backup og meta

កម្រិតជាតិស្ករចុះទាប អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 11, 2021

    កម្រិតជាតិស្ករចុះទាប អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ គួរធ្វើម៉េច?

    អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ក៏​អាច​ជួប​បញ្ហា​កម្រិត​ជាតិ​ស្ករ​ចុះទាប ដែល​បញ្ហា​នេះ​អាច​បង្ក​ជា​រោគ​សញ្ញា​ធ្ងន់​ធ្ងរ និង​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់​ផង​ដែរ។ តើ​កម្រិត​ជាតិ​ស្ករ​ចុះ​ទាប​ប៉ះ​ពល​សុខភាព​អ្នក​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​១​បែប​ណា? គូរ​ដោះ​ស្រាយ​ម៉េច?

    ១-​បញ្ហា​ធ្លាក់ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

    ធ្លាក់ចុះទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ សំដៅ​លើ​ពេល​មួយ​ដែល​​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ខ្លាំង ហើយ​កម្រិត​ជាតិ​ស្ករ​ទាប​ខ្លាំង​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ លេច​ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​បន្ទាន់​មួយ​។​

    អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ត្រូវ​ធ្វើ​យ៉ាង​ណា​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​របស់​ខ្លួន​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ឡើង​ខ្ពស់ពេក ឬ​ទាប​ពេក។ ការ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ត្រូវ​មាន​របបអាហារ​ត្រឹមត្រូវ ធ្វើ​លំហាត់​ប្រាណ និង​ត្រូវ​ចាក់​អាំង​ស៊ុយលីន​ឲ្យ​បាន​ទៀង​ទាត់​។​

    ២-​ធ្លាក់ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមចេញ​រោគ​សញ្ញាអ្វី​ខ្លះ?

    សញ្ញា​និង​រោគ​សញ្ញា​នៃការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំង​អាច​អាស្រ័យ​លើ​ភាព​ផ្សេង​ៗគ្នា​​របស់​មនុស្ស​ម្នាក់​ៗ និងថា​​កម្រិត​ធ្លាក់​ចុះ​នោះ​លឿន​ប៉ុនណា​។

    សញ្ញា​​នៃ​ការ​ធ្លាក់​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្លាំងរួម​មាន៖

    • បែក​ញើស​
    • ឃ្លាន​ខ្លាំង
    • ចង្វាក់​បេះដូង​លោត​ញាប់
    • និយាយ​មិន​ច្បាស់
    • វិល​មុខ
    • អស់​កម្លាំង
    • ស្រវាំង​ភ្នែក
    • យំ​ដោយ​គ្មាន​មូល​ហេតុ
    • ញ័រ​ដៃ​ជើង

    ពេល​ខ្លះ​បញ្ហា​ធ្លាក់​ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង និង​អាច​ធ្វើ​ឲ្យ​​យើង​​សន្លប់ ឬ​ប្រកាច់​ទៀត​ផង​។ យ៉ាងណា រោគ​សញ្ញាទាំង​នេះ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មកពីការ​ធ្លាក់​ចុះ​ទាប​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នោះទេ បើ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន យើង​គួរ​ធ្វើ​តេស្ត​ជាតិ​ស្ករ មិន​ត្រូវ​ចេះតែស្មាន​នោះទេ​។

    ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ដែល​ធ្លាប់ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ពេល​យប់ អាច​នឹង​បែក​ញើស​ច្រើ​ន​ពេល​យប់ យលសប្តិ​អាក្រក់ និង​ពេលភ្ញាក់​ឡើង​អាចមាន​អារម្មណ៍​ថា​ខ្សោយ ឬ​ឈឺក្បាល​។​​

    ៣-មូល​ហេតុ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ចុះ​ទាប

    យើង​​អាច​មាន​បញ្ហា​នេះ​នៅ​ពេល​៖

    • រំលង​ពេល​ញ៉ាំ​អាហារ ឬ​ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់​នៅ​អំឡុង​ពេល​បាយ
    • ហាត់​កីឡា​យូរ​ពេក ឬ​ខ្លាំង​ជា​ធម្មតា​ពេក ដោយ​មិន​​ញ៉ាំ​អាហារ​បន្ថែម
    • ចាក់​អាំងស៊ុយលីន​លើស​កម្រិត​
    • ចាក់​អាំងស៊ុយ​លីន​មិន​ទៀង​ពេល
    • កើត​អំឡុង​ពេល​គេង
    • ច្រើន​ម៉ោង​ក្រោយ​ហាត់​ប្រាណ
    • បន្ទាប់​ពី​អ្នក​ជំងឺ​ផឹក​ស្រា។ ជាតិ​អាល់កុល អាច​​នាំ​ឲ្យ​​ធ្លាក់​ចុះ​ជាតិ​ស្ករ​ភ្លាមៗ។

    តេស្តកម្រិតជាតិស្ករ

    ៤-ការ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ទាប​នៅ​ក្នុង​ឈាម

    បើ​យើង​សង្ស័យ​ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាមចុះ​​ទាប គឺ​យើង​ត្រូវ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ឲ្យ​បាន​ភ្លាមៗ ឬ​បើ​យើង​មិន​អាច​ធ្វើ​បាន​ទេ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ព្យាបាល​ដោយ​ខ្លួន​ឯង​ចំពោះ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ចេញ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់​ធ្ងរ ដូចជា​អាច​ផឹក​ទឹកឃ្មុំ​មួយ​ស្លាប​ព្រា ឬ​ទឹក​ក្រូចកន្លះ​កែវ ឬ​ផ្លែប៉ោម​មួយ​ផ្លែ​ជា​ដើម​។​។​

    អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ខ្លះ​មិន​ងាយ​សម្គាល់​ឃើញ​រោគ​សញ្ញា​ធ្លាក់​ចុះ​កម្រិត​ជាតិ​ស្ករ​នេះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ត្រូវ​ធ្វើ​តេស្ត​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ញឹក​ញាប់។ មួយ​វិញ​ទៀត យើង​គួរ​ជួប​ជាមួយ​គ្រូពេទ្យ​បើសិន​ជា​យើង​មិន​ស្រួល​ខ្លួន និង​មាន​ចេញ​រោគ​សញ្ញា​ធ្លាក់ចុះ​កម្រិត​ជាតិ​ស្ករ​ និង​សាក​សួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ពី​វិធី​ការ​ពារ​ខ្លួន​ពេល​ជួប​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​។​​

    ដូច​គ្នា​ដែរ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ឬ​សមាជិក​គ្រួសារ ត្រូវ​ដឹង​ថា​​ប្រសិន​បើ​យើង​ ឬសមាជិក​គ្រួសារ​​​​ធ្លាប់​មាន​អាការៈប្រកាច់ ឬ​សន្លប់ ដោយ​សារ​បញ្ហា​នេះ គឺ​មិន​ត្រូវ​ព្យាម​យាម​ញ៉ាំ​​អាហារ​​នោះ​ទេ ដោយ​សារ​តែ​ការ​ញ៉ាំ​អាហារ​អាចបណ្ដាល​ឲ្យ​អ្នកជំងឺ​​ស្លាក់​បាន។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម