាក់សាំង
– មានឈាមនៅក្នុងទឹកនោម ឬលាមក។
៣. ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ Hemophilia
ការរោគវិនិច្ឆ័យថា ក្មេងមានជំងឺ Hemophilia ឬអត់ ដោយការធ្វើតេស្តឈាម។ នៅកម្ពុជា មានមន្ទីរពេទ្យ ៣ កន្លែងដែលអាចធ្វើរោគវិនិច្ឆ័យរកមើលជំងឺ Hemophilia បានត្រឹមត្រូវ ក្នុងនោះមានមន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យកុមារអង្គរ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល។ ជំងឺ Hemophilia មិនអាចព្យាបាលឲ្យជាដាច់ឡើយ ប៉ុន្តែអាចគ្រប់គ្រងបាន។ ការព្យាបាល គឺចាក់បញ្ចូលឈាម ផ្លាសមា ឬកត្តាឈាមកកជំនួសនៅពេលហូរឈាម។ ការព្យាបាលជំងឺនេះត្រូវចំណាយថវិកាច្រើន ខណៈការព្យាបាលដោយចលនាក៏មានសារសំខាន់ណាស់ដែរចំពោះអ្នកជំងឺ Hemophilia។ ទោះបីគ្មានកត្តាឈាមកកជំនួសសម្រាប់ប្រើ ឬមិនគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែការតាមដានជាទៀងទាត់ និងការអប់រំដល់អ្នកជំងឺមានសារសំខាន់បំផុត ដើម្បីឲ្យពួកគេរស់នៅប្រហាក់ប្រហែលនឹងជីវិតធម្មតាបាន។
[embed-health-tool-vaccination-tool]