វត្តមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមានឈាម នោះគេឲ្យឈ្មោះថាទាចទឹក។ ទាចទឹកនេះមិនមែនជាជំងឺតំណពូជទេ ហើយវាក៏មិនអាចសុខៗ កើតបានដោយឯកឯងដែរ នេះបើតាមឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ រស្មី។
ជំងឺទាចទឹកនេះ ភាគច្រើនកើតឡើងដោយសារការបង្ករបស់ជំងឺដទៃផ្សេងៗជាច្រើនទៀតមានដូចជា៖
- ជំងឺក្រិនថ្លើម និងរលាកថ្លើម
- ជំងឺដុំនៅក្នុងថ្លើម (មហារីកថ្លើម)
– ជំងឺដុំនៅក្នុងក្រពះ (មហារីកក្រពះ)
– ជំងឺដុំនៅក្នុងពោះវៀនធំ (មហារីកពោះវៀន)
– ជំងឺដុំនៅក្នុងស្រោមខ្លាញ់ពោះវៀន
– ជំងឺដុំនៅក្នុងដៃស្បូន
– ជំងឺដុំនៅក្នុងលំពែង ។ល។
ពេលឈឺទាចទឹក អ្នកជំងឺមានបង្ហាញរោគសញ្ញាបែបម៉េចខ្លះ?
លោកវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រីរូបនេះថា រោគសញ្ញាជំងឺទាចទឹក អាស្រ័យទៅលើមូលហេតុរបស់ជំងឺនីមួយៗដែលបង្កឡើង។ ប៉ុន្តែខាងគ្រូពេទ្យអាចកំណត់បានថា កើតជំងឺទាចទឹក ដោយសង្កេតមើលទៅលើសភាពរបស់អ្នកជំងឺ និងរោគសញ្ញាមួយចំនួនដែលបង្ហាញឡើងលើអ្នកជំងឺ។
ដូចទៅនឹងជំងឺដទៃទៀតដែរ ជំងឺទាចទឹកក៏ផ្ដល់ផលវិបាកដល់អ្នកជំងឺដែរ៖ “ក្រៅពីបណ្ដាលឲ្យអ្នកជំងឺថមថយនូវកម្លាំង រាងកាយស្គមស្គាំង ពិបាកនៅក្នុងការរស់នៅប្រចាំថ្ងៃ អ្នកជំងឺទាចទឹកត្រូវចំណាយថវិកាច្រើនក្នុងការព្យាបាល”។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជំងឺទាចទឹកអាចឆក់ជីវិតយើង ក្នុងករណីដែលមិនមានការព្យាបាលទាន់ពេល និងមិនត្រឹមត្រូវ។ បើចង់ចៀសឆ្ងាយជំងឺទាចទឹកនេះកាន់តែខ្លាំង គឺត្រូវចេះថែទាំសុខភាព កុំឲ្យកើតជំងឺដែលបានរៀបរាប់ប្រាប់ ហើយមិនគួរផឹកស្រាច្រើនរហូតទាល់តែកើតក្រិនថ្លើមទេ ព្រោះជំងឺក្រិនថ្លើម គឺជាប្រភពនៃជំងឺទាចទឹក។
[embed-health-tool-bmi]