មហារីកជាជំងឺកាចសាហាវ ដែលសម្លាប់មនុស្សច្រើនជាងគេ លំដាប់ទី២នៅលើពិភពលោក។ ដោយហេតុថា ជំងឺមហារីកមានច្រើនប្រភេទ កាចសាហាវផងនោះ ម្នាក់ៗកាលបើឮឈ្មោះជំងឺនេះហើយតែងតែតក់ស្លុត ហើយអ្នកខ្លះក៏បានដឹងព័ត៌មានច្រើនអំពីជំងឺមហារីក ខណៈមួយចំនួនទៀតមិនសូវជាដឹងប៉ុន្មាននោះទេ។ ខាងក្រោមនេះជាសំណួរដែលមានអ្នកសួរញឹកញាប់ញាប់បំផុតពាក់ព័ន្ធនឹងជំងឺមហារីក ដែលក្រុមការងារយើងបានសាកសួរទៅលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក។
សំណួរ១៖ មហារីកជាជំងឺតពូជមែនទេ?
វេជ្ជបណ្ឌិត៖ ជំងឺមហារីកប្រភេទភាគច្រើនមិនមានមូលហេតុពិតប្រាកដនោះទេ លើកលែងតែជំងឺមហារីកមាត់ស្បូន ក្រពះ ថ្លើមប្រភេទ B, C តែបើតាមការសិក្សាស្រាវជ្រាវបានរកឃើញនូវកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺមហារីក ក្នុងនោះក៏មានកត្តាតំណពូជ ឬហ្សែន ដែលផ្តល់ឲ្យកើតមហារីកបញ្ជូនពីមួយជំនាន់មួយទៅមួយជំនាន់ ដូចជាជីដូនជីតាបញ្ជូនមកម្តាយឪពុក រួចបញ្ជូនមកកូនតៗគ្នា។ មានន័យថា ម្តាយឪពុក ឬជីដូនជីតាមានជំងឺមហារីក នោះកូនចៅមានហានិភ័យប្រឈមនឹងជំងឺមហារីកដូចពួកគាត់ដែរ។
សំណួរទី២៖ ជំងឺមហារីកព្យាបាលជាអត់?
វេជ្ជបណ្ឌិត៖ តាមពិតទៅ ជំងឺមហារីកបើសិនជាយើងរកឃើញនៅដំណាក់កាលដំបូងៗ អាចនឹងព្យាបាលជាភាគរយខ្ពស់។ និយាយមែនទែនទៅ ជំងឺមហារីកដំណាក់កាលទី៤ ធ្ងន់ធ្ងរជាងគេ ប៉ុន្តែក៏មិនមានន័យថា អាចព្យាបាលបានទាំងអស់នោះទេ ដំណាក់កាលជារឿងមួយហើយ ប៉ុន្តែកត្តា និងលក្ខណៈជីវសាស្ត្ររបស់មេរោគមហារីកមួយៗរឹតតែសំខាន់ជាងដំណាក់កាលហ្នឹងទៅទៀត។ ជំងឺមហារីកមាត់ស្បូន មានឱកាសព្យាបាលបានច្រើនគួរសម មហារីកសុដន់ ការព្យាបាលជាច្រើនជាងជំងឺមហារីកមាត់ស្បូន សឹង៦០-៧០% មហារីកសួតព្យាបាលជាប្រមាណជា ១០%ប៉ុណ្ណោះ ព្រោះអីអ្នកជំងឺមកពេទ្យនៅដំណាក់កាលដែលហួសពេលព្យាបាលបាន ឯមហារីកក្រពះ-ពោះវៀនធំ អត្រាជាសះស្បើយ ប្រហែល៤០% ចំណែកជំងឺមហារីកថ្លើមអត្រាជាសះស្បើយអត់មានទាល់តែសោះ ការព្យាបាលគ្រាន់តែជាការព្យាបាលដើម្បីពន្យារជីវិត។
សំណួរទី៣៖ ជំងឺមហារីកប្រភេទណាកើតញឹកញាប់ជាងគេ?
វេជ្ជបណ្ឌិត៖ នៅស្រុកខ្មែរយើង ផ្អែកតាមស្ថិតិតាមមន្ទីរពេទ្យធំៗ យើងសង្កេតឃើញថា មហារីកដែលយើងជួបប្រទះច្រើនជាងគេ គឺជំងឺមហារីកមាត់ស្បូនលើស្ត្រី បន្ទាប់មកជំងឺមហារីកសុដន់ ទី៣គឺជំងឺមហារីកសួត ទី៤មហារីកក្រពះ-ពោះវៀនធំ ហើយទី៥គឺជំងឺមហារីកថ្លើម។
ចំណែកនៅលើពិភពលោក បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅឆ្នាំ២០០៨ ជំងឺមហារីកសួតឈរនៅលំដាប់ទី១ បន្ទាប់មានមហារីកសុដន់ មហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត មហារីកស្បែក និងមហារីកក្រពះ។
សំណួរទី៤៖ ក្មេងអាចកើតជំងឺមហារីកទេ?
វេជ្ជបណ្ឌិត៖ មិនមែនតែមនុស្សចាស់ទេ ក្មេងក៏អាចកើតជំងឺមហារីកដែរ ហើយវាអាចកើតលើក្មេងគ្រប់អាយុទាំងអស់។ ជំងឺមហារីកកុមារដែលកើតញឹកញាប់មានដូចជា ជំងឺមហារីកឈាមស្រួចស្រាវ មហារីកកូនកណ្តុរ មហារីកខួរក្បាល មហារីកប្រព័ន្ធប្រសាទ មហារីកតម្រងនោម
សំណួរទី៥៖ ធ្វើម៉េចដើម្បីការពារខ្លួនពីជំងឺមហារីក?
វេជ្ជបណ្ឌិត៖ ត្បិតមហារីកសាហាវ តែយើងម្នាក់ៗអាចបង្ការមិនឲ្យកើតជំងឺនេះបាន ដោយចាប់ផ្តើមពីទម្លាប់នៃការរស់នៅ ហូបចុក ដូចជាកុំជក់បារី ត្រូវញ៉ាំអាហារសុខភាព កុំញ៉ាំសាច់ ខ្លាញ់អាក្រក់ច្រើន ឬពពួកអាហារប្រៃ-ផ្អែមខ្លាំង ហាត់ប្រាណទៀងទាត់ ហោចណាស់៣០នាទី/ថ្ងៃ កុំញ៉ាំគ្រឿងស្រវឹងច្រើនពេក និងត្រូវចាក់វ៉ាក់សាំងការពារជំងឺមហារីកដែលមានវ៉ាក់សាំង ដូចជាវ៉ាក់សាំងមហារីកមាត់ស្បូន និងរលាកថ្លើមប្រភេទ B។
ហេតុអ្វីលោកអ្នកគួរគិតគូរអំពី អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ?