អាហារដែលយើងញុំាអាចប៉ះពាល់ដល់សុខភាពក្រពេញទីរ៉ូអ៊ីត។ ក្រពេញទីរ៉ូអ៊ីតគឺជាសរីរាង្គរាង ដូចមេអំបៅនៅពីមុខកដែលគ្រប់គ្រងការរំលាយអាហារ ការអភិវឌ្ឍខួរក្បាល សីតុណ្ហភាពរាងកាយ កម្រិតកូលេស្តេរ៉ូល និងអ្វីៗជាច្រើនទៀត។ តើយើងគួរចៀសវាងអាហារអ្វីខ្លះដើម្បីថែរក្សាសុខភាពក្រពេញទីរ៉ូអ៊ីត?
អាហារមួយចំនួនអាចរំខានដល់សមត្ថភាពរបស់ក្រពេញទីរ៉ូអ៊ីតក្នុងការដំណើរការ ឬផលិតអ័រម៉ូន T3 និង T4 ដែលគ្រប់គ្រងការរំលាយអាហាររបស់កោសិកានីមួយៗនៅក្នុងរាងកាយ។ អាហារដែលប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីតមានដូចខាងក្រោម៖
១. សារធាតុភ្លុយអរ
សារធាតុភ្លុយអរមានច្រើននៅក្នុងភេសជ្ជៈត្រជាក់ និងភេសជ្ជៈកំប៉ុង អាចបំផ្លាញក្រពេញទីរ៉ូអ៊ីតយើង។
២. បន្លែឆៅមួយចំនួន
បន្លែឆៅដូចជាប្រូខូលី ផា្កខាត់ណា ស្ពៃក្តោប និងឆាយថាវមានផ្ទុកសារធាតុ goitrogen ខ្ពស់។ សារធាតុ goitrogen រំខានដល់សមត្ថភាពរបស់រាងកាយក្នុងការស្រូបយកអ៊ីយ៉ូត ហើយវាធ្វើឱ្យការផលិតអ័រម៉ូនទីរ៉ូអ៊ីតថយចុះ។ សម្រាប់អ្នកមានបញ្ហាក្រពេញទីរ៉ូអ៊ីត គួរកាត់បន្ថយការញ៉ាំពពួកបន្លែទាំងនេះ។
៣. សណ្តែកសៀង
សណ្តែកសៀង និងផលិតផលពីសណ្តែកសៀងដូចជា តៅហ៊ូជាដើម មានសារធាតុ isoflavones ដែលដើរតួជា goitrogens ជាសារធាតុរារាំងការផលិតអ័រម៉ូនទីរ៉ូអ៊ីត។ យើងអាចជ្រើសរើសអាហារផ្សំពីសណ្តែកសៀងដែលផ្អាប់ ដើម្បីកាត់បន្ថយការប្រមូលផ្តុំសមាសធាតុ goitrogenic នៅក្នុងរបបអាហាររបស់យើង។
៤. អ៊ីយ៉ូត
ក្រពេញទីរ៉ូអ៊ីតប្រើប្រាស់អ៊ីយ៉ូតដើម្បីផលិតអ័រម៉ូន T3 និង T4 ប៉ុន្តែប្រសិនបើរាងកាយយើងលើសជាតិអ៊ីយ៉ូត វាអាចរារាំងមុខងារ T3 និង T4 ដូច្នេះយើងមិនត្រូវញុំាអ៊ីយ៉ូតលើសពី ១៥០ មីក្រូក្រាមក្នុង ១ ថ្ងៃទេ។ អ៊ីយ៉ូតសម្បូរនៅក្នុងអាហារដូចជា សារ៉ាយសមុទ្រ គ្រឿងសមុទ្រ និងអំបិលដែលមានអ៊ីយ៉ូត។
៥. អាហារបំពង
អាហារចៀននិងបំពងមានខ្លាញ់ឆ្អែតអាចប៉ះពាល់ដល់សុខភាព និងមុខងាររបស់ក្រពេញទីរ៉ូអ៊ីត។
៦. ជាតិ gluten
អ្នកខ្លះមានប្រតិកម្មនឹងជាតិ gluten (ជាតិស្អិត) ដែលជាប្រូតេអ៊ីននៅក្នុងពពួកស្រូវសាលី។ ពេលណាជាតិ gluten ចូលដល់រាងកាយ ប្រព័ន្ធភាពសុំានឹងវាយប្រហារជាលិការាងកាយ និងជាលិកាប្រពេញទីរ៉ូអ៊ីត ព្រមទាំងបង្កឱ្យមានជំងឺពោះវៀន (Celiac disease) ទៀតផង។ ដូច្នេះមនុស្សមួយចំនួនត្រូវតែចៀសវាងការញុំាជាតិ gluten ទាំងស្រុងដើម្បីថែរក្សាមុខងារក្រពេញទីរ៉ូអ៊ីត។
ចង់ដឹងពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ
៧. ជាតិកាហ្វេអ៊ីន
ការញុំាជាតិកាហ្វេអ៊ីនច្រើនធ្វើឱ្យប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីត និងក្រពេញ Adrenal។ ជាតិកាហ្វេអ៊ីនរារាំងការស្រូបយកអ័រម៉ូនទីរ៉ូអ៊ីត។
៨. ជាតិស្ករ
ការញុំាជាតិស្ករច្រើនធ្វើឱ្យផលប៉ះពាល់ដល់រាងកាយ និងរំខានដល់ការបំប្លែង T4 ដែលចាំបាច់សម្រាប់មុខងារក្រពេញទីរ៉ូអ៊ីត។
៩. គ្រឿងស្រវឹង
ជាតិអាល់កុលអាចរារាំងសមត្ថភាពរបស់ក្រពេញទីរ៉ូអ៊ីតក្នុងការផលិតអ័រម៉ូនទីរ៉ូអ៊ីត។ ការថែរក្សាសុខភាពក្រពេញទីរ៉ូអ៊ីតអាចការពារយើងពីជំងឺក្រពេញទីរ៉ូអ៊ីតដូចជា ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការលើសកម្រិត មហារីកក្រពេញទីរ៉ូអ៊ីតជាដើម។
[embed-health-tool-heart-rate]