នៅពេលមានរបស់ ឬសត្វអ្វីមួយចូលក្នុងត្រចៀក ពិតជាឈឺចាប់ខ្លាំងណាស់ ហើយសម្រាប់ក្មេងទៀតសោតឃើញឧស្សាហ៍ជួបបញ្ហាមួយនេះញឹកញាប់។
នៅពេលមានសត្វចូលក្នុងត្រចៀកលោកវេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក បម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួង បានណែនាំវិធីយកចេញភ្លាមៗទាំងដោយខ្លួនឯង ឬយកកូនទៅមន្ទីរពេទ្យ ដើម្បីឲ្យអ្នកជំនាញចាប់យកចេញដោយឧបករណ៍ត្រឹមត្រូវ។
ប៉ុន្តែបើកើតឡើងភ្លាមៗ ហើយជនរងគ្រោះមានអាការៈឈឺចុកចាប់ខ្លាំង ព្រមទាំងមន្ទីរពេទ្យនៅឆ្ងាយទៀតនោះ ត្រូវរកប្រេងធម្មជាតិ ប្រេងអូលីវ ឬប្រេងទារក បន្តក់ចូលក្នុងត្រចៀក ធ្វើដូច្នេះសត្វល្អិតនឹងថប់ដង្ហើមងាប់ ហើយវានឹងអណ្ដែតឡើងមកលើប្រេង ហើយនៅពេលបន្តក់រួចត្រូវផ្អៀងក្បាលខាងចូលនោះឡើងលើ ដើម្បីឲ្យប្រេងស្ថិតក្នុងប្រហោងត្រចៀក។
![]()
លោកបានបន្ថែមទៀតថា ប៉ុន្តែបើគ្មានប្រេងអស់ទាំងនោះ យើងអាចយកសឺរ៉ាំង បូមសេរ៉ូមប្រៃឲ្យពេញ ហើយបាញ់ចូលទៅក្នុងត្រចៀកខាងមានសត្វល្អិតចូល នោះសត្វល្អិតនឹងផុសចេញមកក្រៅ ហើយចាំផ្អៀងឲ្យទឹកហូរចេញ។ មួយវិញទៀតប្រសិនបើគ្មានសេរ៉ូមប្រៃទេ យើងអាចប្រើទឹកស្អាត ដាក់ចូលក្នុងត្រចៀក ដើម្បីឲ្យសត្វផុសឡើងមកក៏បាន។
សម្រាប់ពេទ្យវិញ មានវិធី ២ ដើម្បីយកសត្វចេញពីក្នុងត្រចៀក ទី១ គឺប្រើឧបករណ៍បាញ់ឲ្យសត្វនោះចេញមកក្រៅ ហើយទី២ វិញគឺប្រើឧបករណ៍បូមយកមកតែម្ដង។ វិធីទាំងនេះប្រើចំពោះកូនក្មេង និងមនុស្សធំបានដូចគ្នា។
រឿងត្រូវដឹង ពេលមានសត្វចូលត្រចៀក មិនគួររកអ្វីមកត្បារឡើយ ព្រោះវាកាន់តែធ្វើឲ្យសត្វនោះកាន់តែធ្លាក់ចូលកាន់តែជ្រៅ សត្វខាំ ឬសត្វនោះដាច់ដោច បាក់ដៃជើង ចូលក្នុងត្រចៀក នាំឲ្យនៅឈឺត្រចៀក ពេលខ្លះទៅជាដំបៅត្រចៀក។
[embed-health-tool-heart-rate]




















